ប្រភពព័ត៌មានស៊ីអិនអិន បានផ្សាយមុននេះបន្តិចថា តុលាការសហព័ន្ធអាមេរិកបានច្រានចោលសំណើរបស់ក្រសួងយុត្តិធម៌អាមេរិកដែលប្តឹងប្រឆាំងចំពោះការសម្រេចរបស់តុលាការឲ្យបញ្ឈប់ការអនុវត្តបទបញ្ជារបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលហាមពលរដ្ឋ៧ប្រទេសចូលទឹកដីអាមេរិក ។
ក្រសួងយុត្តិធម៌អាមេរិកបានសម្រេចប្តឹងតុលាការកំពូលដែលបានសម្រេចផ្អាក ឬព្យួរបទបញ្ជារបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ហាមឃាត់ការធ្វើដំណើរពលរដ្ឋមកពីប្រទេសមូស្លីមសំខាន់ទាំង៧ ។
ការប្តឹងនេះបានធ្វើឡើងបន្ទាប់ពីតុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ បានសម្រេចច្រានចោលបទបញ្ជារបស់លោកត្រាំដែលហាមអ្នកដំណើរពី៧ប្រទេស គឺអុីរ៉ាក់, លីប៊ី, ស៊ីរី, អុីរ៉ង់, ស៊ូដង់, ស៊ូម៉ាលី និងយេមេន ។
លោកត្រាំ បានប្តឹងតុលាការសហព័ន្ធក្នុងនាមលោកជាប្រធានាធិបតី ព្រមជាមួយរដ្ឋមន្ត្រីសន្តិសុខជាតិ John Kelly និងលោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេសផងដែរ ។ លោកត្រាំ បានហៅការសម្រេចរបស់តុលាការសហព័ន្ធនោះជារឿងគួរឲ្យអស់សំណើច ហើយថាលោកនឹងយកការហាមឃាត់ដ៏ស្របច្បាប់នោះត្រឡប់មកអនុវត្តន៍ឲ្យទាល់តែបាន ។
ព័ត៌មានចុងក្រោយពាក់ព័ន្ធករណីនេះ ប្រភពស៊ីអិនអិនបានផ្សាយថា តុលាការ Ninth Circuit Court អាមេរិកបានច្រានចោលភ្លាមៗសំណើរបស់ក្រសួងយុត្តិធម៌អាមេរិក និងបានស្នើឲ្យភាគីពាក់ព័ន្ធធ្វើបទសង្ខេបផ្លូវច្បាប់មកតុលាការ មុនពេលដែលតុលាការធ្វើសេចក្តីសម្រេច ៕ ថាច់ យ៉ាត