ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញនេះ តារាចម្រៀងចាស់វស្សាលោក ណូយ វណ្ណេត បានបួសធ្វើជាសង្ឃក្នុងរយះពេលខ្លីមួយ ដើម្បីសងគុណឪពុកម្តាយ ក្នុងពេលដែលលោកបានជាប់បណ្តាំនេះមកជាយូរនិងមិនទាន់ត្រូវបានបំពេញតាមបណ្តាំអ្នកមានគុណ។
លោក ណូយ វណ្ណេត បានអះអាងថា ការបួសនាពេលនេះគឺធ្វើឡើង ក្នុងគោលបំណងបំពេញកុសលនៅក្នុងផ្លូវសាសនា និង ដើម្បីសងគុណឪពុកម្តាយរបស់លោក ក្នុងពេលដែលលោកធ្លាប់បានសន្យានាពេលកន្លងមក។
លោកបញ្ជាក់ថា លោកធ្លាប់បាននិយាយជាមួយឪពុកម្តាយនឹងបួសសងគុណពួកគាត់នៅក្នុងពេលណាមួយ ហើយបំណងនេះកន្លងមកលោកមិនទាន់បានបំពេញនៅឡើយ ក្រោមហេតុផលជាប់រវល់។ ការបួសនេះក្រៅពីសងគុណឪពុកម្តាយនោះគឺលោកក៏មានបំណងរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាផងដែរ និងជាគំរូសម្រាប់កូនខ្មែរយល់ដឹងពីគុណឪពុកម្តាយ។
លោក ណូយ វណ្ណេត បានបួសនៅវត្តនិគ្រោធវ័ន្ត ហៅវត្តគល់ទទឹង ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយលោកយល់ថា វត្តនេះមានវិន័យត្រឹមត្រូវ និងប្រកាន់របៀបរបបនៃព្រះពុទ្ធសាសនាបានខ្ជាប់ខ្ជួន ហើយវត្តនេះក៏មានសម្តេចសង្ឃជាសង្ឃរាជផងដែរ។
លោក ណូយ វណ្តេត បន្តថា ការបួសរបស់លោកនៅក្នុងពេលនេះគឺមិនមានការប៉ះពាល់ណាមួយនៅក្នុងអាជីពសិល្បះរបស់លោកឡើយ ព្រោះក្នុងពេលនេះលោកមានពេលវេលាសមល្មម ហើយណាមួយការបួសនេះធ្វើឡើងតែនៅក្នុងរយះពេលខ្លីប៉ុណ្ណោះ។
តារាចម្រៀងលោក ណូយ វណ្ណេត បាននូវភាពល្បីល្បាញក្នុងវិស័យចម្រៀងតាមរយះទឹកដមសំនៀងយ៉ាងក្រអួនក្រអៅតាមរយះបទចម្រៀងពីដើម និងសម័យបច្ចុប្បន្ន។
លោកត្រូវបានចាត់ទុកជាតារាចម្រៀងមួយរូបដែលស្ថិតនៅក្នុងដួងចិត្តទស្សនិកជនបានយូរអង្វែង បើទោះបីជាពេលនេះលោកមានវ័យកាន់តែច្រើនក៏ដោយ ប៉ុន្តែលោកនូវតែទទួលបានការគាំទ្រលើទឹកដមសំឡេងក្នុងមហាជនដែលមានវ័យកណ្តាល និងវ័យចំណាស់៕ ប្រាថ្នា