ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយម្នាក់ជិះកង់ឆ្លងផ្លូវត្រូវម៉ូតូបុកដួលរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ លោកយាយម្នាក់ជិះកង់ឆ្លងផ្លូវជាតិលេខ១១០ ដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យម៉ូតូបើកបុកពេញមួយទំហឹងដួលរងរបួសធ្ងន់ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១១០ ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ ជឹម ស៊ីវឡាំង អាយុ៧៧ឆ្នាំ មានទីលំនៅសង្កាត់ច្បាអំពៅ រាជធានីភ្នំពេញ ។ ចំណែកឯម៉ូតូម៉ាកហុងដាគុបមូល ធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1AQ-5721 បើកបរដោយឈ្មោះ ទៀត លីណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញ-លក់ស្វាយ មានទីលំនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្ដកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុលោកយាយរងគ្រោះជិះកង់តាមបណ្ដោយផ្លូវជាតិលេខ១១០ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះដល់ចំណុចកើតហេតុលោកយាយរងគ្រោះបានជិះកង់ឆ្លងផ្លូវពីលិចទៅកើត ស្របពេលនោះម៉ូតូដឹកស្វាយបើកមកដល់គេចមិនទាន់ជាន់ហ្រ្វាំងមិនជាប់ក៏បុកលោកយាយរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពីមានហេតុការណ៍កើតឡើង លោកយាយរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

IMG_1456 IMG_1451 IMG_1452 IMG_1453 IMG_1454 IMG_1455


ចែករំលែក៖