ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសភាអឺរ៉ុបបញ្ជាក់ថាសង្គ្រាមប្រឆំាងភេរវកម្មមិនអាចខ្វះរុស្ស៊ីឡើយ

ចែករំលែក៖

ប្រធានគណៈកម្មាធិការសភាអឺរ៉ុបលោក Pedro Agramunt បានប្រកាសថា មិនអាចប្រឆាំងក្រុមភេរវកម្មដោយគ្មាន រុស្ស៊ីចូលរួមនោះឡើយ។

មានប្រសាសន៍នៅក្នុងវេទិកាអន្តរជាតិនៅទីក្រុងមូស្គូប្រទេសរុស្ស៊ី លោក Agramunt បញ្ជាក់ថា « មិនអាចម្នាក់ឯងប្រយុទ្ធ ប្រឆាំងភេរវកម្មនោះឡើយ ដូច្នេះយើងចាំបាច់ត្រូវតែសហការដើម្បីវាយប្រហារ»។

ការប្រកាសរបស់លោក Pedro Agramunt កើតឡើងក្រោយពេលដែលរុស្ស៊ីទទួល បានជោគជ័យនៅក្នុងសង្គ្រាមវាយប្រហារលើក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី ជួយ ឲ្យទាហានរដ្ឋាភិបាលស៊ីរីដណ្តើមបាន ទីតាំងជាច្រើនពីក្រុម IS មកគ្រប់គ្រងវិញ ក្នុងនោះមានទីក្រុងអាឡែបប៉ូជាដើម។

តំបន់អឺរ៉ុប គឺជាគោលដៅនៃការវាយ ប្រហារភេរវកម្មក្រោយពេលក្រុមភេរវកម្មជាច្រើនបានចូលដល់អឺរ៉ុប។ ប៉ុន្តែកម្លាំង ទាហាន កម្លាំងសន្តិសុខអឺរ៉ុបមិនអាច រារាំងការវាយប្រហារបានឡើយ។

នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវ កម្ម អឺរ៉ុបភាគច្រើនពឹងផ្អែកទៅលើកម្លាំងណាតូស្ទើរតែទាំងស្រុងក្នុងការការពារ សន្តិសុខ។ ណាតូគឺជាស្ថាប័នស្ថិតនៅក្រោមឥទ្ធិពលរបស់អាមេរិក។ ទាំងនោះហើយអាចធ្វើឲ្យអឺរ៉ុបប្រឈមនូវបញ្ហា គ្រោះថ្នាក់បើមានសង្រ្គាមកើតឡើង អឺរ៉ុបមិនអាចការពារខ្លួនឯងបានឡើយចំណែកណាតូរវល់តែសង្គ្រាមនៅខាងក្រៅ។

ចំណុចទាំងនោះហើយបានជាប្រធាន គណៈកម្មការអឺរ៉ុប លោក ហ្សង់ក្លូត យ៉ុងកឺ បានបង្ហាញនូវគោលបំណងចង់ឲ្យមាន កងទ័ពការពាររួមមួយនៅអឺរ៉ុប។ លោក យ៉ុងកឺ បានគូសបញ្ជាក់ពីអាទិភាពនៃការការពារសុវត្ថិភាពសន្តិសុខ ដែលអឺរ៉ុបត្រូវ ទទួលខុសត្រូវទាំងអស់គ្នា។ កាលពីថ្ងៃ អង្គារ ប្រធានាធិបតីបារាំងក៏បានគាំទ្រ ឲ្យមានការពង្រឹងសន្តិសុខ និងផ្នែកយោ ធានៅអឺរ៉ុបផងដែរ។ លោក ហ្សង់ក្លូត យ៉ុងកឺ បានលើកឡើងនៅចំពោះមុខសភាអឺរ៉ុបកាលពី ថ្ងៃពុធកន្លងទៅនូវបំណងចង់ឲ្យអឺរ៉ុបមានកងទ័ពរួមគ្នាមួយឡើង។ លោក យ៉ុងកឺ ចង់ឲ្យអឺរ៉ុបមានធនធានយោធារួមគ្នា។ កង្វះកិច្ចសហប្រតិបត្តិការ យោធារួមគ្នារបស់អឺរ៉ុបក្នុងការការពារ សុវត្ថិភាពសន្តិសុខ ធ្វើឲ្យអឺរ៉ុបខាតបង់ ថវិកាពី ២០ពាន់លានអឺរ៉ូ ទៅ១០០ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ។ យោងតាមប្រធាន គណៈកម្មការអឺរ៉ុប ការដែលសហភាពអឺរ៉ុប មានធនធានយោធារួមក៏អាចជាលក្ខណៈបំពេញគ្នាទៅវិញទៅមកជាមួយអង្គការ អូតង់ដែរ។

កាលពីថ្ងៃពុធកន្លងទៅ លោក យ៉ុងកឺ ក៏បានបង្ហាញការគាំទ្រសកម្មភាពរបស់គណៈកម្មការអឺរ៉ុបប៉ុន្មានខែចុងក្រោយនេះ ក្នុងការការពារព្រំដែនខាងក្រៅអឺរ៉ុប ដែលកំពុងរងបញ្ហាលំហូរចូលនៃជនភៀសខ្លួន។ លោកបានសន្យាពង្រាយកងការពារព្រំ ដែននៅក្រៅព្រំដែនប្រទេស ប៊ុលហ្គារី យ៉ាងហោច២០០នាក់ ចាប់ពីខែតុលា ក្រោយនេះទៅ។

ដោយឡែក ប្រធានគណៈកម្មការអឺរ៉ុបបានឆ្លៀតស្នើឲ្យមានការពង្រឹងទីភ្នាក់ងារ អឺរ៉ុបប៉ូល ដែលជាប៉ូលិសផ្នែកឧក្រិដ្ឋអន្តរ រដ្ឋាភិបាល៕ ម៉ែវ សាធី

លោក Pedro Agramunt

លោក Pedro Agramunt


ចែករំលែក៖