ភ្នំពេញ៖ យុវជន៣នាក់ ភ័យពេកក៏ជ្រុលចង្កូតម៉ូតូទៅបុករបងផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលអោយយុវជនម្នាក់ ដួលបោកក្បាលរបួសធ្ងន់ ខណៈដែលពួកគេជិះម៉ូតូរត់គេចពីក្រុមក្មេងស្ទាវមួយក្រុមបានជិះម៉ូតូ៤ គ្រឿងបានដេញវាយដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២២១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ មុនពេលកើតហេតុពួកគេមានគ្នា ៣នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FN- 9085 ឌុបគ្នាជិះដើរលេង ខណៈជិះមកម្តុំក្តាន់ពីរទៅជួបមិត្តភក្តិ ខណៈកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា១០នាក់ជាង ប្រដាប់ដោយដាវសាំម៉ូរៃផង បានជិះម៉ូតូដេញតាមពួកគេ ធ្វើអោយពួកគេ ភ័យពេក ក៏ព្យាយាមជិះម៉ូតូរត់គេចរហូតមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅខាងស្តាំដៃ បុករបងផ្ទះ ការ៉ាសឡាន លាន ហួរ ពេញទំហឹង បណ្តាលឲ្យដួល ហើយត្រូវក្រុមក្មេងស្ទាវនោះ បាននាំគ្នាចុះពីលើម៉ូតូ មកវាយបន្ថែមទៀត បណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់ សំណាងល្អយុវជន២នាក់ទៀតបាននាំគ្នារត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចល្បាតជិះមកដល់ តែ ក្រុមក្មេងស្ទាវខាងលើបាននាំគ្នាជិះគេចខ្លួនបាត់អស់ហើយមួយសន្ទុះក្រោយមក ក៏មានជនរងគ្រោះម្នាក់ បានជិះម៉ូតូមកជាមួយមិត្តភក្តិពីរនាក់ ហើយក៏បានអះអាងថា គេជាមិត្តភក្តិរបស់ជនរងគ្រោះ ហើយ គេក៏ជិះម៉ូតូជាមួយជនរងគ្រោះដែរ ភ្លាមៗនោះក៏មានរថយន្តសាមុយបានមកដល់ហើយ ក៏ដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យផងដែរ ចំណែកមិត្តភក្តិម្នាក់ទៀត មិនដឹងថា គេរត់ទៅណាទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅវិញ ៕ ស រស្មី