ខេត្តកណ្តាលៈ បុរសម្នាក់ ដាច់ចិត្តលើកដៃកាន់កាំបិតចាក់ប្រហារមិត្តរួមការងារ បណ្តាលឲ្យរងរបួសក្នុងជម្លោះវង់ផឹកស៊ី កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្នល់ ឃុំវិហារលួង ស្រុកពញាឮ ។ ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលបានអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ម៉ែន សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ។ ចំណែកឯជនរងគ្រោះឈ្មោះ ម៉ម ចាន់រី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិថ្នល់ ឃុំវិហារលួង ស្រុកពញាឮ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស្រាជាមួយគ្នានៅផ្ទះរបស់ឈ្មោះ ម៉ែន សុផល ស្ថិតក្នុងភូមិ/ឃុំកើតហេតុខាងលើ ខណៈកំពុងផឹកស៊ីជនរងគ្រោះ និងជនសង្ស័យបានឈ្លោះប្រកែកគ្នា រហូតតឹងសសៃ.ករៀងៗខ្លួន បើទោះបីជាមានអ្នកឃាត់ក៏មិនស្តាប់ ។ ជម្លោះកាន់តែខ្លាំងឡើងរហូតធ្វើឲ្យជនសង្ស័យស្ទុះទាញយកកាំបិតចាក់ត្រូវជនរងគ្រោះ បណ្តាលឲ្យរងរបួសស្រាល ទើបមានសមត្ថកិច្ចនគរបាលចុះទៅអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