ព័ត៌មានទាន់ហេតុការណ៍៖

ជញ្ជីងស្នេហាៈ ខឹងប្តីទៅផ្ទះប្រពន្ធដើម៥ថ្ងៃទូរស័ព្ទមិនចូល នាងប្រពន្ធចុងយកដុំថ្មគប់កញ្ចក់រថយន្តបែកខ្ទេច

ចែករំលែក៖

ភ្នំពេញ៖ ចម្រៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មួយបទមានចំណងជើងថា« ជញ្ជីងស្នេហា » ពិតជាមានឥទិ្ធពល និងមានក្លឹមសារមែនសម្រាប់បុរសវ័យចំណាស់អាយុ៧៤ឆ្នាំម្នាក់ដែលមានប្រពន្ធពីរ សមនឹងអត្ថន័យនៃបទចម្រៀងច្រៀងថា ទុក្ខអ្វីមិនស្មើទុក្ខប្រពន្ធពីរ ព្រោះគាត់ជួបវិបត្តិប្រពន្ធចុងគប់កញ្ចក់រថយន្តបែកខ្ទេចព្រមទាំងដេញវាយដូចម៉ែ ដេញវាយកូន ដោយសារគាត់ទៅលេងផ្ទះប្រពន្ធដើម៥ថ្ងៃ ហើយមិនបើកទូរស័ព្ទទៀត។

រឿងរ៉ាវដែលធ្លាក់ទៅលើបុរសវ័យចំណាស់ទទួលអម្រែកពីរនេះត្រូវបានគេដឹងថា កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៦ នៅចំណុចហាងកាហ្វេដើមឫស្សី តាមផ្លូវ៣៧៤កែងផ្លូវ១៧៣ ក្រុម៣១ ស្ថិតនៅភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន បន្ទាប់ពីមានការភ្ញាក់ផ្អើលដោយឃើញស្រី្តម្នាក់(ប្រពន្ធចុង)ខឹងប្ដីទៅលេងប្រពន្ធដើមយូរពេកហើយ ទូរស័ព្ទមិនចូល ឬចូលដែរតែមិនលើកទៀត ពេលប្តីត្រឡប់មកដល់ផ្ទះវិញបានយកដុំឥដ្ឋការ៉ូឡាប៉ុនៗកំភួនជើង គប់កញ្ចក់រថយន្តប្តីបែកខ្ចាយហើយដេញវាយប្តីរត់វក់វីទៀត។

ស្រ្តីជាប្រពន្ធចុងមានឈ្មោះ កេត ម៉ាលីត ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ចំណែកបុរសជាប្ដីមានឈ្មោះ ប៉ុក លាង អាយុ ៧៤ឆ្នាំ មុខរបរនៅផ្ទះជាមួយប្រពន្ធចុង ។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ បានប្រាប់ថា មុនពេលកើតហេតុគេ ឃើញស្រ្តីជាប្រពន្ធចុងបានជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BU-4364 តាមប្តីវ័យចំណាស់ខាងលើដែលបើករថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-9767 មកចតនៅកន្លែងកើតហេតុ។ ភ្លាមនោះនាងប្រពន្ធចុងបាន ឈប់ម៉ូតូនៅក្បែរ ហើយបានយកដុំឥដ្ឋការ៉ូឡាគប់រថយន្តបណ្ដាលឲ្យបែកកញ្ចក់រថយន្តផ្នែកខាងមុខខ្ចាយ ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំង ដេញវាយប្តីយ៉ាងវក់វី ធ្វើឲ្យបុរសជាប្ដីភ័យរត់គេចក្រឡឹងជុំវិញរថយន្ត បណ្តាលឲ្យរអិលដួលរលាត់ដៃជើង មើលទៅដូចម្តាយដេញវាយកូន។ ទង្វើបែបនេះ បង្កឲ្យភ្ញាក់ផ្អើល ដល់អ្នកដំណើរនាំគ្នាចោមរោមមើល និងផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍និងឃាត់ខ្លួនទាំង ២នាក់ប្តីប្រពន្ធ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ភ្លាមៗ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១បុរសវ័យជាប្ដី បានប្រាប់ទាំងអត់លាក់លៀមថា សព្វថ្ងៃនេះគាត់មានប្រពន្ធពីរនាក់ដែលប្រពន្ធដើមមានកូន ៥នាក់ រស់នៅខណ្ឌទួលគោក និងបានមកលួចលាក់មានប្រពន្ធចុងម្នាក់ទៀតឈ្មោះ កេត ម៉ាលីត រយៈពេល ២០ឆ្នាំមកហើយថែមទាំងមានកូន ៤នាក់ទៀត សរុបទាំងអស់កូន៩នាក់ ទាំងប្រពន្ធដើម ។

