ប្រធានាធិបតីអាមេរិកបានចោទប្រកាន់ សមាជិកព្រឹទ្ធសភាពីរគឺលោក John McCain និង Lindsey Graham មកពីគណ បក្សសាធារណរដ្ឋដូចគ្នាដែលមានទស្សនៈ ប្រឆាំងរុស្ស៊ីបានជំរុញផ្សព្វផ្សាយពីទស្សនៈ នៃសង្គ្រាមលោកលើកទី៣។
ការបញ្ជាក់ខាងលើរបស់លោក ត្រាំក្រោយពេលដែលមន្ត្រីជាន់ខ្ពស់ទាំងពីររូបខាងលើបានលើកឡើងថា សកម្មភាពរឹត បន្តឹងជនអន្តោប្រវេសន៍ចូលអាមេរិកពី ប្រទេសអ៊ិស្លាមនឹងធ្វើឲ្យអាមេរិកស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ពីការវាយប្រហារភេរវ កម្ម។
លោក ត្រាំ បានស្នើដល់មន្ត្រីទាំងពីររូបគួរតែផ្តោតសំខាន់ទៅលើសង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS ទប់ស្កាត់ជនអន្តោប្រវេសន៍ ចូលអាមេរិកគ្រប់គ្រងតាមបណ្តោយព្រំដែន ជាជាងបំផុសឲ្យមានទស្សនៈពីសង្គ្រាមលោកលើកទី៣។
តាមសេចក្តីរាយការណ៍សមាជិតព្រឹទ្ធ សភាទាំងពីររូបនោះបានចេញនូវ សេចក្តីថ្លែងការណ៍រួមមួយស្តីពីបទបញ្ជាប្រតិបត្តិអំពីជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ហើយលោក ត្រាំ ក៏បានវាយប្រហារពីរដង ត្រឡប់មកវិញតាមធ្វីតធើរថា សមាជិកព្រឹទ្ធ សភាទាំងពីររូបគួរតែផ្តោតថាមពលរបស់ខ្លួនលើពួក ISIS ជនអន្តោប្រវេសន៍ខុស ច្បាប់ និងសន្តិសុខព្រំដែន ជំនួសការសម្លឹង បង្កសង្គ្រាមលោកលើកទី៣។
សង្គ្រាមលោកលើកទី៣ត្រូវបានគេព្យាករ ថា អាចកើតឡើងនៅក្រោមការដឹកនាំរបស់ លោក ត្រាំ ប៉ុន្តែអ្វីដែលលោក ត្រាំ បាននិងកំពុងធ្វើនាពេលនេះគឺដើម្បីអាមេរិកតែ ប៉ុណ្ណោះមិនមានគំនិតចង់ឲ្យមានសង្គ្រាមកើតឡើងនោះឡើយ។ សកម្មភាពរបស់ លោក ត្រាំ បានបង្ហាញតាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំសំខាន់ៗ៤រូបនៅលើពិភពលោកដូចជា លោកប្រធានា ធិបតីរុស្ស៊ី លោកស្រីអធិការបតីអាល្លឺម៉ង់ លោកនាយករដ្ឋមន្ត្រីជប៉ុន និងលោកប្រធា នាធិបតីបារាំង។
អ្វីដែលគេសង្កេតឃើញក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក ត្រាំ ជាមួយមេ ដឹកនាំប្រទេសទាំង៤ គឺលោក ត្រាំ ហាក់ ប្រកាន់ជំហរកណ្តាលមិនក្អេងក្អាងទ្រគោះបោះបោកដូចសព្វមួយដង។
ជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងបន្តបំពេញតួនាទីធានាសន្តិសុខជូន ជប៉ុនយ៉ាងម៉ត់ចត់។ ក្នុងន័យនេះយើងអាច យល់បានថា លោក ដូណាល់ ត្រាំចង់ សំដៅដល់ការគំរាមកំហែងរបស់ចិន ដោយប្រការណាមួយមកលើជប៉ុន ហើយ ថា អាមេរិកនៅខាងជប៉ុនជានិច្ច។ លោក ស៊ិន ហ្សូអាបេ នឹងអញ្ជើញមកជួបលោក ត្រាំ នៅថ្ងៃ១០កុម្ភៈខាងមុខ។ គួររំលឹកដែរ ថា លោកដូណាល់ ត្រាំ មិនបានទូរស័ព្ទទៅនិយាយជាមួយលោកស៊ី ជីនពីង ប្រធា នាធិបតីចិនទេ។
ជាមួយនឹងលោកស្រី អេងហ្គេឡា មែរ គែល លោក ដូណាល់ ត្រាំ បានទប់មាត់ ទប់កមិនរិះគន់លោកស្រីដូចកាលពីប៉ុន្មានថ្ងៃមុនទេ។ បើយោងតាមលិខិតជូនដំណឹង របស់សេតវិមានស្តីពីកិច្ចសន្ទនានេះមេ ដឹកនាំទាំងពីរ អាមេរិក អាល្លឺម៉ង់ បាន យល់ឃើញដូចគ្នាពីតួនាទីរបស់ OTAN ក្នុងការរក្សាស្ថិរភាព និងសន្តិសុខក្នុង តំបន់អាត្លង់ទិកខាងជើង។ លោក ត្រាំ ថា លោកនឹងអញ្ជើញលោកស្រី អេងហ្គេឡា មែរគែល មកវ៉ាស៊ីនតោនក្នុងពេលខាង មុខ។
ចំណែកជាមួយលោក ពូទីន ប្រធានា ធិបតីរុស្ស៊ីវិញមេដឹកនាំទាំងពីរបានសន្យាថា នឹងរួមកម្លាំងគ្នាដើម្បីវាយកម្ទេចក្រុម ជីហាដអង្គការរដ្ឋអ៊ិស្លាមនៅស៊ីរី។ នេះបើយោងតាមការប្រកាសរបស់វិមានក្រឹមឡាំង។ ជាការពិតខាងសេតវិមានបាន ព្រលយពាក្យឲ្យដឹងជាមុនថា រដ្ឋាភិបាល លោកត្រាំ មានគម្រោងបញ្ជូនកម្លាំងទៅសហការជាមួយកងទ័ពរុស្ស៊ីនៅស៊ីរី។ ក្រៅ ពីនេះលោក ត្រាំ និងលោក ពូទីន បាន សន្យាថានឹងចាប់ដៃគ្នាធ្វើសហប្រតិបត្តិការដោយស្មើភាពគ្នាក្នុងន័យកសាង និងបានផលប្រយោជន៍ឈ្នះៗទាំងអស់គ្នា។
ជាចុងក្រោយមានតែលោកប្រធានា ធិបតីបារាំងម្នាក់ទេដែលហ៊ានបញ្ចេញយោបល់រិះគន់និងក្រើនរំលឹកលោកដូណាល់ ត្រាំ។ លោក ហ្វ្រង់ស័រ ហូលឡង់ បានលើក ឡើងពីគ្រោះថ្នាក់នៃនយោបាយបិទទ្វារ សំងំយកសុខតែម្នាក់ឯងរបស់លោកត្រាំ។ សម្រាប់លោក ហូលឡង់ នយោបាយបែប នេះគឺរឹតតែធ្វើឲ្យពិភពលោកបែកបាក់ ស្អប់គ្នា ប្រកាន់គ្នា ហើយស្របពេលនេះ ចលនាចរន្តគំនិតជ្រុលនិយមនឹងកាន់តែមានកម្លាំង។ លោកប្រធានាធិបតីបារាំង បាននិយាយបែបដាស់តឿនលោកត្រាំថា ក្នុងនាមជាមេដឹកនាំប្រទេសមហាអំណាច ប្រជាធិបតេយ្យយើងត្រូវធ្វើគំរូល្អដើម្បីការពារគោលការណ៍គ្រឹះនៃប្រជាធិបតេយ្យ។ ការទទួលយកជនភៀសខ្លួនដែលរត់គេចពីសង្រ្គាមពីការកាប់សម្លាប់ក៏ជាតម្លៃមួយនៃប្រជាធិបតេយ្យដែរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃតំបូងចូលកាន់តំណែងប្រធានាធិបតីអាមេរិកលោក