ខេត្តរតនគិរី៖ រម្មណីយ ដ្ឋានធម្មជាតិអូរស៊ិនលែរ៍ ស្ថិតនៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។ ជារម្មណីយដ្ឋានមានទេសភាពត្រជាក់ប្លែកភ្នែក ប្លែកអារម្មណ៍ ថ្វីត្បិតផ្លូវធ្វើដំណើរទៅមានការលំបាកបន្តិចមែន ដោយសារដីហ៊ុយ(ផ្លូវក្រាលក្រួសក្រហម) ប៉ុន្តែអ្នកដែលបានទៅដល់ហើយ គឺប្រាកដជាមានអារម្មណ៍ថា មិនអាចបំភ្លេចបាននោះឡើយ។ ទឹកត្រជាក់ធម្មជាតិខៀវស្រងាត់ហៅថា ទឹកធ្លាក់៧ជាន់ ហូរធ្លាក់ដូចកាំជណ្តើរគួរឲ្យគយគន់។
រម្មណីយដ្ឋានជ្រលងបុព្វតា ដែលចេញពីទីរួមខេត្តរតនគិរីផ្លូវបំបែកពីរម្មណីយដ្ឋានបឹងយក្សឡោម មានចំងាយ១៩គីឡូម៉ែត្រ ទៅដល់រម្មណីយដ្ឋានអូរស៊ិនលែរ៍នេះតែម្តង។
ស្ថានភាពទេសចរចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករាឆ្នាំ២០១៧ រម្មណីយដ្ឋានចំនួនពីរ ក្នុងខេត្តរតនគិរីទទួលបានអ្នកទេសចរច្រើនក្នុងពិធីបុណ្យចូលឆ្នាំចិន ខណ:តួរលេខអ្នកទេសចរកំសាន្តនៅតំបន់រម្មណីយដ្ឋានផ្សេងៗក្នុងខេត្តមួយនេះ មិនសូវមានអ្នកមកកំសាន្តច្រើនដូចឆ្នាំកន្លងទៅ។
មន្ត្រីទេសចរប្រចាំខេត្តរតនគិរីរំពឹងថា៖ ចំនួនអ្នកទេសចរមកកំសាន្តនៅឆ្នាំនេះ មិនតិចជាងឆ្នាំមុននោះឡើយ។ ដោយសារសន្តិសុខសណ្តាប់ធ្នាប់រៀបរយល្អ។
មន្ត្រីទេសចរខេត្តរតនគិរីមានមោទនភាព ខណ: អ្នកទេសចរច្រើនមកកំសាន្តក្នុងខេត្តនេះក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្មាំនេះ។ ផ្ទះសំណាក់ សណ្ឋាគារមានភ្ញៀវចូលមកស្នាក់នៅច្រើនខុសធម្មតា។ ចំណែកភោជណីដ្ឋាននឹងកន្លែងកំសាន្តនានា ក៏ដូចគ្នាដែរ។
លោក ម៉ុក កៀង ប្រធានសហគមន៍រម្មណីយដ្ឋានអូរស៊ិនលែរ៍ អ្នកយកព័ត៌មានដឹងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន៣ថ្ងៃកន្លងមកនេះ កំណើនភ្ញៀវទេសចរជាតិអន្តរជាតិដែលចូលមកទស្សនាកំសាន្តនៅរម្មណីយដ្ឋានអូរស៊ិនលែរ៍ទាំងប្រុស ទាំងស្រីសរុបចំនួន២០៣៩នាក់ ហើយមធ្យោបាយរថយន្តចំនួន២៦៤គ្រឿង ម៉ូតូ៣១២គ្រឿង។
លោកបន្តថា៖ ចំណតរថយន្ត ១គ្រឿងតម្លៃ៥០០០រៀល ចុះណត ម៉ូតូ១គ្រឿងតម្លៃ២០០០រៀល សរុបទាំង៣ថ្ងៃ ចំណូលគិតជាមធ្យមស្មើ២៨៤៤០០០រៀល ក្នុងនោះគិតតូបអាជីវករលក់ដូរចំនួន៩តូបផងដែរ ៕ វុទ្ធឦសាន