ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោព្រមានរឹបអូសទ្រព្យសម្បត្តិលោកសម រង្ស៊ី រួមទាំងទីស្នាក់ការបក្សផង

ចែករំលែក៖

ភ្នំពេញ៖ មិនមែនដូចកាលប្តឹងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី ទារសំណងមួយរយរៀលឡើយ ។ ករណីប្តឹងលោកសម រង្ស៊ី គឺទារសំណងជាប្រាក់មែនទែន បើសាលក្រមចូលជាស្ថាពរ ហើយយកលុយទាំងនោះទៅសង់ផ្ទះជូនជនពិការ ។ នេះជាការបញ្ជាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ថា សម្តេច នឹងស្នើឱ្យតុលាការបង្កកទ្រព្យសម្បត្តិទាំងអស់របស់លោក សម រង្ស៊ី ដោយក្នុងនោះក៏មានទាំងទីស្នាក់គណបក្សសង្គ្រោះជាតិ ដែលដាក់ឈ្មោះលោក សម រង្ស៊ី ពាក់ព័ន្ធ នឹងករណីដែលលោក សម រង្ស៊ី និយាយ បរិហារកេរ្តិ៍សម្តេចកន្លងមក។ សម្តេច តេជោចាត់ទុកថា ការធ្វើបែបនេះគឺដើម្បីឱ្យ មេបក្សប្រឆាំងរូបនោះមានការរាងចាល។

សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា «សូម អ្នកឯងកុំភាន់ច្រឡំលើកនេះខ្ញុំយកហើយលុយអត់មានយក១០០រៀលដូចរឿង ថាក់ ឡានី នោះទេ។ ខ្ញុំទារ១លានដុល្លារ ប៉ុន្តែសាលក្រមមុនគេគឺសាលក្រមរបស់ (សម្តេច) ហេង សំរិន។ បើកាលណាមាន សាលក្រមនេះហើយ សុំដីកាការពារទ្រព្យ សម្បត្តិបង្កកទ្រព្យសម្បត្តិពួកនេះឱ្យអស់ លក់ដើម្បីឱ្យរាង» ។

សម្តេចបានបន្ថែមថា «ឮថាស្នាក់ការ គណបក្ស(សង្គ្រោះជាតិ) ដាក់ឈ្មោះ សម រង្ស៊ី អ៊ីចឹងទេ ត្រូវលក់អាស្នាក់ការ គណបក្សនេះលក់ឡាយឡុង អ្នកឯងអាង ស្អីអាងរួចខ្លួន។ ទ្រព្យសម្បត្តិមានច្រើន ណាស់ដីនៅកំពង់សោមក៏មានមួយចំនួន។ ឥឡូវចាំឱ្យសាលក្រមចូលជាស្ថាពរសិន»។

សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យ ប្តឹងលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិដោយទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍ថ្មីមួយដែលប្រធានគណបក្សប្រឆាំងរូបនេះចោទថា សម្តេចតេជោ បានផ្តល់លុយ១លានដុល្លារទៅឱ្យកញ្ញា ធី សុវណ្ណថា ដើម្បីឱ្យធ្វើសកម្មភាពប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ។ លុយទាំងនេះ ត្រូវបានសម្តេចតេជោប្រកាសថានឹងយក ទៅជួយដល់ជនពិការនៅកម្ពុជា ។

ចំពោះករណីនេះកាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ២០១៧កញ្ញា ធី សុវណ្ណថា ប្រធាន យុវជនដើម្បីសង្គមក៏បានដាក់ពាក្យបណ្តឹង ប្តឹងលោក សម រង្ស៊ី ទៅកាន់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈផងដែរ។ ក្នុងបណ្តឹងលើកនេះកញ្ញា ធី សុវណ្ណថា ក៏បានប្តឹងទាមទារសំណងជំងឺចិត្តរហូតដល់ ២៥០.០០០ដុល្លារដើម្បីកញ្ញាយកប្រាក់ សំណងនេះជូនទៅអង្គការដើម្បីធ្វើកិច្ចការមនុស្សធម៌ ។

