ភ្នំពេញ៖ រូបថត Pre-Wedding របស់តារាចម្រៀង និងសម្តែង មុន្នី ឌីយ៉ាម៉ង់ ជាច្រើនសន្លឹក ដែលបង្ហាញពីការចូលរួមជួយសង្គម ដូចជាការចែកអាហារ ការផ្សព្វផ្សាយពីការចូលរួមការពារបរិស្ថាន និងការទទួលទានអាហារជាមួយអ្នកបោសសំរាមរបស់កម្មករក្រុមហ៊ុនស៊ិនទ្រី បានទាក់ទាញការចាប់អារម្មណ៍ខ្លាំង។
តារារូបនេះស្នើឲ្យមហាជន មេត្តាបន្តចូលរួមជួយសង្គមតាមរយៈការចែករំលែកជួយគ្នា និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពពេលធ្វើដំណើរតាមដងផ្លូវ ។
តារាចម្រៀងសម្តែង និងជាអ្នកលេងសៀករហ័សកម្មលោក មុន្នី ឌីយ៉ាម៉ង់ បានសម្រេចចិត្តចូលរោងការនឹងកញ្ញា ឈួ ស្រីពៅ នៅថ្ងៃទី១២ ខែកុម្ភៈ បន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់ប្រមាណ៥ឆ្នាំរួចមក ។
ពិធីទទួលភ្ញៀវនៅល្ងាចថ្ងៃដដែលនោះដែរ នៅមជ្ឈមណ្ឌលកោះពេជ្រ អគារL។ ក្នុងថ្ងៃរៀបការនេះដែរ តារាប្រុសរូបនេះ បានបង្ហាញនូវរូបភាព និងសកម្មភាពសង្គមនានា និងស្នើឲ្យមហាជនចេះជួយ និងចែករំលែកក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ។
តារាចម្រៀងប្រចាំក្រុម De5initeរូប នេះ លើកឡើងថា អ្នកសិល្បៈមិនច្រើននោះទេ ដែលលោកអញ្ជើញឲ្យចូលរួម គឺមានតែអ្នកជិតដិតដែលខានមិនបានតែប៉ុណ្ណោះ។ លោកថា ដោយសារខែនេះ គឺជាខែដែលអ្នកសិល្បៈ និងផលិតករមមាញឹកច្រើននឹងកម្មវិធីប្រគំតន្ត្រីនៅតាមខេត្តក្រុងនានា ហើយកម្មវិធីមង្គលការលោកចំថ្ងៃអាទិត្យទៀត ទើបលោកមិនហ៊ានរំខានច្រើន។ លោកថា អ្នកសិល្បៈប្រមាណ៥តុប៉ុណ្ណោះ ដែលនឹងមានវត្តមាន ។ ជាមួយគ្នានេះ លោកក៏សុំទោសចំពោះការសម្រេចចិត្តមិនអញ្ជើញពួកគាត់ ព្រោះតែដឹងពីធុរៈរបស់អ្នកសិល្បៈដូចគ្នា។
លោកថា Pre-Wedding របស់លោកដែលដាក់តាំងបង្ហាញក្នុងថ្ងៃរៀបការ គឺស្ថិតក្នុងន័យជួយក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមជួយសង្គមទាំងអស់គ្នា ទោះតិចក្តីច្រើនក្ដី។ លោកធ្លាប់បានឃើញរូបថត Pre-Wedding របស់គូស្នេហ៍ភាគច្រើនទៅថតនៅសមុទ្រ តាមតំបន់ភ្នំ ឬវាលទំនាបជាដើម ប៉ុន្តែសម្រាប់លោកវិញរូបថតPre-Wedding របស់លោកអ្វីដែលនឹកឃើញមុនគេ គឺសង្គមដោយគិតថា នេះជាគំនិតមួយប្លែក ក៏ដូចជាបានចូលរួមចំណែកផ្សព្វផ្សាយពីសង្គមផងដែរ។
ជាមួយគ្នានេះ លោកក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមកិច្ចការងារសង្គមទៅតាមលទ្ធភាព ទាំងការចែករំលែកចំណេះដឹង បទពិសោធន៍ ធនធាន ចូលរួមថែរក្សារការពារបរិស្ថាន និងសូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ៕ វឌ្ឍនា