ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនក្រុមបង្ករបួសស្នាម៤នាក់ទៅសាលាដំបូង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមបង្ករបួសស្នាម៤នាក់ ក្នុងចំណោម៦នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីនីតិវិធី ក្នុងនោះ២នាក់ត្រូវបានដោះលែងដោយសាររកមិនឃើញមានពាក់ព័ន្ធក្នុងករណីបង្កអំពើហិង្សា ។

ប្រភពពីមន្ត្រីបានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ថា ក្រុមជនសង្ស័យដៃដល់ ដែលសមត្ថកិច្ចនគរបាលស្រុកគងពិសីឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣០ ខែមករា កន្លងមក សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងក្នុងករណីប្រើអំពើហិង្សា បណ្តាលឲ្យបុរសម្នាក់រងរបួស ។ ក្រុមជនសង្ស័យបានបំភ្លឺថា រវាងពួកគេនឹងជនរងគ្រោះ គឺជាសាច់ញាតិនឹងគ្នា មុនពេលកើតហេតុ បានទាស់សម្តីគ្នាបន្តិចបន្តួច ក្រោយមកក៏ស្ងប់ស្ងាត់ទៅវិញ រហូតដល់យប់ឡើង ក៏មានទាក់ពាក្យសម្តីគ្នាម្តងទៀត ក្រុមគេ ក៏បានយកដុំថ្ម ដែក និងដំបងគប់ទៅលើភាគីរងគ្រោះ ក្នុងគោលបំណងបន្លាចកុំឲ្យមានរឿង តែពេលគប់ទៅ បែរជាត្រូវទៅលើឈ្មោះ ឃឹម នឿន បណ្តាលឲ្យរងរបួសតែម្តង ។ រហូតដល់ព្រឹកឡើង ពួកគេត្រូវបានសមត្ថកិច្ចហៅមកសួរនាំ ហើយឃាត់ខ្លួនពីបទប្រើអំពើហិង្សាបណ្តាលឲ្យអ្នកដទៃរងរបួស ។ ពួកគេទទួលស្គាល់ថា នេះជាកំហុសអចេតនា គួរណាស់តែភាគីរងគ្រោះ មានការអនុគ្រោះ ឈប់ប្តឹងផ្តល់ ទុកឱកាសឲ្យពួកគេ បានកែខ្លួនផង ។

ចំណែកឯអ្នកស្រី នូ មុំ ប្រពន្ធជនរងគ្រោះបានប្រាប់ផងដែរថា ករណីនេះ ខាងអ្នកស្រីមិនអាចលើកលែងបានឡើយ ព្រោះកន្លងមក ភាគីបង្កតែងតែរករឿង បង្កជម្លោះជាមួយគ្រួសារគាត់ជារឿយៗ រហូតដល់ថ្ងៃកើតហេតុ ពួកគេដែលមានគ្នាច្រើនដូចស្រមោច បានចោមរោមគប់មកលើប្តីរបស់គាត់ បណ្តាលឲ្យបែកក្បាលរងរបួសជាទម្ងន់ ។ រឿងនេះ អ្នកស្រីសុំទុកឲ្យច្បាប់ជាអ្នកអនុវត្តន៍ ព្រោះអ្នកស្រីមិនយល់ពីនីតិវិធីច្បាប់ឡើយ ដោយគ្រាន់តែសុំឲ្យស្ថាប័នតុលាការមេត្តាធ្វើយ៉ាងណា ផ្តល់ភាពយុត្តិធម៌ដល់ប្តី និងគ្រួសារអ្នកស្រីដោយអនុគ្រោះ ។

ក្នុងករណីនេះ អ្វីដែលអ្នកស្រីអស់ទំនុកចិត្តគឺនៅពេលដែល ក្រុមជនសង្ស័យបង្កអំពើហិង្សាមកលើប្តីអ្នកស្រីហើយ កូនរបស់អ្នកស្រីបានទូរស័ព្ទហៅលោកនាយរងប៉ុស្តិ៍រដ្ឋបាលឃុំវាលឈ្មោះ កង សាវ៉ាង ដើម្បីដាក់ពាក្យបណ្តឹង តែលោកនាយរងរូបនោះប្រាប់ថា រង់ចាំបន្តិច ព្រោះរវល់ធ្វើកំណត់ហេតុ ដែលធាតុពិតគឺ លោកវ៉ាង កំពុងអង្គុយផឹកជាមួយក្រុមជនសង្ស័យទៅវិញ ។

ពាក់ព័ន្ធនឹងករណីនេះដែរ លោក កង សាវ៉ាង នាយរងប៉ុស្តិ៍រដ្ឋបាលឃុំវាល បានបំភ្លឺប្រាប់តាមទូរស័ព្ទថា ករណីអំពើហិង្សានេះ មិនមែនលោកមិនអើពើមិនទទួលបណ្តឹងនោះទេ តែឲ្យលោកធ្វើម៉េច បើលោកមានតែម្នាក់ឯង ហើយក្រុមជនសង្ស័យមានគ្នាច្រើនដូចស្រមោច តើលោកទៅឃាត់ឯណាជាប់ ។

មហាជនដែលបានដឹងរឿងនេះ បានរិះគន់ទៅលើលោកនាយរងថា និយាយយករួចតែខ្លួន ខណៈដែលមិនបានអើពើធ្វើអន្តរាគមន៍ដល់ជនរងគ្រោះ ហើយបែរជាអង្គុយផឹកធ្វើព្រងើយ ។ មហាជនបានសំណូមពរដល់លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ សូមចាត់វិធានការរដ្ឋបាលចំពោះមន្ត្រីដែលអសមត្ថភាព ដូចជាលោក កង សាវ៉ាង នេះផង បើបណ្តែតបណ្តោយទៅទៀត ប្រជាពលរដ្ឋអាចនឹងអស់ជំនឿលើស្ថាប័ននគរបាលជាក់ជាមិនខាន ។

លោកឧត្តមសេនីយ៍ត្រី សម សាមួន បានបញ្ជាក់ប្រាប់ផងដែរថា ករណីមន្ត្រីរបស់លោកនេះ លោកនឹងកោះហៅឲ្យលោកកង សាវ៉ាង ចូលខ្លួនមកសាកសួរពាក់ព័ន្ធការលើកឡើងខាងលើនេះថា តើពិតដែរឬយ៉ាងណា?

សូមរំលឹកថា កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ មានករណីបង្កអំពើហិង្សាមួយកើតឡើងនៅភូមិក្រសាំងជីម៉ែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញទាំងយប់ ។

ក្រុមជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ១ រតនា, ២ ណូ , ៣ រីន, ៤ ដែត, ៥ មុយ និង៦ សិដ្ឋ ។ គួរបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំងនេះ ត្រូវបានតុលាការដោះលែងជនសង្ស័យឈ្មោះ រតនា និងឈ្មោះ សុខ ណាង ឲ្យវិលត្រឡប់ទៅលំនៅឋានវិញ ព្រោះមិនមានជាប់ពាក់ព័ន្ធករណីហិង្សានេះ ៕ សេនាស័ក្តិ

7 a copy

 


ចែករំលែក៖