ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីប្រទេសរុស្ស៊ី មានប្រទេសជាច្រើនចាកចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

ចែករំលែក៖

ក្រោយពីរុស្ស៊ីសម្រេចដកខ្លួនចេញពី តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC មកមានប្រទេសជាច្រើនទៀតបានដើរតាមគន្លង របស់រុស្ស៊ីចាកចេញជាបន្តបន្ទាប់។

នៅពេលនេះគណៈកម្មាធិការសហគមន៍ ទ្វីបអាហ្វ្រិក និងមេដឹកនាំនៅទីនោះបាន អនុម័តដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ។ ទាំងនោះបានបង្ហាញយ៉ាង ច្បាស់ថា មេដឹកនាំទ្វីបអាហ្វ្រិកក៏អស់ការ អត់ធ្មត់ទៅលើតុលាការ ICC ផងដែរ ក្រោយ ពេលតុលាការហាក់ដូចជាផ្តោតសំខាន់ ទៅលើទ្វីបអាហ្វ្រិក និងក្រុមប្រទេសដែលប្រឆាំងលោកខាងលិចតែប៉ុណ្ណោះ។

លោក Desire Assogbavi ប្រធាន ការិយាល័យ Oxfam ទទួលបន្ទកទំនាក់ ទំនងបានបញ្ជាក់ថាការដកខ្លួនចេញនោះគឺជាការពិត និងមានលក្ខណៈនយោ បាយ។ សហគមន៍ទ្វីបអាហ្វ្រិកអាចរួមគ្នាដកចេញពី ICC ឬក៏ដកចេញតាមប្រទេស និមួយៗក៏បាន។

កន្លងមកប្រទេសហ្វុីលីពីនក៏បានប្រកាស ដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ផងដែរ ដើម្បីគាំទ្រដល់សម្ពន្ធមិត្តថ្មីរុស្ស៊ី ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានប្រកាសថា លោកអាចនឹង ដើរតាមគន្លងរុស្ស៊ីដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ក្រោយពេលដែល លោកខាងលិចបានថ្កោលទោសលោកពីសង្គ្រាមប្រឆាំងគ្រឿងញៀនដែលសម្លាប់មនុស្សអស់យ៉ាងច្រើន។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោក ឌុយទែរតេ បញ្ជាក់ថា ICC «អត់ ប្រយោជន៍»។ ជាមួយគ្នានោះលោកបាន បង្ហាញពីការខកចិត្តទៅលើការចោទប្រកាន់ របស់លោកខាងលិចមកលើរដ្ឋាភិបាល របស់លោកក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។

កន្លងមកប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានចុះហត្ថលេខាលើបទបញ្ជាដកខ្លួនចេញពី ICC ចំណែកប្រធានាធិបតីហ្វុីលីពីនក៏នឹងធ្វើបែបនេះដែរក្នុងពេលដ៏ខ្លី ខាងមុខ។ ពេលនេះដើម្បីបញ្ជាក់ពីសកម្មភាពខាងលើក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ICC មិនបានបំពេញកាតព្វកិច្ចជាតុលាការអន្តរជាតិឯករាជ្យមានសិទ្ធិ អំណាចពេញលេញនោះទេ។ តាមការ ប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីគឺ ICC ខ្វះប្រសិទ្ធភាពដោយបានចេញសេចក្តី សម្រេចបានតែ៤ប៉ុណ្ណោះក្នុងរយៈពេល ១៤ឆ្នាំ ដែលបានចំណាយប្រាក់អស់ជាង១ពាន់លានដុល្លារ។

ភាគីរុស្ស៊ីក៏បានថ្កោលទោសដល់សេចក្តី សម្រេចរបស់ ICC ស្តីអំពីសង្គ្រាមរយៈពេល ៥ថ្ងៃរវាងរុស្ស៊ីនឹងប្រទេសជិតខាងហ៊្សកហ្ស៊ី កាលពីឆ្នាំ២០០៨។ រុស្ស៊ីបង្ហាញការខក ចិត្តនៅពេលដែល ICC មានសកម្មភាព បែបនេះ។

