ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Tigran Sargsyan ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការសេដ្ឋកិច្ចអ៊ឺរ៉ាស៊ី (Eurasia-អឺរ៉ុប-អាស៊ី) ជួបសំដែងការគួរសម និងពិភាក្សាការងារ។
កាលពីឆ្នាំ២០១៦ កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ហើយក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-រុស្ស៊ី ផងដែរ ដែលពេលនោះ សម្តេចតេជោ បានអញ្ជើញទស្សនៈកិច្ចនៅទីស្នាក់ការកណ្តាលរបស់ អង្គការសេដ្ឋកិច្ចអ៊ឺរ៉ាស៊ីនេះ។ នៅពេលនោះ សម្តេចតេជោ ក៏បានចុះកិច្ចព្រមព្រៀង ដើម្បីបើកច្រកពង្រីកសេដ្ឋកិច្ចកម្ពុជា ជាមួយអង្គការដ៏មានសារៈសំខាន់មួយនេះផងដែរ។
នៅក្នុងជំនួបពិភាក្សាសំខាន់ថ្ងៃនេះ គឺសម្តេចតេជោ បានផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍ជាមួយអង្គការសេដ្ឋកិច្ចអ៊ឺរ៉ាស៊ី តើត្រូវធ្វើយ៉ាងណាដើម្បីជម្រុញ ពង្រីកនិងពង្រឹងកិច្ចសហការលើវិស័យសេដ្ឋកិច្ចជាមួយគ្នាបាន?។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកបញ្ជាក់អំពីកិច្ចការមួយចំនួនដែលយើងអាចចាប់ផ្តើមធ្វើជាមួយគ្នាបាន ដើម្បីកសាងជំនឿទុកចិត្តរវាងកម្ពុជា និងអង្គការសេដ្ឋកិច្ចអ៊ឺរ៉ាស៊ីនេះ។ សម្តេចតេជោ បានលើកសំណូមពរសំខាន់ពីរចំណុចទៅអង្គការអឺរ៉ាស៊ី ទី១)ការការពារការវិនិយោគ និង ទី២)ការមិនយកពន្ធរួមគ្នា ចំពោះក្រុមហ៊ុនវិនិយោគ ដែលបណ្តាក់ទុននៅកម្ពុជាក្តី ឬនៅបណ្តាប្រទេសដែលជាសមាជិកនៃអង្គការសេដ្ឋកិច្ចអ៊ឺរ៉ាស៊ីនេះក្តី។ សម្តេចតេជោបានមានប្រសាសន៍ផងដែរថា កិច្ចសហប្រតិបត្តិការអាចធ្វើបានរវាងកម្ពុជា និងប្រទេសជាសមាជិកអឺរ៉ាស៊ី ឬរវាងកម្ពុជាជាមួយអង្គការសេដ្ឋកិច្ចអឺរ៉ាស៊ីតែម្តង។ ទិសដៅសំខាន់ធំចំបងបំផុតសម្រាប់ប្រទេសកម្ពុជា គឺចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងអង្គការសេដ្ឋកិច្ចតំបន់អ៊ឺរ៉ាស៊ីនេះ ដើម្បីបង្កើនការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារថ្មី និងដើម្បីប្រទេសសមាជិកអឺរ៉ាស៊ីមានឱកាសមកបណ្តាក់ទុននៅកម្ពុជា។
ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មកម្ពុជា ក៏នឹងត្រូវធ្វើការជាមួយគ្នាដើម្បីបង្កើនជំនឿវិនិយោគ។
លោក Tigran Sargsyan មានជំនឿខ្ពស់លើទំនាក់ទំនងរវាងអឺរ៉ាស៊ីជាមួយប្រទេសកម្ពុជា។ លោកនឹងនាំយកនូវសំណើររបស់សម្តេចតេជោ ដើម្បីពិភាក្សាជាមួយសមាជិកនៃអង្គការអឺរ៉ាស៊ីដើម្បីសម្រេច។ កិច្ចប្រជុំនៅរសៀលថ្ងៃនេះគឺបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលបំផុត៕