ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាប្តីស្លាប់ រីឯប្រពន្ធរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

ចែករំលែក៖

 
ខេត្តព្រះសីហនុ៖ បុរសជាប្តីបានស្លាប់នៅនឹងកន្លែង និងស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងម៉ូតូបុកជាមួយនឹងរថយន្ត ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ។

ហេតុការណ៍នេះ បានកើតមានឡើងកាលពី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៦និង២០នាទីព្រលប់ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៣ និងលេខ១៨៤ ភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមប្រភពពីសមត្ថកិច្ចជំនាញស្រុកបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើង រវាងម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ទិសដៅពីជើងទៅត្បូង (ភ្នំពេញ-ខេត្តព្រះសីហនុ) អ្នកបើកបរ ឈ្មោះឈីន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិប្រាំង ឃុំដងពាង ស្រុកស្រែអំបិល ខេត្តកោះកុង មកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តមួយគ្រឿងម៉ាកប៉ាជីរ៉ូ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2A 7329 ទិសដៅបញ្ច្រាសទិសគ្នា អ្នកបើកបរគេចខ្លួនបាត់ ។

ប្រភពដដែលបានបន្តទៀតថា ក្នុងហេតុការណ៍នេះបាន បណ្តាលឲ្យ ឈ្មោះឈីន អ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះយិន មាវ ភេទស្រី អាយុ២៨ឆ្នាំ ជាប្រពន្ធអ្នកបើកបរម៉ូតូរួមដំណើរពីក្រោយ មុខរបរកម្មករ រងរបួសធ្ងន់ ។

ប្រភពនោះបានបន្ថែមថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះ គឺបណ្តាលមកពីភាគីម៉ូតូ ពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានបើកជែងរថយន្ត១គ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា ហើយបានជ្រុលចូលទៅបុករថយន្តខាងលើ ពេញទំហឹងមុខខាងស្តាំនៃរថយន្ត បណ្តាលឲ្យភាគីខាងម៉ូតូខ្ទាតស្លាប់ និងរងរបួសធ្ងន់ រីឯម៉ូតូចូលក្រោមរថយន្តជាប់ ចំណែកអ្នកបើកបរ ទោះត្រូវ ឬខុសគេចខ្លួនសិនទាំងស្ទើតែមិនអស់ចិត្ត ។ សាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ

fb (1) copy fb (2) copy fb (3) copy


ចែករំលែក៖