ព័ត៌មានទាន់ហេតុការណ៍៖

មីស៊ីលរបស់អីុរ៉ង់បានសាកល្បងនិងមីស៊ីលកូរ៉េខាងជើងគឺតែមួយ

ចែករំលែក៖

មន្ទីរបញ្ចកោណអាមេរិកបានបង្ហាញ មន្ទិលសង្ស័យពីទំនាក់ទំនងសម្ងាត់រវាង អីុរ៉ង់នឹងកូរ៉េខាងជើងក្នុងការជួញដូរបច្ចេកវិទ្យាអាវុធកាំជ្រួចមីស៊ីលក្រោយពេលអីុរ៉ង់បានសាកល្បងមីស៊ីលកាលពីថ្ងៃទី៣០ ខែ មករាកន្លងទៅជាមួយនឹងមីស៊ីលកូរ៉េខាងជើងគឺដូចគ្នាទាំងបច្ចេកវិទ្យានិងសណ្ឋាន។

ដោយអ្នកជំនាញផ្នែកអាវុធលោក Jeffrey Lewis នៅលើធ្វីតធើរមន្ទីរបញ្ចកោណ បានធ្វើការកំណត់សម្គាល់មីស៊ីលកាលពីខែកក្កដា ឆ្នាំ២០១៦ ថាមីស៊ីល Musudan ផលិតក្នុងតំបន់ជាមីស៊ីលផ្លោងចម្ងាយ មធ្យមរបស់កូរ៉េខាងជើងដែលគេសង្ស័យថា ទទួលបានពីមីស៊ីលសង្គ្រាមត្រជាក់ របស់សហភាពសូវៀត R-27 Zyb។

តាមការចុះផ្សាយរបស់ Popular Mechanics មីស៊ីល Musudan មានភាពបត់ បែនផ្លាស់ប្តូរពីមីស៊ីលបាញ់ចេញពីនាវា មុជទឹកទៅជាមីស៊ីលចល័តតាមដងផ្លូវ និងបាញ់ចេញពីរថយន្តដឹកជញ្ជូនកង់១២ធុនធ្ងន់ ហើយមីស៊ីលនេះអាចផ្ទុកទម្ងន់បាន ពី២ពាន់ទៅ២,៥ពាន់ផោនតាមទ្រឹស្តីវាមាន ចម្ងាយវាយប្រហារជាអតិបរមា២.៥០០ម៉ាយ។

ពាក់ព័ន្ធនឹងករណីនោះដែរក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិត្រូវបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃអង្គារនេះដើម្បី ពិភាក្សាពីការបាញ់មីស៊ីលចម្ងាយមធ្យម របស់អុីរ៉ង់។ តាមប្រភពមន្រ្តីការទូតនៅ អង្គការសហប្រជាជាតិដកស្រង់សម្តីដោយ ទីភ្នាក់ងារព័ត៌មានបារាំង AFP ក្រុមប្រឹក្សាសន្តិសុខបើកការប្រជុំបន្ទាន់ទៅតាមការស្នើសុំរបស់ទីក្រុងវ៉ាស៊ីនតោននៅក្រោយបណ្តឹងរបស់អុីស្រាអែលទៅអង្គការសហប្រជាជាតិ។

នាយករដ្ឋមន្រ្តីអុីស្រាអែលបានចេញ មុខមុនគេបរិហារថ្កោលទោសសកម្មភាពបាញ់សាកល្បងមីស៊ីលរបស់អុីរ៉ង់។ នៅថ្ងៃ អាទិត្យ ទី២៩ ខែមករា មីស៊ីលរបស់អុីរ៉ង់ រត់បានចម្ងាយជិត១ពាន់គីឡូម៉ែត្រមុននឹងផ្ទុះធ្លាក់នៅចម្ងាយជាង២០០គីឡូម៉ែត្រពី រដ្ឋធានីតេអេរ៉ង់។ សម្រាប់ប្រមុខរដ្ឋាភិបាល អុីស្រាអែល អុីរ៉ង់បានរំលោភសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការ សហប្រជាជាតិលេខ២២៣១ ដែលបានហាមឃាត់អុីរ៉ង់មិនឲ្យផលិតមីស៊ីលបាលីស្ទីកដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនៅអង្គការសហប្រជាជាតិវិញបានអំពាវនាវសុំឲ្យសហគមន៍ អន្តរជាតិប្រតិកម្មឆ្លើយតបនឹងការបាញ់ មីស៊ីលរបស់អុីរ៉ង់ដែលអុីស្រាអែលចាត់ ទុកជាគ្រោះថ្នាក់មិនថា សម្រាប់អុីស្រា អែល និងប្រទេសផ្សេងទៀតនៅក្នុងតំបន់៕ ម៉ែវ សាធី

t1larg.iran_.missile


ចែករំលែក៖