ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាចលោកត្រាំ ប្រើប្រាស់បរមាណូ សភាអាមេរិកនឹងចេញច្បាប់ហាមប្រាម

ចែករំលែក៖

 
នៅពេលដែលលោកត្រាំ កាន់កាប វាល្លីសបរមាណូ ដែលជាកុងតាក់ អាចបញ្ជាការវាយប្រហារបរមាណូបានគ្រប់ពេលវេលា គ្រប់ទីកន្លែង គឺជាក្តីព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់អ្នកនយោបាយអាមេរិក។ ទាំងនោះហើយបានជម្រុញឲ្យសភាអាមេរិកចេញច្បាប់ កាត់បន្ថយការប្រើប្រាស់បរមាណូ ដើម្បីបញ្ចៀសសង្គ្រាមបរមាណូ ដែលអាចកើតឡើងជាយថាហេតុជាមួយប្រទេសមហាអំណាចបរមាណូដូចគ្នា ។

នៅក្នុងគម្រោងច្បាប់នោះ លោកត្រាំ មិនអាច ប្រើប្រាស់បរមាណូវាយប្រហារ ដោយខ្លួនឯងឡើយ គឺត្រូវតែទទួលបានការអនុញ្ញាតពីសភាជាមុនទើបអាចវាយប្រហារបាន។ ចំណុចទាំងនោះ អាចជួយកាត់បន្ថយក្តីបារម្ភ និងជាការចងដៃលោកត្រាំ កុំឲ្យចុចកុងតាក់បញ្ជាបរមាណូតែម្នាក់ឯង។

តំណាងរាស្ត្រអាមេរិកមួយរូបមកពីគណបក្សប្រជាធិបតេយ្យ លោក Edward Markey បានបញ្ជាក់ថា នៅពេលនេះ លោកដូណាល់ ត្រាំ មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ជាវាយប្រហារដោយគ្រាប់បែកបរមាណូ ជាលើកដំបូងរបស់លោក ដូចអ្វីដែលលោកត្រាំ បានប្រកាសពេលឃោសនាបោះឆ្នោត។ លោកត្រាំ ធ្លាប់បានលើកឡើងថា លោកអាចនឹងប្រើប្រាស់បរមាណូក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។

នៅពេលដែលលោកឡើងកាន់តំណែងបានប៉ុន្មានថ្ងៃប៉ុណ្ណោះ លោកបានចុះហត្ថលេខា លុបចោល ស្នាដៃរបស់លោកអូបាម៉ា ក្នុងនោះមានកម្មវិធីសុខាភិបាល និង ចុះហត្ថលេខាដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីបTPP។ មិនត្រឹមតែប៉ុណ្ណោះ លោកត្រាំ ក៏បានប្រកាសថា នឹងចុះហត្ថលេខាលើច្បាប់កាត់បន្ថយជនភៀសខ្លួនចូលទឹកដីអាមេរិក។ ចំណុចទាំងនោះ បានបង្ហាញយ៉ាងច្បាស់ថា អ្វីដែលលោកត្រាំនិយាយគឺលោកត្រូវតែធ្វើ ដូច្នេះការប្រើប្រាស់បរមាណូ ក៏អាចនឹងកើតឡើងផងដែរ ប្រសិនបើគ្មានការទប់ស្កាត់ទេនោះ។

នៅពេលនេះ ការទប់ស្កាត់លោកត្រំា កុំឲ្យប្រើប្រាស់បរមាណូបានមានតែសភាប៉ុណ្ណោះ បើសភា មិនអាចចេញច្បាប់រារាំងទេនោះ លោកត្រាំនឹងប្រើប្រាស់បរមាណូដូចអ្វីដែលលោកបានប្រកាស៕ ម៉ែវ សាធី

trump


ចែករំលែក៖