នៅថ្ងៃទី១៦ ខែមករា យន្តហោះដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុន Turkish Airlinesបានធ្លាក់នៅជិតអាកាសយានដ្ឋាន Manas ប្រទេស Kyrgyzstan បណ្តាលឲ្យមនុស្សស្លាប់ ៣២នាក់ ក្នុងនោះមានក្រុមអាកាសយានិក៤នាក់ ។ អ្នកស្លាប់ភាគច្រើនជាពលរដ្ឋនៅលើដី។
យន្តហោះខាងលើ បានធ្លាក់បុកផ្ទុះពលរដ្ឋ ស្ថិតនៅក្នុងទីប្រជុំជន ដោយសារតែអាកាសធាតុអាក្រក់ចុះអ័ព្ទ ។ តាមការប្រកាសរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្ន ប្រទេស Kyrgyzstan បានឲ្យដឹងថា ភាគច្រើនអ្នកស្លាប់គឺជាពលរដ្ឋស្ថិតនៅក្នុងភូមិ Dacha Suu ដែលយន្តហោះធ្លាក់ចំ ។ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនោះផ្ទះអ្នកភូមិដល់ទៅ១៥ខ្នង រងការបំផ្លាញ។ នៅពេលនេះ អាកាសយានដ្ឋាន Manasត្រូវបិទទ្វារជាបណ្តោះអាសន្ន រហូតដល់យប់ ។
សូមបញ្ជាក់ថា យន្តហោះដឹកទំនិញខាងលើហោះហើរចេញពីកោះហុងកុង ហើយបានធ្លាក់នៅជិតទីក្រុង Bishkek សាធារណរដ្ឋ Kyrgyzstan នាព្រឹកថ្ងៃទី ១៦ ខែមករា ។ យន្តហោះដឹកទំនិញខាងលើជារបស់ក្រុមហ៊ុន ប្រទេសទួរគី បានធ្លាក់ដោយសារអាកាសធាតុអាក្រក់៕ ម៉ែវ សាធី