ភ្នំពេញ៖ បុរស២នាក់ ដែលជាសន្តិសុខរបស់ក្រុមហ៊ុនព្រះខ័នរាជ ត្រូវបានជនមិនស្គាល់មុខមកប្រើះហិង្សានិងដកកាំភ្លើងខ្លីបាញ់គំរាម១ចំនួនគ្រាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចមុខការដ្ឋានសាងសង់បុរីមួយកន្លែងក្នុងបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បុរសសន្តិសុខ២នាក់ដែលជាជនរងគ្រោះខាងលើទី១មានឈ្មោះហុីន សុខខេង ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិកោះ ឃុំលលក ស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ និងជាសន្តិសុខរបស់ក្រុមហ៊ុនព្រះខ័នរាជ ស្នាក់នៅក្នុងក្រុមហ៊ុន។ និងទី២មានឈ្មោះគង់ សាវិត ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាសន្តិសុខរបស់ក្រុមហ៊ុនព្រះខ័នរាជ ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើតនៅខេត្តព្រះវិហារ ។
បើតាមសម្ដីជនរងគ្រោះមានឈ្មោះហុិន សុខខេង ដែលជាសន្តិសុខបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានអង្គុយយាមនៅកន្លែងកើតហេតុខាងលើ ក្រោយមកក៏មានកម្មករសំណង់ដែលធ្វើការនៅករដ្ឋាននោះ មានគ្នាប្រមាណ៤ទៅ៥នាក់ បានដើរចូលក្នុងការដ្ឋានដើម្បីសម្រាកយកកម្លាំងធ្វើការស្អែកបន្ត ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីកម្មករសំណង់បានដើរចូលទៅបាត់នោះ ក៏ស្រាប់តែលេចមុខបុរសបង្កហេតុម្នាក់បានបើករថយន្តម៉ាកម៉ាស្ដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z .3578 មួយគ្រឿង បានមកឈប់នៅមុខការដ្ឋាន ហើយចុះមកសួរជនរងគ្រោះដែលជាសន្តិសុខថា តើមានអ្នកដើរចូលក្នុងការដ្ឋានអត់? បន្ទាប់មកជនរងគ្រោះក៏បានឆ្លើយថា មានបង !បន្ទាប់មកទៀតជនបង្កក៏បានឲ្យជនរងគ្រោះទៅហៅកម្មករដែលបានដើរចូលមិញតិចមក ! ហើយជនរងគ្រោះក៏តបទៅវិញថា ខ្ញុំអត់ហ៊ានដើរចោលកន្លែងទេ ចាំខ្ញុំសុំការអនុញាត្តិពីមេការសិន !។ ក្រោយមកទៀត ជនរងគ្រោះក៏ដើរចូលទៅក្នុងការដ្ឋានដើម្បីសុំការអនុញាត្តិពីមេការ ពេលដើរចូលបានបន្តិចក៏ត្រូវបានជនបង្កហេតុហៅមកវិញ រួចហើយបានទះកំផ្លៀងនិងទាត់ជនរងគ្រោះមួយដៃទៅមួយជើង ធ្វើឲ្យជនរងគ្រោះរត់ទៅក្នុងការដ្ឋានវិញ រួចហើយសន្តិសុខម្នាក់ឈ្មោះគង់ សាវិត បានដើរចេញមកក៏ជនបង្កថា នរណាវៃគ្នាគាត់ ! ពេលនោះជនបង្កក៏បានទៅទាត់ធាក់និងដកកាំភ្លើងខ្លីម៉ាក់ឡុក អាម៉េបាញ់ជុចដីចំនួន១គ្រាប់ដើម្បីគំរាម តែសំណាងល្អមិនធ្វើឲ្យសន្តិសុខទាំង២នាក់ខាងលើរងរបួសធ្ងន់ធ្ងរនោះទេ។
ក្រោយពេលកើតហេតុភា្លមៗ ជនបង្កហេតុ បានបើករថយន្តគេចខ្លួនបាត់ ហើយជនរងគ្រោះក៏ត្រូវបានដំណាងក្រុមហ៊ុនសន្តិសុខជូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញា ។ គួរបញ្ចាក់ផងដែរថា ករណីខាងលើគឺមិនដឹងថា ជនបង្កហេតុមានទំនាស់អ្វីជាមួយកម្មករសំណាង់នោះទេ ហើយធ្វើឲ្យរូបគេមកខឹងសន្តិសុខនិងបង្កហិង្សាបែបនេះទៅវិញ៕ ភារ៉ា ដង្កោ