ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍បានថ្លែងថា កីឡាទេសចរណ៍ត្រូវបានប្រទេសក្នុងតំបន់អាស៊ានចាត់ទុកថាជាផលិតផលថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរលើពិភពលោកឲ្យចូលមក កម្សាន្តនៅតំបន់អាស៊ានទាំងមូលក្នុង ចំណោមយុទ្ធសាស្រ្តសំខាន់ៗដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានដែលទើបបានបញ្ចប់កាលពីពេលថ្មីកន្លងទៅនៅប្រទេសសិង្ហបុរីនោះ។ ការថ្លែងបែប នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃការងារអនុវត្តឆ្នាំ២០១៦នៃគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍នៅទីស្តីការក្រសួងទេសចរណ៍កាលពីពេលកន្លងទៅថ្មីៗនេះ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កីឡាទេសចរណ៍បានក្លាយជាយុទ្ធសាស្រ្តថ្មីនៅក្នុង តំបន់អាស៊ានដែលត្រូវជំរុញឲ្យយកចិត្តទុកដាក់ ពីព្រោះទេសចរណ៍កីឡាគឺជាទីផ្សារថ្មីមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកទស្សនាតំបន់អាស៊ានកាន់តែច្រើនឡើងថែមទៀត។ប្រទេសអាស៊ានទាំងមូលក៏មានសក្តានុពលក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍ធំៗមួយចំនួនទាំងថ្នាក់ជាតិ និងតំបន់។
លោករដ្ឋមន្រ្តីបានបន្តទៀតថា ទេសចរណ៍កីឡាដែលជាយុទ្ធសាស្រ្តទីផ្សារទាក់ទាញទេសចរថ្មីនេះអាចនឹងឈានទៅរៀបចំឲ្យមានសន្និសីទថ្នាក់អាស៊ានស្តីពី “ទេសចរណ៍កីឡាដើម្បីផ្សារភ្ជាប់កីឡាទៅនឹងវប្បធម៌នៃប្រទេសនីមួយៗក្នុងអាស៊ាន” ដូច្នេះ អាស៊ានទាំងមូលបាននិងកំពុងយកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាលក្ខណៈទេសចរណ៍ ព្រោះភ្ញៀវទេសចរដែលចង់ មកកម្សាន្តប្រទេសណាមួយក្នុងតំបន់ អាស៊ានគេបានគិតអំពីអ្វីដែលប្លែកហើយថ្មី ។
លោក ថោង ខុន បានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ Ultra Trail Angkor លើកទី២ នៅតំបន់អង្គរដែលទទួលបានអត្តពលិកប្រមាណជាង៥០០នាក់មកពី៣៧ប្រទេសនោះគឺជាព្រឹត្តិការណ៍លកីឡាទេសចរណ៍ ហើយក៏បានចាត់ទុកជាចលនាបំផុសវិស័យកីឡាទៅកាន់ពិភពលោកយ៉ាងសំខាន់ និង ស្របតាមយុទ្ធសាស្ត្រថ្មីរបស់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិសេសស្រប តាមគោលដៅទេសចរណ៍ថ្មីរបស់ពិភព លោក ។ ព្រឹត្តិការណ៍កីឡាទេសចរណ៍គេ ហៅថា ជាព្រឹត្តិការណ៍ទេសចរណ៍ដែលផ្តល់ប្រាក់ចំណេញបានច្រើនដល់វិស័យសេដ្ឋកិច្ច៕ សារីម