ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនិងឥណ្ឌានឹងបង្កើនទំនាក់ទំនងល្អប្រសើរដើម្បីដាក់គំនាបចិន

ចែករំលែក៖

នៅពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្កើនគំនាបទៅលើប្រទេស ចិនជុំវិញវិវាទសមុទ្រចិនភាគខាងត្បូងក៏ដូច ជាបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទាំងនោះហើយធ្វើឲ្យអាមេរិកនិងឥណ្ឌា កាន់តែជិតស្និទ្ធនឹងគ្នា។

កន្លងមកមេដឹកនាំឥណ្ឌានិងអាមេរិកបានជួបពិភាក្សាតាមទូរស័ព្ទទៅលើបញ្ហាសំខាន់ៗរបស់ប្រទេសទាំងពីរ។ ជាមួយគ្នានោះនាយករដ្ឋមន្ត្រីឥណ្ឌាក៏បានអញ្ជើញ ប្រធានាធិបតី ដូណាល់ ត្រាំ បំពេញទស្សន កិច្ចទៅកាន់ឥណ្ឌាផងដែរ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គមលោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី បានសរសេរថា លោកបានអញ្ជើញ ប្រធានាធិបតីថ្មីរបស់អាមេរិកឲ្យធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌា។ នៅមុនកិច្ចសន្ទនា តាមទូរស័ព្ទសេតវិមានបានបង្ហាញថា រដ្ឋ បាលលោកដូណាល់ ត្រាំ បានអញ្ជើញលោកនាយករដ្ឋមន្រ្តីឥណ្ឌាឲ្យទៅធ្វើទស្សន កិច្ចនៅទីក្រុងវ៉ាស៊ីនតោននៅក្នុងឆ្នាំនេះ ផងដែរ។

ប្រធានាធិបតីអាមេរិកទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌានៅបន្ទាប់ពីឥណ្ឌាធ្លាប់ បានអន់ចិត្តដោយសារក្រោយពេលជាប់ឆ្នោតភ្លាមលោក ដូណាល់ ត្រាំ បាននិយាយ ទូរស័ព្ទយ៉ាងកក់ក្តៅជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថាន។ ប៉ាគីស្ថានដែលរដ្ឋាភិបាល ឥណ្ឌាចាត់ទុកជាជង្រុកសម្បុកក្រុមភេរវ និយម។

នៅពេលដែលអាមេរិកនិងឥណ្ឌាកាន់តែមានទំនាក់ទំនងល្អប្រសើរលោក ត្រាំ ក៏បានព្រមានជាបន្តបន្ទាប់ដល់ប្រទេសចិន។ កាលពីថ្ងៃទី៣០ ខែមករា សេតវិមានបាន ព្រមានចិនពីជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង និងពីពាណិជ្ជកម្មរវាងប្រទេស ទាំង២ដោយលើកឡើងថា អាមេរិកនឹងការ ពារផលប្រយោជន៍អន្តរជាតិនៅសមុទ្រ ចិនខាងត្បូង។ សេតវិមានលើកឡើងថា ប្រជុំកោះនៅទីនោះមានទីតាំងក្នុងដែនទឹកអន្តរជាតិមិនមែនស្ថិតក្នុងទឹកដីចិនទេ។

ប្រមាណ២សប្តាហ៍មុនលោក រ៉ិច ធីល ឡឺសាន់ ដែលអាចនឹងកាន់តំណែងជារដ្ឋ មន្ត្រីការបរទេសអាមេរិកបានព្រមានចិន រួចមកហើយពីសំណង់នានារបស់ចិននៅតាមប្រជុំកោះសមុទ្រចិនដែលចិនត្រូវតែ បញ្ឈប់សកម្មភាព។ សមុទ្រចិនខាងត្បូងជាតំបន់យុទ្ធសាស្ត្រនៅអាស៊ី។ នៅទីនោះ ចិនមានជម្លោះដណ្តើមដែនកោះនានាជា មួយប្រទេសមួយចំនួនដូចជាហ្វុីលីពីន វៀតណាម ប៊្រុយណេ និងម៉ាឡេស៊ី។ ការ ដំឡើងសំឡេងរបស់អាមេរិកដាក់ចិនធ្វើ ឲ្យសារព័ត៌មានរដ្ឋចិនលើកឡើងទៅវិញថា ប្រទេសទាំង២អាចនឹងប្រឈមមុខគ្នា ផ្នែកយោធា។

គេនៅចាំថា ក្នុងរដ្ឋបាលអូបាម៉ាកន្លងទៅអាមេរិកក៏បានព្យាយាមបរិហារចិនពីសកម្ម ភាពយោធាចិននៅសមុទ្រចិនដែរ ប៉ុន្តែ លោកអូបាម៉ាផ្តល់អាទិភាពដល់ដំណោះស្រាយបញ្ហាតាមរយៈការពិភាក្សាការទូត។

ដោយឡែកកាលពីថ្ងៃចន្ទកន្លងទៅរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានទទួល ស្គាល់សារសំខាន់នៃទីផ្សារចិនទទួលស្គាល់ ថា ចិនជាទីផ្សារដ៏ធំសម្រាប់អាមេរិក។ ប៉ុន្តែ សេតវិមានលើកឡើងថា ពាណិជ្ជកម្មទាល់ តែមានទៅមានមករវាងប្រទេសទាំង២។

ថ្ងៃអង្គារម្សិលមិញក្រសួងការបរទេសចិនបានឆ្លើយតបទៅអាមេរិកវិញថា ចិនត្រៀមការពារសិទ្ធិរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ សម្រាប់ចិនដែនអធិបតេយ្យ របស់ចិននៅប្រជុំកោះនៅសមុទ្រចិនខាងត្បូងជារឿងដែលមិនអាចជជែកតថ្លៃគ្នា បានទេ៕ ម៉ែវ សាធី

collage2


ចែករំលែក៖