ព័ត៌មានទាន់ហេតុការណ៍៖

លោក បាន គីមូន នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង

ចែករំលែក៖

ក្រោយពេលបញ្ចប់អាណត្តិជាអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីដើម ឆ្នាំ២០១៧ លោក បាន គីមូន បានវិល ត្រឡប់ទៅកាន់ស្រុកកំណើតវិញដោយលោកមានសកម្មភាពជាច្រើននៅក្នុងសង្គម កូរ៉េខាងត្បូង។ ទាំងនោះជាសញ្ញាមួយ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តថ្លើម ប្រជាពលរដ្ឋកូរ៉េខាងត្បូង។

នៅពេលនេះអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន មិនទាន់ ប្រកាសថា នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីទេដោយសារតែលោកមានវ័យកាន់ តែចាស់សុខភាពមិនអំណោយផស។

បច្ចុប្បន្នលោក បាន គីមូន អាយុ៧២ឆ្នាំ ទើបនឹងបញ្ចប់ភារកិច្ចដឹកនាំអង្គការសហប្រជាជាតិកាលពីចុងឆ្នាំ២០១៦កន្លងទៅ។ បទពិសោធន៍ដឹកនាំអង្គការសហប្រជាជាតិ ១០ឆ្នាំធ្វើឲ្យលោកមានលក្ខណសម្បត្តិល្អ ក្នុងនាមជាអ្នកដឹកនាំដើម្បីដាក់បេក្ខភាពជាបេក្ខជនប្រធានាធិបតីនៅកូរ៉េខាងត្បូង។ ពិសេសបើលោកចូលទៅគណបក្សអភិរក្ស កាន់អំណាចទៀតនោះលក្ខណសម្បត្តិរបស់ លោកអាចនឹងលើកស្ទួយមុខមាត់បក្សកាន់ អំណាចឡើងវិញ។

បក្សអភិរក្សកូរ៉េខាងត្បូងសព្វថ្ងៃកំពុង រងរឿងអាស្រូវទាក់ទងនឹងការដកហូត តំណែងលោកស្រី ផាក គឿនហេ។ បើ តុលាការធម្មនុញ្ញសម្រេចទម្លាក់លោកស្រី ផាក គឿនហេ ពីអំណាច ដូចសភាបាន អនុម័តនោះកូរ៉េខាងត្បូងនឹងរៀបចំការបោះ ឆ្នោតប្រធានាធិបតីមុនអាណត្តិ។ ត្បិតថា លោក បាន គីមូន មិនទាន់ប្រកាសបេក្ខ ភាពនៅឡើយក្តី តែគេមើលឃើញថា លោក ប្រហែលមិនចូលនិវត្តន៍ការងារទេ។ លោក កំពុងតែចង់ធ្វើជាមេដឹកនាំនៅកូរ៉េខាងត្បូង ទៅវិញទេ ព្រោះថាក្រោយពេលត្រលប់ ចូលទឹកដីកំណើតវិញជាង១០ថ្ងៃមកនេះ អតីតអគ្គលេខាធិការអង្គការសហប្រជា ជាតិរូបនេះបានធ្វើដំណើរទៅយកចិត្តយកថ្លើមប្រជាជនស្ទើរតែគ្រប់ទិសទី។ បែប យ៉ាងលោកបញ្ចុកបាយមនុស្សចាស់គោរព វិញ្ញាណក្ខន្ធប្រធានាធិបតីមុនៗ ឬក៏ទៅ ទស្សនកិច្ចតាមបក្សនយោបាយផ្សេងៗជាដើម។

ទោះមានបុគ្គលិកលក្ខណៈល្អក៏លោក បាន គីមូន នៅតែចៀសមិនផុតពីរឿង អាស្រូវឬការរិះគន់ផ្សេងៗក្នុងស្រុក។ ថ្មីៗនេះទស្សនាវដ្តីមួយបានចុះផ្សាយបរិហារថា លោកបានទទួលសំណូកជាលុយសុទ្ធ រាប់សែនដុល្លារពេលលោកនៅកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសក្នុងឆ្នាំ២០០៥ ហើយ លោកក៏ធ្លាប់ពាក់ព័ន្ធជាមួយមេក្រុមហ៊ុន មួយរូបដែលជាប់ពាក់ព័ន្ធរឿងពុករលួយ ក្នុងស្រុកដែរ។ រីឯបក្សប្រឆាំងវិញ ក៏រិះគន់ ថា លោកលម្អៀងទៅរកអាមេរិក។ លោក បាន គីមូន រងការរិះគន់ថា ហ៊ានគាំទ្រកិច្ច ព្រមព្រៀងជប៉ុន-កូរ៉េខាងត្បូងទាក់ទងនឹងស្ត្រីកូរ៉េដែលគេបង្ខំឲ្យបម្រើផ្លូវភេទរបស់ ទាហានជប៉ុនក្នុងសម័យសង្គ្រាមលោក៕ ម៉ែវ សាធី

ban


ចែករំលែក៖