ព័ត៌មានទាន់ហេតុការណ៍៖

កាមរីឆ្លាមបោះពួយក្នុងល្បឿនលឿនដូចហោះជ្រុលបុកត្រាក់ទ័រសណ្ដោងរ៉ឺម៉កដឹកម៉ាស៊ីនច្រូតស្រូវចតស្ងៀមរបួស៥នាក់ នៅលើកំណាត់ផ្លូវជាតិលេខ ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តកាមរីឆ្លាមរត់ឈ្នួលបោះពួយក្នុងល្បឿនលឿនដូចហោះ ជ្រុលចង្កូតរេបុកត្រាក់ទ័រសណ្ដោងរ៉ឺម៉ក ដឹកម៉ាស៊ីនច្រូតស្រូវ ខណៈកំពុងបែកកង់ចតស្ងាមនៅលើផ្លូវជាតិលេខ ៥ បណ្ដាលឲ្យរងរបួសចំនួន ៥នាក់ និងរងការខូចខាតរថយន្តយ៉ាងដំណំផងដែរ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៨-១៧៩ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននានា នៅកន្លែងកើតហេតុលើកឡើងស្រដៀងៗគ្នាថា គេឃើញត្រាក់ទ័រ ១គ្រឿង សណ្ដោងរ៉ឺម៉កដឹកម៉ាស៊ីនច្រូតស្រូវ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់រ៉ឺម៉កផ្នែកខាងក្រោយ(ស្តាំ) គ្រានោះ ក៏បានអែបចិញ្ចើមផ្លូវស្តាំដៃ ដើម្បីចតប្តូរកង់ ដោយបានកាច់មែកឈើដាក់ជាសញ្ញា និងមានភ្លើងបំភ្លឺផ្នែកខាងក្រោយចេញពីម៉ាស៊ីនច្រូតស្រូវនៅលើរ៉ឺម៉កនោះផងដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េច ស្រាប់តែមានរថយន្តមួយគ្រឿងម៉ា ក តូយូតា កាមរីឆ្លាម ចង្កូតឆ្វេង ពណ៍ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2 i 2353 ធ្វើដំណើរស្របទិសគ្នា(លិច.កើត) មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរចំនួន៥នាក់ នៅក្នុងរថយន្តឆ្លាមនោះរងរបួសស្រាលទាំងអស់តែម្តង ។

ប្រភពខាងលើបន្តថា អ្នកបើកបរត្រាក់ទ័រសណ្ដោងរ៉ឺម៉កដឹកម៉ាស៊ីនច្រូតស្រូវត្រូវបានគេស្គាល់ឈ្មោះ ខុម វណ្ណនី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដូងជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ពេញ ពឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិព្រះអំពិល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកអ្នកបើកបររថយន្តរត់ឈ្នួលម៉ាក តូយូតា កាមរីឆ្លាម ត្រូវបានគេស្គាល់ឈ្មោះអ៊ឹង គឹមហួន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង និងអ្នករួមដំណើរចំនួន ៤នាក់ផ្សេងទៀត គេពុំបានបញ្ជាក់អំពីអត្តសញ្ញាណនោះទេ ហើយអ្នកទាំង ៥នាក់ (បើកបរអ្នករួមដំណើរ) រងរបួសស្រាលទាំងអស់គ្នា ។

ប្រភពដដែលខាងលើអះអាងបន្តទៀតថា ក្រោយកើតហេតុភាគីទាំងសង់ខាងបានជជែកសម្របសម្រួលគ្នា ដោយមិនចង់វែងឆ្ងាយ ហើយក៏មិនចង់យកទៅដោះស្រាយគ្នានៅកន្លែងសមត្តកិច្ចនោះដែរ ដោយភាគីរថយន្តរត់ឈ្មួល(ឆ្លាម)ទាមទារសំណងការខូចខាតក្នុងតំលៃចំនួន៤ពាន់ដូល្លារអាមេរិក ប៉ុន្តែក្រោយមក គាត់ចុះថ្លៃនៅសល់ត្រឹមតែចំនួន ២.៥០០ដូល្លារអាមេរិក ចំណែកភាគីត្រាក់ទ័រសណ្ដោងរ៉ឺម៉កដឹកម៉ាស៊ីនច្រូវស្រូវ ព្រមជួយថ្លៃការខូចខាតត្រឹមតែចំនួន ១.៥០០ដុល្លារអាមេរិកប៉ុណ្ណោះ ។

ការជជែកគ្នានៅកន្លែងកើតហេតុអស់រយៈជាច្រើនម៉ោងដោយមិនមានលទ្ធផលនោះ ទើបសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ផ្លូវគោក ក្រុងពោធិ៍សាត់ សម្រេចជួលរថយន្តស្ទូចមកស្ទូចលើកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរង់ចាំវាស់វែង និងបន្តការដោះស្រាយគ្នាតាមនីតិវិធីទៀត ៕ ប៉ឹម ពិន

ae (9) ae ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8)


ចែករំលែក៖