ព័ត៌មានទាន់ហេតុការណ៍៖

ទាហានស៊ីរីបានរឹបអូសឃ្លាំងអាវុធទ្រង់ទ្រាយធំនៅជាយក្រុងដាម៉ាកាស

ចែករំលែក៖

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កម្លាំងទាហានស៊ីរីបានរឹបអូសអាវុធមួយ ចំនួនធំនៅក្នុងតំបន់ Barzeh ជាយក្រុង ដាម៉ាកាស។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមចារកម្មបានឲ្យដឹងថា បានរកឃើញ ឃ្លាំងអាវុធនិង អាវុធមួយចំនួនធំក្នុងនោះមានកាំជ្រួចមីស៊ីល RPG-29 និងកាំជ្រួច មីស៊ីលប្រឆាំងរថក្រោះ TOW ផលិត ដោយអាមេរិក ហើយផ្តល់ទៅឲ្យក្រុម អ៊ិស្លាម « Jaysh al Islam» ដោយអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត។

ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំង ទាហានក្រុមប្រឆាំងបានប្រើប្រាស់អាវុធទាំងនោះដើម្បីប្រឆាំងទៅនឹងទាហានរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងប្រទេសស៊ីរីនោះដែរសារព័ត៌មាន BBC បានផ្សាយ ថា កិច្ចប្រជុំស្វែងរកសន្តិភាពជាលើកដំបូងមួយត្រូវបានចាប់ផ្តើមធ្វើឡើងហើយនៅ ថ្ងៃនេះក្នុងគោលបំណងស្វែងរកដំណោះស្រាយជម្លោះដែលមាននៅក្នុងប្រទេសស៊ីរី នៅឯទីក្រុង Astana ប្រទេសកាហ្សាក់ ស្ថាន។

កិច្ចប្រជុំដែលផ្តួចផ្តើមគំនិតឡើងដោយ រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី និងអុីរ៉ង់ ដែលជាអ្នកគាំទ្រពីក្រោយភាគីក្រុមកម្លាំង យោធារដ្ឋាភិបាលស៊ីរី និងប្រទេសទួរគីជាអ្នកគាំទ្រពីក្រោយក្រុមប្រឆាំងហើយវាត្រូវបានគេមើលឃើញគឺជាកិច្ចប្រជុំដំបូងបង្អស់ ដែលត្រូវបានធ្វើឡើងនៅក្រោយពេល ដែលកិច្ចប្រជុំបានរៀបចំឡើងដោយ យូអិនក្នុងទីក្រុង Geneva ត្រូវបានផ្អាក ទៅវិញកាលពីដើមឆ្នាំ។

ភាគីសំខាន់នៃក្រុមបះបោរត្រូវបានគេសង្កេតឃើញមានវត្តមាននៅក្នុងកិច្ចប្រជុំ ប៉ុន្តែលើកលែងតែក្រុមជ្រុលនិយមរដ្ឋ អ៊ិស្លាម IS ប៉ុណ្ណោះ ដែលពុំត្រូវបានឃើញ ចូលរួម។

សង្គ្រាមដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសស៊ីរីដែល បានអូសបន្លាយអស់រយៈពេលជាង៦ឆ្នាំ និងត្រូវបានគេជឿជាក់ថា មានចំនួនអ្នក បាត់បង់ជីវិតរហូតទៅដល់ជាង៣០ម៉ឺន នាក់ ហើយមនុស្សជាង១១លាននាក់ត្រូវ បង្ខំចិត្តផ្លាស់ប្តូរទីលំនៅរបស់ខ្លួន។

នៅពេលដែលសន្តិភាពនៅស៊ីរីកើត មានឡើង អ្វីគ្រប់យ៉ាងនៅទីនោះត្រូវបំផ្លាញចោលទាំងស្រុងក្នុងនោះមានទីក្រុងបុរាណ Palmyre ដែលជាបេតិកភណ្ឌប្រវត្តិសាស្ត្រពិភពលោក។ កន្លងមកអង្គការយូណេស្កូ បានបរិហារ និងចាត់ទុកទង្វើក្រុមរដ្ឋអ៊ិស្លាមថាជាបទឧក្រិដ្ឋសង្គ្រាម។ ទាក់ទងនឹង សង្គ្រាមស៊ីរី ទួរគីបានទទួលស្គាល់ជាលើកទី១ពីសារសំខាន់របស់លោក អាសាដ ក្នុងការចូលរួមដោះស្រាយជម្លោះស៊ីរី។