ការសម្រេចខាងលើរបស់រុស្ស៊ីកើត ឡើងក្រោយពេលដែល ICC បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថ្កោលទោសរុស្ស៊ីគ្រប់គ្រងតំបន់គ្រីមៀរបស់ អ៊ុយក្រែនដែលរុស្ស៊ីដាក់បញ្ចូលនៅក្នុងការ គ្រប់គ្រងរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤។ក្រៅពីនេះការសម្រេចដកខ្លួនចេញពី ICC របស់រុស្ស៊ីក៏កើតឡើងក្រោយពេលដែលប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូល ឡង់ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង មូស្គូបានបំពានលើបទល្មើសឧក្រិដ្ឋកម្ម សង្គ្រាមនៅក្នុងប្រទេសស៊ីរីដោយសារតែទាហានរុស្ស៊ីបានវាយប្រហារសម្លាប់ពល រដ្ឋស្លូតត្រង់អស់ជាច្រើន។

កន្លងមកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC អាចនឹងមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការ ចោទប្រកាន់ទៅលើប្រធានាធិបតីហ្វុីលីពីន លោក ឌុយទែរតេ ពីបទសម្លាប់រង្គាលក្រៅ ប្រព័ន្ធតុលាការនៅក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់លោកក្នុងរយៈពេល៣ខែនៃការកាន់អំណាចដោយបានសម្លាប់មនុស្សជិត៤ពាន់នាក់។

ពលរដ្ឋហ្វុីលីពីនជាង៤.០០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿង ញៀនដែលជាចំនួនយ៉ាងច្រើនមិនធ្លាប់មាន ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។ ទាំង នោះហើយបានជាធ្វើឲ្យមានការថ្កោល ទោសយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានអន្តរជាតិក្នុងនោះក៏មានអាមេរិកផងដែរ។

កាលពីខែតុលា តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ICC បានព្រមានថា ការសម្លាប់ មនុស្សយ៉ាងច្រើននោះនឹងត្រូវតុលាការ អន្តរជាតិចោទប្រកាន់ទោសទៅលើរដ្ឋា ភិបាល។

ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានហៅប្រធានាធិបតីអាមេរិក និងអឺរ៉ុប ព្រមទាំងអង្គការសហប្រជាជាតិ ថា «ល្ងង់ខ្លៅ» ដោយលោកបញ្ជាក់ថា គ្មាន អ្នកណាឆ្លាតជាងលោកឡើយ និងគំរាមថានឹងធ្វើឲ្យអាម៉ាស់ទាំងអស់គ្នា។

ចៅក្រមតុលាការ ICC បញ្ជាក់ថា «ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងពីការសម្លាប់មនុស្សនៅក្នុងប្រទេសហ្វុីលីពីនក៏ដូចជាការប្រកាស របស់រដ្ឋាភិបាលពីការសម្លាប់អ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយគ្មាន ទោស។

ហ្វុីលីពីនគឺជាសមាជិករបស់ ICC ចាប់ តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក ដូច្នេះប្រទេស នេះនឹងស្ថិតនៅក្នុងការត្រួតពិនិត្យ និង កាត់ទោសរបស់ ICC ប្រសិនបើមាន ទោស។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីហ្វុីលីពីនបានចេញបញ្ជាឲ្យប៉ូលិស ទាហាន ឬពលរដ្ឋអាចសម្លាប់អ្នក ប្រើប្រាស់ និងជួញដូរគ្រឿងញៀនបាន ដោយមិនមានទោសអ្វីឡើយ។ លោក ឌុយទែរតេ ក៏បានប្រកាសថា មានករណីសម្លាប់មនុស្សខុសក្នុងសង្គ្រាមនោះដែរ ហើយរដ្ឋាភិបាលនឹងបើកការស្រាវជ្រាវពីបញ្ហាខាងលើ។

កន្លងមកសហគមន៍អន្តរជាតិ ពិសេស គឺអង្គការសិទ្ធិមនុស្សបានថ្កោលទោសយ៉ាង ខ្លាំងដល់ប្រធានាធិបតីហ្វុីលីពីនដែលបានសម្លាប់មនុស្សជាច្រើនក្រៅប្រព័ន្ធតុលាការ ផងដែរ។ សកម្មភាពទាំងនោះអាចធ្វើឲ្យ អ្នកនយោបាយប្រឆាំងនឹងលោក ឌុយទែរ តេ ព្រួយបារម្ភយ៉ាងខ្លាំងខ្លាចរងការបាញ់សម្លាប់ ហើយទម្លាក់កំហុសទៅលើគ្រឿងញៀនដូចជាអភិបាលក្រុងមួយរូបបានរងការបាញ់សម្លាប់នាពេលកន្លងមកអ៊ីចឹងដែរ៕ ម៉ែវ សាធី

The entrance of the ICC is seen in The Hague


ចែករំលែក៖