ភ្នំពេញ៖ រឿងក្តីទីតាំងផលិតគ្រឿងញៀន ដែលសមត្ថកិច្ចនគរបាលកម្ពុជាបង្ក្រាប និងចាប់ ហើយក្នុងនោះមានការចូលរួមពីជំនាញនៃប្រទេសអូស្ត្រាលីផងដែរ លើករណីទីតាំងផលិតគ្រឿងញៀនមួយនេះ ។ នៅព្រឹកថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មការចម្រុះ ក្នុងនោះមានក្រសួងចំនួន៣ គឺក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុ ដែលមានតំណាងចុះរៀងៗខ្លួន បូករួមជាមួយអាជ្ញាធរពាក់ព័ន្ធបានចុះទៅដល់ទីតាំងដីឡូត៍មួយនេះ ដើម្បីអនុវត្តសាលដីការបស់តុលាការកំពូល រឹបអូសយកដីនោះ មកទុកជាសម្បត្តិរបស់រដ្ឋ ។
ទីតាំងដែលគណៈកម្មការចម្រុះចុះអនុវត្តខាងលើនេះ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលការអនុវត្តនេះផងដែរ យោងទៅតាមដីកាលេខ៩៤ របស់សាលាកំពូលចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ និងយោងតាមសេចក្តីលេខ០៥៤ សហវ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការគ្រប់គ្រងទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
សមាសភាពរបស់គណៈកម្មការដែលចុះអនុវត្តសាលដីកាតុលាការកំពូលនេះ មានលោក ឈន សុភាព អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នេត មុនី អគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអស់លោកមួយចំនួនទៀត ព្រមទាំងអាជ្ញាធរដែនដីជាច្រើនរូបផងដែរ ។
បើតាមសមត្ថកិច្ចដែលចុះទៅអនុវត្តទីតាំងខាងលើនេះបានលួចបង្ហើបឲ្យដឹងថា ដីឡូត៍ដែលគណៈកម្មការចុះអនុវត្តហើយរឹបអូសយកទុកជាសម្បត្តិរដ្ឋនោះមានទំហំ ២៥០០ម៉ែត្រការ៉េ ដែលមានតម្លៃរាប់លានដុល្លារ ។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៤ សមត្ថកិច្ចនគរបាលកម្ពុជាបានស្រាវជ្រាវឈានដល់ការបង្ក្រាបទីតាំងផលិតគ្រឿងញៀននេះ ហើយបានឃាត់ខ្លួនមនុស្ស និងដកហូតវត្ថុតាងមួយចំនួនធំ ក្នុងនោះមានការជាប់ពាក់ព័ន្ធជាមួយជនបរទេសផងដែរ ។ ចំពោះករណីមួយនេះ បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ហើយជាមួយគ្នានោះ គណៈកម្មការនឹងបន្តធ្វើនៅទីតាំងមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីមួយនេះ ដើម្បីបញ្ចប់ សំណុំរឿងគ្រឿងញៀននោះ ៕ អរុណរះ