យោងតាមរូបភាពផ្កាយរណបថ្មីៗនេះក្រុមជីហាដរដ្ឋអ៊ិស្លាមបានបំផ្លាញទីតាំងជាច្រើន ពិសេសសំណង់ប្រវត្តិសាស្ត្រតេ ត្រាពីល Tétrapyle ក្នុងក្រុងបុរាណ មួយនេះ។ តេត្រាពីលត្រូវបានសាងសង់ ឡើងនៅចុងសតវត្សទី៣ ជាសតវត្សស្ថិតក្រោមការគ្រប់គ្រងដ៏ត្រចះត្រចង់របស់ស្តេច ស្រី ហ្សេណូប៊ី ជំនាន់នោះ។

ទីក្រុងបុរាណ Palmyre មានអាយុកាល ជាង២.០០០ឆ្នាំមកហើយ ត្រូវបានអង្គការយូណេស្កូចាត់ទុកជាបេតិកភណ្ឌមនុស្សជាតិពិភពលោក។ ក្រុមជីហាដរដ្ឋអ៊ិស្លាមបានកាន់កាប់ក្រុងនេះ កាលពីខែឧសភា ឆ្នាំ២០១៥ និងបានបំផ្លាញទីតាំងជាច្រើននៅទីនោះ។ កងទ័ពស៊ីរីក្រោមជំនួយរបស់ រុស្ស៊ីបានវាយយកក្រុង Palmyre បានវិញ នៅខែមីនាឆ្នាំ២០១៦។ ប៉ុន្តែខែធ្នូមុននេះ ក្រុមជីហាដបានវាយយកបានក្រុងនេះ បានមកវិញដដែល។ ចន្លោះថ្ងៃទី២៦ ខែធ្នូខែមុន ដល់ថ្ងៃ១០មករាដើមឆ្នាំនេះ ក្រុមភេរវជនបានធ្វើសកម្មភាពបំផ្លាញបេតិកភណ្ឌនៅទីនោះថែមទៀត។

សម្រាប់យូណេស្កូបេតិកភណ្ឌប្រវត្តិសាស្ត្ររងការបំផ្លាញគឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជនស៊ីរីនិងមនុស្សជាតិទាំងមូល។ ប្រធានសារមន្ទីរស៊ីរីមិនយល់ សោះថា ហេតុអ្វីបានជាគ្រប់ភាគីជម្លោះស៊ីរី ដែលឈ្លោះគ្នាខាងនយោបាយបែរជាមិនលើកលែងដល់បេតិកភណ្ឌវប្បធម៌ទៅវិញ។

ក្នុងសមរភូមិភាគកណ្តាលស៊ីរីនៅមិនឆ្ងាយពីក្រុងបុរាណស៊ីរីការប្រយុទ្ធគ្នាបានបន្តជាថ្មី។ ក្រុមជីហាដរដ្ឋអ៊ិស្លាមបានបន្តសម្រុកទៅអាកាសយានដ្ឋានយោធាថៃហ្វួ៊ ដើម្បីទប់ស្កាត់មិនឲ្យកងទ័ពស៊ីរីអាចចូលទៅដល់ផ្លូវដែលភ្ជាប់ក្រុងបុរាណ Palmyre ទៅក្រុងហូម។ កាលពីថ្ងៃព្រហស្បតិ៍ការប្រយុទ្ធនៅជិតអាកាសយានដ្ឋានយោធា មួយនេះបានសម្លាប់មនុស្សសកម្មជន ជីហាដ១៨នាក់ និងខាងកងកម្លាំងគាំទ្រ រដ្ឋាភិបាលស៊ីរី១២នាក់។ នៅអាឡិប វិញ ការវាយប្រហារផ្លូវអាកាសកាលពីថ្ងៃព្រហស្បតិ៍បានសម្លាប់សកម្មជនជីហាដប្រមាណ៤០នាក់មកពីក្រុមហ្វាតិអាល់ ឆាំ។ ហ្វាតិ អាល់ ឆាំ គឺជាក្រុមប្រជែងនឹងក្រុមរដ្ឋអ៊ិស្លាម៕ ម៉ែវ សាធី

sase


ចែករំលែក៖