ភ្នំពេញ ៖ បុរស២នាក់ជាបុគ្គលិកហាងខារ៉ាអូខេយីហោ រ៉ូមែនទិច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូដេញវាយ កាប់ ចាក់គ្នា តាមផ្លូវសាធារណៈ បណ្តាលអោយមានរងរបួសស្នាមទាំងសងខាង។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខាងមុខផ្ទះលេខ ៦Z ផ្លូវម៉ៅសេទុង ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ថា បុរសទី១-ឈ្មោះ កៅ ហាន់ស៊ាន អាយុ៣០ឆ្នាំ មុខរបរមេការខារ៉ាអូខេយីហោ រ៉ូមែនទិច ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បុរសទី២-ឈ្មោះ ចាន់ វណ្ណារ៉ា អាយុ៤៣ឆ្នាំ មុខរបរជាងម៉ាស៊ីននៅខារ៉ាអូខេ រ៉ូមែនទិច ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកកើតហេតុ ពួកគេមានគ្នាមួយក្រុម មានគ្នា៥នាក់ បានចេញពីធ្វើការនៅហាងខារ៉ាអូខេ រ៉ូមែនទិច ដែលមានទីតាំងនៅម្តុំផ្សារចាស់ ហើយបាននាំគ្នាផឹកស៊ីនៅហាងខារ៉ាអូខេគ្រួសារមួយកន្លែង ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
មួយស្ទុះក្រោយមក ក៏បានហៅគិតលុយអស់ចំនួន៣៥ដុល្លារ តែឈ្មោះ ចាន់ សុវណ្ណារ៉ា មិនបានជួយចេញលុយឡើយ ហើយក៏បង្កឲ្យមានជម្លោះពាក្យសម្ដីជាមួយនឹងបុរសម្នាក់ទៀត ឈ្មោះ កៅ ហាន់ស៊ាន ពេលដែលមានជម្លោះពាក្យសម្ដីតាំងពីនៅក្នុងហាងខារ៉ាអូខេខាងលើ រហូតជិះម៉ូតូឈ្លោះគ្នាទៀតនៅតាមផ្លូវសាធារណៈ លុះមកដល់ចំណុចកន្លែងកើតហេតុខាងលើ ពួកគេក៏បានឈប់ម៉ូតូ បុរសម្នាក់បានទៅទាញយកទួលណឺវីស និងម្នាក់ទៀតបានយកមួកការពារសុវត្ថិភាពដេញវាយ និងចាក់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសទាំងសងខាង ភ្លាមៗនោះក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់កំពុងល្បាតក៏បានឃាត់ខ្លួនទាំង២នាក់តែម្តង។
ក្រោយពេលកើតហេតុ បុរសទាំងពីរនាក់ ត្រូវបាននគរបាលប៉ុស្តិ៍ទន្លេបាសាក់នាំខ្លួនមកសាកសួរ និងធ្វើកំណត់ហេតុ ហើយបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយ ៕ ស រស្មី