ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ជាប់គុករកស៊ីគ្រឿងញៀនចេញមកវិញបន្តរកស៊ីគ្រឿងញៀនទៀត ត្រូវនគរបាលឃាត់ខ្លួន ជាមួយនឹងថ្នាំញៀន១០កញ្ចប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យគ្រឿងញៀន២នាក់ ក្នុងនោះមានជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនឹងជួញដូរគ្រឿងញៀនខុសច្បាប់ ហើយចេញមកវិញ មិនរាងចាល បន្តធ្វើសកម្មភាពជួញដូរគ្រឿងញៀនថែមទៀត រងការបង្រ្កាបចាប់ឃាត់ខ្លួនដោយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការ និងកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងថ្នាំញៀន១០កញ្ចប់តូច កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសលក់ចែកចាយគ្រឿងញៀនខុសច្បាប់។

លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងថា ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនទាំង២នាក់ ធ្វើឡើងទន្ទឹមដែលវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស បានកំពុងអនុវត្ត ដោយឡែកនៅខេត្តបាត់ដំបង ជាពិសេស កម្លាំងនគរបាលខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត ក្នុងរយៈពេលជាង១ខែចុងក្រោយ បានបង្រ្កាបឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជាច្រើននាក់ និងថ្នាំញៀនមួយចំនួនធំផងដែរ។

ជនសង្ស័យគ្រឿងញៀនទាំង២នាក់មានឈ្មោះ ១,វុទ្ធី វណ្ណថៃ ភេទប្រុសអាយុ ២១ឆ្នាំ ២,អិដ្ឋ សុផាត ហៅកុង ភេទប្រុស អាយុ២៥ឆ្នាំ ជនសង្ស័យរូបនេះ ពីមុនមកធ្លាប់ជាប់ពន្ធនាគារម្តងមកហើយ ពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន ចេញពីពន្ធនាគារបានរយៈពេល៣ទៅ៤ឆ្នាំ ហើយមកបន្តធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនជាដដែល ត្រូវបានកម្លាំងនគរបាលបង្រ្កាបឃាត់ខ្លួនបានជាលើកទី២។ ជនសង្ស័យទាំង២នាក់ គ្មានមុខរបរពិតប្រាកដនោះទេ រស់នៅភូមិ សង្កាត់ខាងលើ ។ ជាមួយនិងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១០កញ្ចប់តូច ស្មើនឹងទម្ងន់១០.៧២ក្រាម និងកូនជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿងផងដែរ ។

លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា កម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនខាងលើ ក្រោយពីសមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេត និងមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋមកសមត្ថកិច្ច ទើបកម្លាំងនគរបាលឈានដល់ការបង្រ្កាបជាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនទាំង២នាក់នេះបានតែម្តង ។ សមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីស្វែងរកបង្រ្កាបចាប់ឃាត់ខ្លួនមេខ្លោងនៅខាងក្រោយ ដែលជាអ្នកផ្គត់ផ្គង់គ្រឿងញៀនឱ្យជនសង្ស័យទាំង២នាក់ធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀននៅខេត្តបាត់ដំបងនោះ។ជនសង្ស័យ និងវត្ថុតាងថ្នាំញៀន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា

IMG_8941 IMG_8873 IMG_8937 IMG_8938 IMG_8940


ចែករំលែក៖