សម្តេចតេជោបានបញ្ជាក់បន្ថែមទៀត ថា «ឱ្យតែសាលក្រមចូលជាស្ថាពរមួយ បង ហេង សំរិន ទារ២៥០លានឯណោះ បើ២៥០លានល្មមសុំដីកាការពារហើយ។ ទ្រព្យសម្បត្តិ សម រង្ស៊ី នៅឯណាលក់តែម្តង ដើម្បីឱ្យរាងចាល ហើយបើ ហោ ណាំហុង ជំពាក់ឡើងប៉ុន្មានឯណោះ បងឯងក៏ត្រូវ មានចំណែកដែរ ដែលត្រូវស្នើសុំដីកាការ ពារ…ព្រោះបើមិនអ៊ីចឹងទេ វាដូរឈ្មោះដូរអី អស់ ហើយឥឡូវសុំអំពាវនាវដល់រដ្ឋអំណាច កុំប្រញាប់ដូរឈ្មោះដូរអីលឿនពេក»។

ពាក់ព័ន្ធនឹងករណីនេះក្នុងសន្និសីទ កាសែតនៅឯទីស្នាក់ការគណបក្សសង្គ្រោះ ជាតិកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧នោះដែរលោក សុន ឆ័យ តំណាង រាស្រ្តគណបក្សសង្គ្រោះជាតិបានស្នើឱ្យ សម្តេចតេជោពិនិត្យ និងពិចារណាចំពោះ សំណើបែបនេះឡើងវិញដោយកុំធ្វើដល់ថ្នាក់នោះពេក ។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិជាតិកំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងយ៉ាងហោចណាស់៧នៅក្នុងដៃតុលាការ ក្នុងនោះមានករណីបរិហារកេរ្តិ៍កញ្ញា ធី សុវណ្ណថា ករណីបរិហាកេរ្តិ៍សម្តេច ហេង សំរិន ករណីចោទប្រកាន់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ករណីចោទប្រកាន់សម្តេច តេជោ ហ៊ុន សែន រឿង Facebook Like ករណីបង្ហោះឯកសារក្លែង ករណីចោទ សម្តេចតេជោសម្លាប់លោក កែម ឡី និង ករណីចោទសម្តេចតេជោផ្តល់លុយឱ្យ កញ្ញា ធី សុវណ្ណថា ១លានដុល្លារជាដើម។

ព្រះរាជអាជ្ញារង សៀង សុខ បានចេញ ដីកាកោះហៅលោក សម រង្ស៊ី ជាជនសង្ស័យ ឲ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញនៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធបណ្តឹងរបស់សម្តេច តេជោ ហ៊ុន សែន ដែលប្តឹងដោយមេធាវី គី តិច ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។ នេះបើយោងតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ចំណែកដីកាមួយទៀត ព្រះរាជអាជ្ញារង សៀង សុខ បានចេញលិខិតអញ្ជើញមេធាវី សំ សុគង់ ជាមេធាវីការពារក្តីឲ្យលោក សម រង្សុី ចូលមកកាន់សាលាដំបូងរាជ ធានីភ្នំពេញនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ នៅបន្ទប់ «ឋ» ជាន់ទី២ ។

កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៧កន្លងទៅលោក គី តិច មេធាវីការ ពារក្តីជូនសម្តេចតេជោ ហ៊ុន សែន បាន ផ្តល់ចម្លើយជូនតុលាការស្តីពីដំណើរឿង ប្តឹងលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិពីបទបរិហារកេរ្តិ៍ជាសាធារណៈ ទៅលើសម្តេចតេជោ ហ៊ុន សែន ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងរដ្ឋ សភាកាលពីព្រឹកថ្ងៃទី៣១ ខែមករាថា ការប្តឹងទាមទារ១លានដុល្លាររឿងបរិហារកេរ្តិ៍ នឹងស្នើឱ្យតុលាការរឹបអូសទ្រព្យសម្បត្តិ លោក សម រង្ស៊ី នៅពេលសាលក្រមចូល ជាស្ថាពរ និងស្នើឲ្យតុលាការពិចារណាក្នុងការបង្កកទ្រព្យ ឬរក្សាការពារ។ សម្តេច តេជោបញ្ជាក់ថា លោក សម រង្ស៊ី មានកម្ម សិទ្ធិលើផ្ទះសម្បែងដីធ្លីនៅខេត្តព្រះសីហនុ រួមទាំងទីស្នាក់ការគណបក្សនៅចាក់អង្រែផងដែរ ៕ ហេង សូរិយា

151112080511_02


ចែករំលែក៖