ភ្នំពេញ៖ ផលិតកម្មឥន្ទ្រា និម្មិតបានប្រកាសបង្ហាញមុខតារាសម្តែងក្នុងភាពយន្តខ្នាតធំទី២ គឺរឿង«សសរកន្លោង» ហើយកាលពីរាត្រីថ្ងៃទី១១ ខែកុម្ភៈនេះ។ ទាំងផលិតករ និងសិល្បករសុទ្ធតែបង្ហាញពីការជឿជាក់ថា ភាពយន្តថ្មីនេះ អាចនឹងកាន់តែកក្រើកខ្លាំង ជាងស្នាដៃទី១រឿងកំណត់ហេតុនាងនាថ ។
លោកចាន់ ណារ៉ូណាន អ្នកនិពន្ធ និងដឹកនាំរឿងបញ្ជាក់ថា ទាំងតារាសម្តែង សាច់រឿង បច្ចេកទេសថ្មី នឹងធ្វើឲ្យភាពយន្តនេះក្លាយជាភាពយន្តដែលភ័យរន្ធត់បំផុត និងធ្វើឲ្យរឿង សសរកន្លោង ជារឿងដែលមានគុណភាពខ្ពស់មួយផងដែរ ។ អ្វីដែលលោករំពឹងថា ជោគជ័យ ព្រោះតែការស្ទាបស្ទង់ពីសន្ទុះនៃពីអ្នកគាំទ្រក្រោយពីឡោកប្រកាសចេញថតរឿងនេះ ហើយអ្វីដែលលោកកាន់តែជឿជាក់ព្រោះតែរឿងនេះកាន់តែប្លែកក្រោមការសម្រិតសម្រាំងគ្រប់ផ្នែកដើម្បីប្រាកដថា នឹងទាក់ទាញអារម្មណ៍អ្នកទស្សនាកាន់តែច្រើន។
លោកថា រឿងនេះនឹងនិយាយអំពីសសរកន្លោងដែលដកស្រសង់ចេញពីរឿងព្រេងនិទានខ្មែរ និងតាមរយៈការដំណាលគ្នាពីមាត់មួយទៅមាត់មួយរបស់ចាស់ទុំបូកផ្សំជាមួយនឹងគំនិតច្នៃប្រឌិតថ្មីឲ្យរឿងនេះកាន់តែពិសេស។
លោកបញ្ជាក់ថា ផ្ទះដែលសេសសល់ពីសម័យអាណានិគមនិយមបារាំង នៅខេត្តកែប និងត្រូវធ្វើការកែច្នៃដើម្បីឲ្យផ្ទះនេះកាន់តែសាកសមសម្រាប់ផលិតរឿងបែបភ័យរន្ធត់នេះ។ លោកបញ្ជាក់ដែរថា នឹងបញ្ចេញខ្សែវីដេអូខ្លីៗបង្ហាញទស្សនិកជនថាតើខ្មោច ដែលលោកឲ្យអ្នកជំនាញតុបតែងមុខនោះនឹងជាខ្មោចដែលគួរឲ្យខ្លាចកម្រិតណា។
លោកថា ក្រៅពីភ័យខ្លាចរឿងនេះ ក៏នឹងធ្វើឲ្យអ្នកទស្សនាសើចសប្បាយខ្លាំងផងដែរជាមួយឈុតឆាកកំប្លែងជាច្រើនទៀត។
គួរបញ្ជាក់ដែរថាភាពយន្តរឿង សសរកន្លោង នឹងចាប់ផ្តើមធ្វើការផលិតចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ដោយមានពិធីក្រុងពាលីតែម្តងនៅតំបន់ដែលសិល្បករផលិតករចេញទៅថតគឺខេត្តកែប ។ ភាពយន្តនេះ ចំណាយពេលថតប្រមាណជិតមួយខែ និងត្រូវប្រើប្រាស់ដើមទុនច្រើនជាង៨ម៉ឺនដុល្លារអាមេរិក ។
តារាសម្តែងនៅក្នុងរឿងនេះ មាន កញ្ញា យ៉ែម ស្រីពេជ្រ លោកទ្រី តារាវុធ លោក ភីម៉ៃ អ្នកនាងម៉េង ប៉ោង លោកហេង ចាន់វិសាល អ្នកនាង ឆៃ លីដាឡែន លោក ហ៊ុន សុភី និងតារាសម្តែងថ្មីដែលសុទ្ធសឹងតែជា Feshie Boy និងFreshie Girl មានសម្រស់ស្រស់ស្អាត សង្ហា និងមានសមត្ថភាពខ្ពស់ក្នុងការសម្តែងផងដែរ។
កន្លងមកស្នាដៃទីមួយរឿង កំណត់ហេតុនាងនាថ ធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកទស្សនា ហើយរឿងនេះក៏ជារឿងដែលមានប្រជាប្រិយភាពនិងចំនួនអ្នកគាំទ្រច្រើនបំផុតប្រចាំឆ្នាំ២០១៦។ បន្ទាប់ពីរឿង សសរកន្លោង ដែលជាស្នាដៃទី២លោក ក៏នឹងត្រៀមផលិតភាពយន្តបែបកំប្លែងថ្មីមួយទៀតនៅពេលខាងមុខនេះដែរគឺរឿង សំណើច៦៥២គីឡូម៉ែត ៕ វឌ្ឍនា