ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងកោះប្រជុំគណៈកម្មាធិការសន្តិសុខស្តីពីការធ្វើឃាត បងប្រុស គីម ជុងអ៊ុន

ចែករំលែក៖

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈថា មេដឹកនាំកូរ៉េខាងត្បូង លោក Hwang Kyoahn នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ បានកោះប្រជុំជាបន្ទាន់មួយនូវមន្ត្រីសន្តិសុខជាតិ ដើម្បីវាយតម្លៃពីការធ្វើឃាត លោក Kim Jong Nam ដែលជាបងប្រុស (ឪពុកតែមួយម្តាយផ្សេងគ្នា) ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។

គណៈកម្មាធិការសន្តិសុខជាតិកូរ៉េខាងត្បូងរួមមាន ទីព្រឹក្សាសន្តិសុខកិច្ចការបរទេស ។ អគ្គនាយកអង្គការចារកិច្ច ជាតិ NIS រដ្ឋមន្ត្រីការពារជាតិ, រដ្ឋមន្ត្រីឯកភាពជាតិ,រដ្ឋមន្ត្រីការបរទេស, ប្រធានការិយាល័យប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ។

នៅក្នុងកិ្ចចប្រជុំនោះ ផ្តោតសំខាន់ទៅលើការធ្វើឃាតលោកគីម ជុងណាម បងប្រុសគីម ជុងអ៊ុន ក៏ដូចជាវាយតម្លៃ ពីការឌឺដង របស់កូរ៉េខាងជើង ក្រោយបាញ់សាកក្បងកាំជ្រួចមីស៊ីល។ ការធ្វើឃាត លោកគីម ជុងណាម អាចធ្វើឲ្យស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េកាន់តែអាក្រក់ទៅៗ ។

ប្រភ័ពព័ត៌មានពីរដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា ក្រុមចារកិច្ចកូរ៉េខាងជើង គឺជាអ្នកនៅពីក្រោយការស្លាប់របស់មេដឹកនាំគីម ជុងណាម នៅប្រទេសម៉ាឡេស៊ី។

លោកគីម ជុងណាម បងប្រុសលោកគីម ជុងអ៊ុន បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ មានប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីពីរនាក់បានប្រើប្រាស់ម្ចុល មានជាតិពុលលួចចាក់សម្លាប់ ។ ក្រោយមកស្ត្រីទាំងពីរនាក់បានគេចខ្លួនបាត់តាមតាក់ស៊ី ពេលនេះ ប៉ូលិសម៉ាឡេស៊ីកំពុងតែតាមចាប់ខ្លួនស្ត្រីពីរនាក់ខាងលើ ។

ប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា លោកគីមជុងណាមត្រូវបានក្រុមចារកិច្ចកូរ៉េខាងជើងបំពុលស្លាប់ ។ នៅពេលនេះដែរប្រធានាធិបតីអាមេរិកដូណាលត្រាំមិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការខាងលើនៅឡើយ។

ពេលនេះ ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ពីការស្លាប់របស់បងប្រុសគីម ជុងអ៊ុន ។ ជនរងគ្រោះអាយុ៤៦ឆ្នាំ បានប្រើប្រាស់ លិខិតឆ្លងដែន មានឈ្មោះ Kim Chol មានសញ្ជាតិពីរ គឺកូរ៉េខាងជើង និងម៉ាឡេស៊ី ។ លោកគីម ជុងណាម មានគម្រោងទៅកាន់ម៉ាកៅ នៅថ្ងៃទី១៣ ខែកុម្ភៈ ប៉ុន្តែ ស្រាប់តែធ្លាក់ខ្លួនឈឺភ្លាមៗ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងកូឡាឡំពួរ ។

មន្ត្រីប៉ូលិសម៉ាឡេស៊ី លោក Fadzilបានបញ្ជាក់ថា ជងរងគ្រោះបាននិយាយនៅពេលដឹងខ្លួនថា «ដូចជាមានអ្នកណាម្នាក់ថត និងកាន់ក្បាលពីខាងក្រោយ រួចក៏វិលមុខភ្លាមៗ ទើបបញ្ជូនទៅកាន់បន្ទប់សេវាកម្មថ្នាំពេទ្យនៅអាកាសយានដ្ឋាន» ។ ក្រោយមក ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពកាន់តែធ្ងន់ រួចក៏ស្លាប់នៅលើយន្តហោះជួយសង្គ្រោះកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Putrajaya របស់ម៉ាឡេស៊ី។

មុនពេលស្លាប់លោកគីម ជុងណាម បាននិយាយប្រាប់បុគ្គលិកពេទ្យនៅលើរថយន្តថា លោកត្រូវគេប្រើប្រាស់ បំពង់បាញ់ជាតិគីមីទៅលើលោក ។ លោកគីម ជុងណាម ក៏មានអង្គរក្សការពារដែរ ប៉ុន្តែ មានការធ្វេសប្រហែស ដោយសារតែនៅក្នុងអាកាសយានដ្ឋាន។ កន្លងមក លោកគីម ជុងណាម ធ្លាប់រងការធ្វើឃាតមិនបានសម្រេចជាច្រើនលើក ។

កាលពីខែតុលា ឆ្នាំ២០១២ ចៅក្រមកូរ៉េខាងត្បូងបានឲ្យដឹងថា ពលរដ្ឋកូរ៉េខាងជើងម្នាក់ បានចាប់ខ្លួន ហើយសារភាពថា បានចូលរួមក្នុងគម្រោងធ្វើឃាត ដោយបង្កគ្រោះថ្នាក់រថយន្តនៅក្នុងប្រទេសចិនកាលពីឆ្នាំ២០១០ សំដៅលើលោកគីម ជុងណាម ៕ ម៉ែវ សាធី

ae (2)

Cameramen stand outside the morgue at Putrajaya hospital in Malaysia February 15, 2017. REUTERS/Edgar Su

ae (1)


ចែករំលែក៖