ខ្សែការពារអន្តរជាតិបារាំង Lucas Hernandez របស់ក្លិប Atletico Madrid ត្រូវបានរដ្ឋអាជ្ញាសាធារណៈរបស់ប្រទេសអេស្ប៉ាញស្នើឲ្យមានការកាត់ទោសរយៈពេល៧ខែ។ នេះបើយោងទៅតាមណ្តាញសារព័ត៌មានអេស្ប៉ាញកាលពីថ្ងៃដើមសប្តាហ៍កន្លងទៅ ។
កីឡាករ Hernandez វ័យ២០ឆ្នាំរូបនេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុនក្រោយពីមិត្តស្រីរបស់គេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានរបួសបន្តិចបន្តួច ក្រោយពីការផ្ទុះជម្លោះហិង្សារវាងអ្នកទាំង២។ មិនមានភាគីណាមួយបានដាក់ពាក្យបណ្តឹងប្តឹងគ្នាឡើយ ប៉ុន្តែរដ្ឋអាជ្ញាសាធារណៈ បានស្នើឲ្យទាំងភាគីពីរត្រូវរងនូវកាត់ទោសដូចគ្នា ខណៈដែលដៃគូរបស់ Hernandez នឹងត្រូវប្រឈមមុខនឹងការជាប់គុករយៈពេល ៦ខែ។
បើទោះបីត្រូវបានកាត់ទោស ក៏ដោយកីឡាកររូបនេះត្រូវស្ថិតក្នុងពន្ធនាគារឡើយ ខណៈដែលការកាត់ទោសផ្សេងៗ ក្រោមរយៈពេល២ឆ្នាំ ជាធម្មតាត្រូវព្យួរសម្រាប់ការប្រព្រឹត្តល្មើសជាលើកទី១នៅអេស្ប៉ាញ។
តុលាការជាន់ខ្ពស់ក្នុងទីក្រុង Madrid បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាអាជ្ញាសាធារណចោទប្រកាន់ ខ្សែការពាររបស់ក្លិប Atletico Madrid រូបនេះ ពីបទប្រព្រឹត្តអំពើហិង្សា និងការបង្កឲ្យមានរងរបួស»។ ក្នុងដំណាក់កាលរង់ចាំសេចក្តីសម្រេចពីតុលាការ គូសង្សាររូបនេះ ត្រូវបានហាមមិនឲ្យស្ថិតនៅក្បែរគ្នាឡើយ ៕ ដេវីត