ត្រាំ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិក៏ដូចជាពលរដ្ឋ និង អ្នកនយោបាយសំខាន់ៗដែលមានបទ ពិសោធន៍យូរឆ្នាំរបស់អាមេរិកក្រោយពេល លោក ត្រាំ បានសម្រេចអនុវត្តនូវគោល នយោបាយបង្កឲ្យមានគំនុំទៅលើអាមេរិកកាន់តែច្រើនឡើង ពិសេសគឺប្រទេស អ៊ិស្លាម និងប៉ាឡេស្ទីនផងដែរ ក្រោយ ពេលមានទំនាក់ទំនងប្រសើរឡើងវិញជាមួយអុីស្រាអែល។
សម្ព័ន្ធអារ៉ាប់បានអំពាវនាវឲ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពិនិត្យមើលឡើងវិញនូវជំហររបស់លោកទាក់ ទងនឹងលក្ខន្តិកៈទីក្រុងហ្សេរុយសាឡឹម។ ការអំពាវនាវរបស់សម្ព័ន្ធអារ៉ាប់ពេលនេះបានធ្វើឡើង បន្ទាប់ពីលោកដូណាល់ ត្រាំបានសន្យានាសម័យឃោសនាបោះ ឆ្នោតថា បើលោកជាប់ឆ្នោតលោកនឹងផ្ទេរស្ថានទូតអាមេរិកនៅអ៊ីស្រាអែលពីទីក្រុង Tel-Aviv ទៅដាក់នៅទីក្រុងហ្សេរុយសា ឡឹមវិញ។
ជាង១សប្តាហ៍បន្ទាប់ពីទទួលបានកូនសោសេតវិមានលោកប្រធានាធិបតីអាមេ រិកថ្មី ដូណាល់ ត្រាំ បានធ្វើឲ្យពិភពលោក ច្រួលច្របល់ភ័យស្លន់ស្លោសឹងគ្មានលស់ ថ្ងៃ។ ច្រួលច្របល់ភ័យស្លន់ស្លោក៏ដោយសារថា ពាក្យសន្យាទាំងអម្បាលម៉ានក្នុងសម័យឃោសនាបោះឆ្នោតត្រូវបានលោកត្រាំ ផ្តើមអនុវត្តជាក់ស្តែងដោយគ្មានខ្លាច រអានឹងផលវិបាកអ្វីទាំងអស់។ គ្រាន់តែ ជាង១សប្តាហ៍ប៉ុណ្ណោះ មានក្រឹត្យជាច្រើនត្រូវបានលោកត្រាំចុះហត្ថលេខា រួមមាន ដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកឬមួយក៏ក្រឹត្យហាមមិនឲ្យពលរដ្ឋកាន់សាសនាអ៊ិស្លាមចំនួន៧ ប្រទេសចូលក្នុងទឹកដីអាមេរិកជាដើម។
តែអ្វីដែលសម្ព័ន្ធអារ៉ាប់កំពុងសម្តែងក្តីបារម្ភខ្លាំងរបស់ខ្លួនពេលនេះគឺជំហររបស់លោក ដូណាល់ ត្រាំ ដែលចង់ផ្ទេរទីតាំងស្ថានទូតអាមេរិកប្រចាំអុីស្រាអែលពីទីក្រុង Tel-Aviv ទៅដាក់នៅក្នុងទីក្រុងហ្សេរុយសាឡឹមវិញ។ ជំហររបស់លោក ត្រាំ របៀប នេះមានន័យថា អាមេរិកបានទទួលស្គាល់ហ្សេរុយសាឡឹមជាទីក្រុងរបស់អីុស្រាអែល។ តែបញ្ហានៅត្រង់ថា លក្ខន្តិករបស់ទីក្រុង មួយនេះកំពុងបន្តក្លាយជាជម្លោះស៊ីសាច់ហុតឈាមគ្នារវាងអុីស្រាអែលនឹងប៉ាឡេស៊ីន។
លោក Saïd Abou Ali អគ្គនាយករងសម្ព័ន្ធអារ៉ាប់បានគូសបញ្ជាក់ថា សម្ព័ន្ធអារ៉ាប់សង្ឃឹមថារដ្ឋបាលអាមេរិករបស់លោកត្រាំនឹងពិនិត្យមើលឡើងវិញនូវជំហររបស់ខ្លួនទាក់ទងនឹងទីក្រុងហ្សេរុយសាឡឹម៕ ម៉ែវ សាធី