ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌមានជ័យ ចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ក្នុងនោះមានស្ត្រីគ្រូទាយម្នាក់ ដែលមានរហ័ស្សនាម ម៉ែគ្រូ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន សហការជាមួយនឹងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ចាប់ខ្លួនបាន ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដកហូតបានថ្នាំញៀន ៥កញ្ចប់ធំ។

ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ តាមបណ្តោយផ្លូវលំ ក្រុមទី១ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើ ទី១មានឈ្មោះ យូរ គឹមដាវុធ ហៅម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងជនសង្ស័យទី២ឈ្មោះ កែវ រ៉ាវី ហៅ ម៉ែគ្រូ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរគ្រូទាយស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម១ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ក្រាម ពណ៌សថ្លាចំនួន៥កញ្ចប់ ក្នុងនោះមាន៤កញ្ចប់ធំ និង១កញ្ចប់តូច ,ជញ្ជីងអេឡិចត្រូនិច១គ្រឿង,ទូរសព្ទដៃ២គ្រឿង ,ថង់បា្លស្ទីច មួយចំនួន រួមនិងឧបករណ៍សម្រាប់ជក់គ្រឿងញៀន១ចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ ដោយយោងតាមបញ្ជារដ៏ខ្ពង់ខ្ពស់ពីសំណាក់ នាយឧត្តមសេនីយ៍ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាបញ្ជាពីលោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ឲ្យកម្លាំងក្នុងមូលដ្ឋានខិតខំបង្ក្រាបនូវរាល់បទល្មើសគ្រឿងញៀន ដើម្បីចូលរួមក្នុងយុទ្ធនាការបង្កា និងបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសរួចមក កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ដឹកនាំដោយលោក ហួរ ម៉េងវ៉ាង អធិការរងទទួលបន្ទុកផែនយុត្តិធម៌នគរបាលខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍បឹងទំពុន ចុះធ្វើរដ្ឋបាលនៅចំណុចកើតហេតុខាងលើ ឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យឈ្មោះ យូរ គឹមដាវុធ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យ ក៏ត្រួតពិនិត្យរកឃើញមានថ្នាំញៀនចំនួន២កញ្ចប់ធំនិងតូច ដែលជនសង្ស័យបានលាក់ទុកនៅក្នុងហោប៉ៅខោ រួចក៏ធ្វើការចាប់ខ្លួនយកមកសាកសួរ។

ក្រោយពីសាកសួររួចមក ជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំញៀននេះពីជនសង្ស័យម្នាក់ទៀត ឈ្មោះ កែវ រ៉ាវី ហៅម៉ែគ្រូ ទើបសមត្ថកិច្ចបន្តចុះទៅធ្វើការត្រួតពិនិត្យនិងឆែកឆេរបន្ទប់ជួលដែលជនសង្ស័យស្នាក់នៅ ដកហូតបានថ្នាំញៀន៣កញ្ចប់ធំ ជញ្ជីង ថង់ប្លាស្ទីច រួមនិងឧបករណ៍មួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកកាន់ប៉ុស្តិ៍បឹងទំពុនសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ តាឡឹម

ds3


ចែករំលែក៖