ភ្នំពេញ ៖ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា លោក អាណូ ដាក (Arnaud Darc) បានគូសបញ្ជាក់ថា ប្រទេសអុីតាលីនឹងបើកដំណើរការសភាពាណិជ្ជកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានាកំឡុងពាក់ កណ្តាលឆ្នាំនេះដែលមានក្រុមហ៊ុនសរុបជាង៤០ ហើយនឹងក្លាយជាផ្នែកមួយនៃ សភាពាណិជ្ជកម្មអឺរ៉ុប (EU Cham) ដោយ សារតែអុីតាលីពុំទាន់មានស្ថានទូតនៅ កម្ពុជាឡើយ ។
ការថ្លែងរបស់លោកបែបនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្មកាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីស្នើសុំធ្វើវិសោធនកម្មលើសេចក្តីព្រាង អនុស្សរណៈចំនួន៤សំដៅពង្រឹងទំនាក់ ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានឹង សភាពអឺរ៉ុប ។
លោក អាណូ ដាក បានបន្ថែមទៀតថា វត្តមានសភាពាណិជ្ជកម្មអុីតាលីនឹងជួយ ជំរុញកំណើនវិនិយោគនៅក្នុងប្រទេស កម្ពុជានិងបង្កើតឲ្យមានឱកាសការងារថ្មីៗសម្រាប់ប្រជាជន។ លោកថ្លែងថា «ឥឡូវ នេះយើងបានត្រៀមខ្លួនរួចរាល់ដើម្បីជួយគាំទ្របច្ចេកទេសដល់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយពីនីតិវិធីប្រើប្រាស់ប្រព័ន្ធ ស្វ័យប្រវត្តិកម្មនិងផលិតផលដែលមាន សក្តានុពលរបស់កម្ពុជាជូនដល់វិនិយោគិន អឺរ៉ុបនៅក្នុងប្រទេសថៃ និងប្រទេស បារាំង» ។
លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរ គុណដល់លោកប្រធាន EU Cham ដែលបានប្រឹងប្រែងកៀងគរវិនិយោគិនពីប្រទេស អឺរ៉ុបឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា ហើយលោកឯកភាពតាម សំណើរបស់ EU Cham ដើម្បីធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃសេចក្តីព្រាង អនុស្សរណៈចំនួន៤ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងEU Cham នឹងក្រសួងពាណិជ្ជកម្ម។ លើសពីនេះលោក រដ្ឋមន្ត្រីក៏បានស្នើឲ្យមានការរៀបចំក្រុម ការងារមន្ត្រីបង្គោល និងរបៀបវារៈនៃកិច្ចប្រជុំទ្វេភាគីឡើងវិញដើម្បីពន្លឿនដល់ការបញ្ចប់កិច្ចការនេះសម្រាប់ភាគីទាំង២ចុះហត្ថលេខានៅក្នុងខែមីនា ឆ្នាំ២០១៧ ៕ ហេង សូរិយា