គម្លាតអ្នកមាននិងអ្នកក្រនៅលើពិភពលោកបានបង្ហាញពិការបរាជ័យរបស់ពិភព លោកទាំងមូលក្នុងការកាត់បន្ថយភាពក្រីក្រ ទោះបីពិភពលោកទាំងមូលបានខិតខំកាត់បន្ថយភាពក្រីក្រ តែមិនបានសម្រេចគោល ដៅនោះឡើយ។
តាមរបាយការណ៍របស់អង្គការ Oxfam ចេញផ្សាយថា មនុស្សប្រមាណតែ៦២នាក់ ប៉ុណ្ណោះ នៅលើផែនដីមានទ្រព្យសម្បត្តិស្មើនឹងមនុស្សដែលក្រីក្របំផុតដែលមានសរុប៣.៥០០លាននាក់។ ទាំងនោះជា គម្លាតយ៉ាងធំរវាងអ្នកមាននឹងអ្នកក្រនៅលើពិភពលោក។
តួលេខនេះបង្ហាញថា វិបត្តិសេដ្ឋកិច្ច សកលបានបង្កើតវិសមភាពគម្លាតរវាងអ្នកមាននឹងអ្នកក្រក៏ពិតមែនហើយ ប៉ុន្តែវាមិន បានប៉ះពាល់ទាល់សោះក្រុមអ្នកដែលមានគ្រាក់ៗផ្ទុយទៅវិញ គឺមានតែជួយចម្រើនក្រុមមនុស្សទាំងនោះទៅវិញ។ សម្រាប់ អង្គការ Oxfam ដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងអយុត្តិធម៌ក្នុង ពិភពលោកឲ្យដឹងថា ក្រុមអ្នកមានតែមួយក្រុមនោះបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនដោយ សារវិធីសាស្រ្តលួចគេចមិនបង់ពន្ធរដ្ឋ។ ជាក់ស្តែងគេរកឃើញមានលុយគេចពន្ធ ប្រមាណ៧.៦០០ពាន់លានដុល្លារដែល គេលួចដាក់ទុកនៅធនាគារបរទេស។
របាយការណ៍របស់អង្គការ Oxfam បានធ្វើឲ្យគេរន្ធត់នឹកស្មានមិនដល់ ប៉ុន្តែ វាជាតួលេខដែលមានពិតប្រាកដ និងដែល កំពុងកើតមាននៅក្នុងពិភពលោកសព្វថ្ងៃ នេះ។ តាមអង្គការ Oxfam ក្នុងរយៈពេល តែ១៥ឆ្នាំទ្រព្យសម្បត្តិរបស់មនុស្សពាក់ កណ្តាលផែនដី ដែលរស់នៅក្នុងភាពក្រីក្រ បានថយចុះប្រមាណ១ពាន់លានដុល្លារ ប៉ុន្តែនៅក្នុងពេលដដែលនោះទ្រព្យសម្បត្តិរបស់មហាសេដ្ឋី៦២នាក់ដែលមានលុយច្រើនជាងគេក្នុងលោកបានកើនឡើង ទៅវិញប្រមាណ៥០០ពាន់លានដុល្លារ។
តាម Oxfam មធ្យោបាយសំខាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃវិសមភាពគឺការទប់ស្កាត់ការលួចគេចពន្ធដែលតាមពិតជាដើមហេតុមួយធ្វើឲ្យរដ្ឋបាត់បង់ចំណូលជាតិដែលគេអាចយកទៅប្រើដើម្បី វិនិយោគក្នុងវិស័យអប់រំ និងសុខភាពសម្រាប់ ប្រជាជនក្រីក្រ។ មួយវិញទៀតការណ៍ដែល អង្គការ Oxfam ចេញផ្សាយរបាយកាណ៍ នៅទីក្រុងដាវ៉ូស ប្រទេសស្វុីស ដែលត្រូវបើកវេទិកាសេដ្ឋកិច្ចពិភពលោកពីថ្ងៃពុធទី ២០ដល់ថ្ងៃសៅរ៍ ទី២៣ ខែមករា គឺមិន មែនជារឿងចៃដន្យនោះឡើយ៕ ម៉េវ សាធី