បុរសចំណាស់ជាប្តីបានបន្តទៀតថា នៅថ្ងៃសែនបុណ្យចូលឆ្នាំប្រពៃណីចិន រូបគាត់បានទៅសែននៅផ្ទះប្រពន្ធដើម និងបានរស់នៅទីនោះតាំងពីថ្ងៃទី២៩ ខែមករា រហូតមកដល់ថ្ងៃកើតហេតុខាងលើនេះ គឺរយៈពេល ៥ថ្ងៃមកហើយ ។ ពេលដែលគាត់ទៅផ្ទះប្រពន្ធដើម គាត់បានបិទទូរស័ព្ទ លុះពេលបើកទូរស័ព្ទ ប្រពន្ធចុងទូរស័ព្ទចូលគាត់អត់ហ៊ានលើក ព្រោះខ្លាចប្រពន្ធដើមដឹងធ្វើឲ្យប្រពន្ធចុងខឹងខ្លាំង។លុះមកដល់រសៀលថ្ងៃកើតហេតុ គាត់បានបើករថយន្តត្រឡប់ទៅផ្ទះប្រពន្ធចុងវិញ ខណៈពេលជិះជិតដល់ផ្ទះទៅហើយស្រាប់តែបានជួបប្រពន្ធចុង ជិះម៉ូតូដេញតាមគាត់ពីក្រោយ គាត់ក៏ឈប់ចតរថយន្តតាមផ្លូវ១៧៣កែង៣៧៤បម្រុងចូលផ្ទះ តែត្រូវប្រពន្ធចុងឈប់ម៉ូតូយកដុំឥដ្ឋការ៉ូឡាគប់បំបែកកញ្ចក់រថយន្តខាងមុខបែកខ្ចាយតែម្តង។ មិនតែប៉ុណ្ណោះថែមទាំងបានដេញវាយគាត់ទៀត តែវាយមិនត្រូវ ធ្វើឲ្យគាត់ភ័យខ្លាំងពេករត់ដួលរបួសរលាត់ដៃជើង ។

យ៉ាងណាក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនពួកគាត់ទាំងពីរ យកទៅសួរនាំនៅប៉ុស្តិ៍ ទួលស្វាយព្រៃទី១ ប៉ុន្តែគាត់ទាំងពីរ មិនបានប្តឹងប្តល់គ្នាទេទើបសមត្ថកិច្ចឲ្យដឹកដៃគ្នាត្រឡប់ទៅផ្ទះវិញ ។អ្វីដែលគួរឲ្យហួសចិត្តទៀតនោះគឺស្រ្តីជាប្រពន្ធ ឃើញអ្នកកាសែតទៅថតរូបនិងចង់ចូលទៅសម្ភាសន៍រឿងនេះហើយទំនងជាស្រី្តរូបនេះកំពុងក្រពុលមុខផងនោះក៏ បានយកដុំឥដ្ឋគប់សំដៅលើអ្នកកាសែតតែគប់ខុស ធ្វើឲ្យអ្នកកាសែតភ័យស្ទើររបូតទូរស័ព្ទពីដៃ រួចពីរនាក់ប្តីប្រពន្ធឌុបគ្នាទៅផ្ទះបាត់ទៅ៕ ប្រាថ្នា

 


ចែករំលែក៖