ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាប៉តង់ ជ្រើសរើសជើងឯក ពិភពលោក ដែលប្រព្រឹតទៅនាខែមីនា ឆ្នាំ២០១៧ ត្រូវបានគ្រូបង្វឹកកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា បង្ហាញពីក្តីបារម្ភ ចំពោះការប្រកួតនេះថា កម្ពុជាប្រឈមជាមួយនឹងឧបសគ្គក្នុងការប្រកួតនេះ ចំនួន៤ប្រទេស ក្នុងចំណោម៤០ប្រទេស ដែលបញ្ជូនអត្តពលិករបស់ខ្លួនមកប្រជែងដណ្តើមនៅប្រទេសប៊ែលហ្សិកនេះ ។
លោក ហឹមផាត ប្រធានគ្រូជម្រើសជាតិប៉េតង់ កម្ពុជាបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោក គឺប្រទេស៤ ក្នុងចំណោម៤០នោះមានដូចជា ប្រទេស ថៃ បារាំង នីហ្សេរីយ៉ា និង ម៉ាដាកាសស្កា ដែលជារនាំងរាំងខ្ទប់ មិនឲ្យកម្ពុជាដណ្តើមយកមេដាយមាស ពីការប្រកួតពិភពលោកនៅប្រទេសប៊ែលហ្សិកលើកនេះ ។ លោក បានបន្តថា ប្រទេសទាំង៤នេះ កីឡាករ កីឡាការិនីរបស់គេមានសមត្ថភាពខ្លាំងប្រហាក់ប្រហែល នឹងកម្ពុជាដែរ ធ្វើឲ្យកីឡាករកីឡាការិនីកម្ពុជាពិបាកក្នុងការប្រជែងយកមេដាយមាសជូនជាតិ។ ទោះជាយ៉ាងណា ក៏លោកនៅតែមានជំនឿចិត្តថា កីឡាករ កីឡាការិនីកម្ពុជា នឹងនាំយកមេដាយមកជូនប្រទេសបានក្នុងចំណោយមេដាយទាំង៣កម្រិតនោះ ។
ប្រធានគ្រូបង្វឹកជម្រើសជាតិកីឡាប៉េតង់បញ្ជាក់ថា កីឡាករ កីឡាការិនីដែលសហព័ន្ធគ្រោងបញ្ជូនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកពិភពលោក ចន្លោះពីថ្ងៃទី១៣ ដល់១៦ខែមីនា ឆ្នាំ២០១៧ មាន៤នាក់ គឺកីឡាករសុខ ចាន់មាន កីឡាករញ៉ែម បូរ៉ា កីឡាការិនី ស្រៀង សារ៉ាឃីម និង កីឡាការិនី អ៊ុក ស្រីមុំ ក្រោយពីពួកគេទាំង៤នាក់ បានឆ្លងកាត់ការធ្វើតេស្តិ៍សមត្ថភាពយ៉ាងសុក្រឹត្យ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។
ការប្រកួតលើកនេះ កម្ពុជាត្រៀមវិញ្ញាសាចំនួន៥ ដូចជា វិញ្ញាសាប្រកួត ១ទល់១ បុរស, វិញ្ញាសាប្រកួត ១ទល់១នារី, វិញ្ញាសាប្រកួតវាយគូបុរស, វិញ្ញាសាប្រកួតវាយគូនារី, និងវិញ្ញាសាប្រកួតម៉ិចបុរសនារី។ កីឡាករ កីឡាការិនីប៉េតង់កម្ពុជា រួមជាមួយប្រតិភូគ្រោងចេញដំណើរនៅថៃ្ងទី១០ ខែមីនា ឆ្នាំ២០១៧។
គួររំលឹកថា កាលពីឆ្នាំ២០១៦កន្លងទៅ កីឡាប៉េតង់កម្ពុជា ធ្លាប់ដណ្តើមបានជាច្រើនពីការប្រកួតពិភពលោក និងអាស៊ី ក្នុងនោះ មេដាយពិភពលោក ដណ្តើមបានដោយកីឡា សុខ ចាន់មាន កម្រិតអាស៊ីឆ្នេរខ្សាច់នៅដាណាំង ប្រទេសវៀតណាម ប៉េតង់ដណ្តើមបានមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់១ និងសំរឹទ្ធិ២គ្រឿង ការប្រកួតស៊ីប៉ានៅប្រទេសឡាវ ប៉េតង់ដណ្តើមបានមេដាយមាស៣គ្រឿង ការប្រកួតអាស៊ីនៅមីយ៉ាម៉ា ប៉េតង់ដណ្តើមបានមេដាយមាស១គ្រឿង និងសំរឹទ្ធិ៣គ្រឿង ៕ សារីម