ព័ត៌មានទាន់ហេតុការណ៍៖

កីឡាល្បុកត្តោកម្ពុជា នឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ ដង្ហែក្បួនព្យុហយាត្រា ឈីងហ្គេ អន្តរជាតិ ដ៏ធំនៅប្រទេសសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ ប្រភេទកីឡាល្បុកត្តោកម្ពុជា ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជា សហជាមួយក្រសួងវប្បធម៌និងវិចត្រសិល្បៈ នាំយកទៅបង្ហាញជូនអ្នកទស្សនាមកពីគ្រប់ទិសទីលើពិភពលោក ក្នុងព្រឹត្តិការណ៍ដង្ហែក្បួន “ឈីងហ្គេ” ដ៏ធំជាងគេនៅតំបន់អាស៊ី ដែលរៀបចំ ដោយសមាគមប្រជាជនសាធារណសិង្ហបុរី ក្រោមគំនិតផ្តួចផ្តើមរបស់អតីតនាយករដ្ឋមន្ត្រី លីក្វាន់យូ តាំងពីឆ្នាំ១៩៧៣ ។ នេះតាមការឲ្យដឹងពីសំណាក់លោក សុខ សប្បាយណា ប្រធានក្រុមប្រឹក្សាភិបាល នៃក្បូនដង្ហែព្យុហយាត្រាកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៧នៅទីស្នាក់ការកណ្កាល សហភាពសហព័ន្ធយុវជនកម្ពុជា ។

លោក សុខ សប្បាយណាបាននិយាយថា ព្រះរាជណាចក្រកម្ពុជា ទទួលបានការអញ្ជើញឲ្យចូលរួម សំណាក់ម្ចាស់ផ្ទះសិង្ហបុរីក្រោយ បន្ទាប់ពីសហភាពសហព័ន្ធយុវជនកម្ពុជាបានចុះអនុស្សរណៈយោគយល់ជាមួយ សហគមប្រជាជនសាធារណរដ្ឋសិង្ហបុរី ដោយភាគី សិង្ហបុរីបានអញ្ជើញកម្ពុជាឲ្យនាំយកសិល្បៈករសិល្បៈការិនី ដែលមានសក្តោនុពល ទៅបង្ហាញជួនទស្សនិកជនក្នុងព្រឹត្តិការណ៍ដង្ហែក្បួន ឈីងហ្គេ អន្តរជាតិដ៏ធំជាងគេក្នុងតំបន់អាស៊ី ដែលមានចម្ងាយផ្លូវ៣៦០គីឡូម៉ែត្រ អមតាមមាត់ប្រឡាយ មាត់ព្រែក ដោយក្រុមសិល្បៈខុសគ្នាមកពី៣៤ប្រទេសនៅលើពីភពលោក។

លោក សុខ សប្បាយណា បានបន្តទៀតថា ទស្សនីយភាពដែលកម្ពុជាគ្រោងនឹងនាំយកទៅបង្ហាញក្នុងព្រឹត្តិការណ៍ ឈីងហ្គេ មានចំណងជើងថា “សុខដុមក្នុងភាពចម្រុះផ្នែកវប្បធម៌” ដោយមានការចូលរួមពីសិល្បៈករសិល្បៈការិនីកម្ពុជាប្រមាណ៥០នាក់ រួមជាមួយថ្នាក់ដឹកនាំប្រតិភូ២៤នាក់សរុម៧៤នាក់ ដើម្បី បង្ហាញជូនទស្សនិកជនមកពីគ្រប់ទិសទី ក្រោមប្រធានបទ “អត្តសញ្ញាណវប្បធម៌ ការការពារវប្បធម៌ និងការអភិវឌ្ឍវប្បធម៌ ការអភិរក្សដើម្បីអភិវឌ្ឍន៍ និងការអភិវឌ្ឍដើម្បីអភិរក្ស” ។

លោក ព្រឿង ឈាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា មូលហេតុដែល ក្រសួងនាំយកកីឡាល្បុក្តោទៅបង្ហាញជូន ក្នុងព្រឹត្តិការណ៍ ដង្ហក្បួនព្យុហយាត្រា ឈីងហ្គេ នៅប្រទេសសិង្ហបុរីនេះ ពីព្រោះបច្ចុប្បន្ន “ល្បុកត្តោកំពុងចលនាមានសកម្មភាពផុលផុសនៅទូទាំងប្រទេសដែរ អីចឹងយើងវាជាគុណប្រយោជន៍ក្នុងប្រទេស ដើម្បីយើងយលទៅធ្វើការផ្សព្វផ្សាយ ឲ្យមានចលនាឡើង ក្នុងនោះវាជាសិល្បៈ វាមិនមែនការ តែវាពិតដោយយើងយកក្បាច់ល្បុកត្តោ ដែលមានអ្នកសម្តែងសុទ្ធសឹងតែជាអ្នកសិល្បៈករ ធ្លាប់មានបទពិសោធន៍ ក្បាច់គុនល្បុកត្តោមែនទានយកកែច្នៃឲ្យវាទៅតាសិល្បៈអីចឹងវា ក្បាច់គុនយើងមានច្រើន ប៉ុន្តែយើងយកល្បុកត្តោដែលជាមេគុនមួយសម្រាប់យើងទៅបង្ហាញអន្តរជាតិ” ។

ជុំវិញព័ត៌មានខាងលើនេះដែរ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាល្បុកត្តោកម្ពុជា បានសំដែងការភ្ញាក់ផ្អើលជាខ្លាំងនៅពេលទទួលបានដំណឹង ពីការនាំកីឡាល្បុកត្តោកម្ពុជា ទៅបង្ហាញនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៧ខាងមុខនេះ។

លោកវ៉ាត់ ចំរើន បានប្រាប់ភ្នាក់ងារយកព័ត៌មានកាសែតនគរវត្តនាព្រឹកថ្ងៃទី៤ខែកុម្ភៈថា “ខ្ញុំអត់បានដឹងទេ តែកន្លងមក ខ្ញុំធ្លាប់ជួបតាមរយៈទូរស័ព្ទជាមួយតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាដែរ ថាចង់នាំយកល្បុកត្តោចេញទៅសម្តែងនៅប្រទេសសិង្ហបុរី ប៉ុន្តែពុំទាន់ដឹកពេលវេលាជាក់លាក់នោះឡើយ”។

លោក បានបញ្ជាក់ថា “ខ្ញុំនឹងសួរទៅខាងសហភាពសហព័ន្ធយុវជនកម្ពុជាសិន ព្រោះខ្ញុំអត់ដឹងពីរឿងនេះទេ”៕ សារីម

1 2 4 3 ត 8 5 ក


ចែករំលែក៖