ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម M កញ្ញា ខេលី បានបានធ្វើឲ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំស្នាដៃបទចម្រៀងថ្មីរបស់នាង។ នៅពីក្រោយការស្ងប់ស្ងាត់នេះ ព្រោះតែនាងបានចេញទៅច្រៀងនៅប្រទេសបារាំង និងកាណាដាអស់ពេលជាច្រើនខែមកហើយជាមួយនឹងជោគជ័យជាខ្លាំង។
ថ្លែងមកបញ្ជាក់ពីប្រទេសកាណាដា តារាច្រៀងស្រស់សោភារូបនេះលើកឡើងថា នាងបានធ្វើដំណើរមកច្រៀងរាំនៅលើទឹកដីនៃប្រទេសបារាំងចាប់តាំងពីខែកញ្ញា មកម្ល៉េះ និងបន្តចេញទៅច្រៀងនៅប្រទេសកាណាដានៅអំឡុងខែវិច្ឆិកា និងធ្នូ ឆ្នាំ២០១៦ ជាមួយនឹងតារាចម្រៀង មុត ឧត្តម និងកញាទេពី។
ខេលី បញ្ជាក់ថារយៈពេល៤ខែ នៃការច្រៀងរាំនេះ ទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែររស់នៅប្រទេសបារាំងនិងកាណាដា លើសការរំពឹងទុក។
តារាចម្រៀងវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ដែរថា ការចេញដំណើរមកច្រៀងរាំជាមួយនឹងសកម្មភាពមនុស្សធម៌នៅលើទឹកដីនៃតំបន់អ៊ឺរ៉ុបនេះគឺជាបំណងប្រាថ្នារបស់នាងជាយូរមកហើយបន្ទាប់ពីនាងបានចេញទៅច្រៀងនៅប្រទេសអូស្ត្រាលី៥លើក និងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៥។
នាងបញ្ជាក់ដែរថា ពិតជាភ្ញាក់ផ្អើលជាមួយនឹងការគាំទ្រស្រលាញ់រាប់អានរបស់ប្រជាជនខ្មែរស់នៅប្រទេសទាំងនេះ។ នាងបញ្ជាក់ដែរថាការបែកពីទស្សនិកជនក្នុងស្រុករយៈពេលជាង៤ខែនេះនាងពិតជាមានក្តីនឹករលឹក ហើយនាងនឹងបង្ហាញវត្តមានជាថ្មីលើឆាកតន្ត្រីនៅក្នុងស្រុកក្រោយពីនាងមកដល់កម្ពុជានៅថ្ងៃទី១៩ខែមករាខាងមុខនេះ។
ម្ចាស់បទ«ប្រវត្តិបងបែបណាសង្សាថ្មីបងដឹងអត់»រូបនេះ លើកឡើងដែរថា ផលិតកម្មបានត្រៀមរួចជាស្រេចនូវបទចម្រៀងមិនតិចជាង១០បទទេដើម្បីស្វាគមន៍នាងត្រឡប់ទៅវិញ ជាមួយនឹងគម្រោងចូលរួមក្នុងកម្មវិធីប្រគុំតន្ត្រីជាច្រើនទៀតផងដែរ។
តារាចម្រៀង ខេលី បានថ្លែងថា នេះគឺជាជោគជ័យមួយថ្មីសម្រាប់នាងក្រោយពីប្រឡូកក្នុងអាជីពសិល្បៈប្រមាណ៤ឆ្នាំមកនេះ ហើយនាងពិតជាអរគុណចំពោះចាងហ្វាងផលិតកម្ម M អ្នកផលិតកម្មវិធីទាំងក្នុងនិងក្រៅស្រុកដែលផ្តល់ឱកាសសម្រាប់នាងក៏ដូចជាទឹកចិត្តអាណិតស្រលាញ់របស់ប្រជាជនខ្មែរគ្រប់រូបមកលើរូបនាង។ អ្វីដែលពិសេសនាងថ្លែងអំណរគុណតារាចម្រៀង មុត ឧត្តមដែលជាអ្នកជួយសម្របសម្រួលកម្មវិធីចេញមកច្រៀងនៅក្រៅប្រទេសជាមួយនឹងគម្រោងស្វែងរកថវិកាជួយដល់ជនក្រីក្រ និងក្មេងកំព្រានៅកម្ពុជាផងដែរ ហើយនាងរំពឹងដែរថា ក្នុងឆ្នាំបន្ទាប់នាងនឹងទទួលបានឱកាសក្នុងការចេញទៅសម្តែងក្រៅស្រុកជាថ្មីផងដែរ៕ វឌ្ឍនា