ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាហ្វ្រិកខាងត្បូង ខកចិត្ត ពេលប្រធានាធិបតី និងតំណាងរាស្ត្រក្នុងសភា ប្រើប្រាស់«ដៃជើង»និយាយគ្នា

ចែករំលែក៖

 

នៅក្នុងកិច្ចប្រជុំសភា អាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី៩ ខែកុម្ភៈ ក្លាយទៅជារឿងអាស្រូវ «សោកនាដកម្មនយោបាយ» ក្រោយពេលដែលតំណាងរាស្ត្រ មកពីគណបក្សប្រឆាំងបានប្រើប្រាស់ដៃជើង ដើម្បីដោះស្រាយបញ្ហា ការខកចិត្តចំពោះការដឹកនាំប្រធានាធិបតី ។

នៅក្នុងកិច្ចប្រជុំសភា ក្នុងទីក្រុង Cape Town ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma មានគម្រោងថ្លែងសុន្ទរកថា នៅក្នុងសភា។ ជាមួយគ្នានោះ លោកក៏បានស្នើដល់ក្រុមសន្តិសុខជាង ៤០០នាក់ការពារ អគារដ្ឋសភា ខ្លាចមានហេតុការណ៍អាក្រក់កើតឡើង ។ តំណាងរាស្ត្រគណបក្សប្រឆាំង មានការខកចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ប្រធានាធិបតីដោយចាត់ទុកថា ជាសកម្មភាព គ្រប់គ្រងដោយយោធារបស់ប្រធានាធិបតី។

នៅក្នុងកិច្ចប្រជុំ មេដឹកនាំគណបក្សប្រឆាំង បានដាក់សំណួរចោទសួរទៅលើប្រធានាធិបតីជាច្រើន ធ្វើឲ្យប្រធានាធិបតីត្រូវផ្អាក់សុន្ទរកថារបស់ខ្លួន។

ក្រោយមក តំណាងរាស្ត្រមកពីគណបក្សប្រឆាំង ស្លៀកពាក់អាវក្រហម ត្រូវបានកម្លាំងសន្តិសុខអូសចេញក្រៅសភា ។ ពេលនោះ ការប៉ះទង្គិចគ្នាកើតឡើង ដោយតំណាងរាស្ត្រគណបក្សទាំងពីរបានប្រើប្រាស់ជើងដៃ ជំនួសសំដី និយាយគ្នា ។

នៅខាងក្រៅសភាវិញ ប៉ូលិសបានបំបែកហ្វូងបាតុកម្ម ដែលមានពីរក្រុមផ្សេងគ្នា មួយក្រុមប្រឆាំង និងមួយក្រុមទៀតគាំទ្រ ។

រយៈពេលចុងក្រោយនេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមប្រឆាំង ក៏ដូចជាពលរដ្ឋមួយចំនួនធំ ដោយសារតែបញ្ហាសេដ្ឋកិច្ច ។ ជាមួយគ្នានេះ ប្រធានាធិបតីក៏ទទួលរងការចោទប្រកាន់ថា បានប្រព្រិត្តអំពើពុករលួយជាទ្រង់ទ្រាយធំ ៕ ម៉ែវ សាធី

namphi


ចែករំលែក៖