អង្គការសុខភាពសត្វពិភពលោក OIE បានប្រកាសឲ្យដឹងថា ប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុបកំពុងតែឆ្លងរាលដាលនៃវីរុសគ្រុនផ្តាសាយបក្សី។ ការឆ្លងរាលដាល នៃវីរុស H5N8 បានប៉ះពាល់យ៉ាងខ្លាំង ដល់កសិដ្ឋានចិញ្ចឹមសត្វនៅអឺរ៉ុប។
តាមរបាយការណ៍របស់ OIE បញ្ជាក់ ថា ប្រទេសនៅក្នុងតំបន់អឺរ៉ុបដូចជាអាល្លឺ ម៉ង់ អូទ្រីស ក្រូអាត ស្វុីស និងទួរគីជាដើមបានឆ្លងរាលដាលនៃវីរុសប្រភេទនេះ។ ចំណែកនៅក្នុងប្រទេសបារាំងវិញរដ្ឋមន្ត្រីក្រសួងកសិកម្មបារាំងបានបញ្ជាក់ថាវីរុស H5N8 ត្រូវបានរកឃើញនៅលើប្រភេទ សត្វព្រៃនៅប្រទេសហុងគ្រី ប៉ូឡូញ អាល្លឺ ម៉ង់ ក្រូអាត ហុល្លង់ និងដាណឺម៉ាក។
ប្រទេសមួយចំនួនបានចាត់វិធានការជា បន្ទាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសខាងលើដោយសម្លាប់សត្វនៅក្នុងតំបន់ណាដែលមានវីរុសឆ្លងរាលដាល។ អាជ្ញាធរអុីតាលីកាលពីថ្ងៃចន្ទកន្លងទៅបាន បញ្ជាឲ្យសម្លាប់មាន់ទួរគីប្រមាណ២០.០០០ ក្បាលបន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សី H5N8 នៅភាគឦសានប្រទេសអុីតាលី។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ។
ការផ្ទុះជំងឺនេះត្រូវបានរកឃើញនៅក្នុង កសិដ្ឋានដែលមានទីតាំងជាយក្រុង Mira ខេត្ត Venice កាលពីថ្ងៃសៅរ៍។ នេះបើតាមក្រុមត្រួតពិនិត្យជំងឺឆ្លងប្រចាំតំបន់ Veneto បានឲ្យដឹងដូច្នេះ។
អាជ្ញាធរសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃចន្ទថា កសិដ្ឋានត្រូវបានឡោមព័ទ្ធ ដើម្បីការពារការឆ្លងរាលដាលជំងឺ ហើយ វត្តមាននៃវីរុស H5N8 ជាមេរោគបង្កជំងឺ ខ្លាំងក្លា និងគ្រោះថ្នាក់បំផុត។
សត្វមាន់ទួរគីសរុបនៅក្នុងកសិដ្ឋាននោះមានចំនួន២០.៥០០ក្បាល ហើយ មាន់ប្រមាណ៦.០០០ក្បាលមានមេរោគ ឆ្លង និងមាន់ប្រមាណ៦០០ក្បាលបាន ងាប់ដោយសារវីរុសនោះ។ នេះបើតាមអាជ្ញាធរសុខាភិបាលផ្នែកសុវត្ថិភាពចំណី អាហារ និងសុខភាពសត្វ (Izsv) បាន បញ្ជាក់យ៉ាងដូច្នេះ ៕ ម៉ែវ សាធី