ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋានគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ បានសហការជាមួយនគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបក្ខពួកក្រុមចោរប្លន់អាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារថ្មីខេត្តកំពង់ចាមម្នាក់ទៀតជាស្ត្រី ដែលគេដឹងថាជាកំពូលចោរដុះស្លែជំនាញខាង(បុកទូ)បន្លំយកមាស ប្រាក់ ល្បីល្បាញ និងជាប់គុកមិនសូវបានយូរ។
សមត្ថកិច្ចបានឲ្យដឹងថា ចោរស្រីរូបនោះឈ្មោះ សុខ វណ្ណនី ហៅ ភិន អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះជួលមុខវត្តឈូកវ៉ា សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានរុះឮកថា កាលពីថ្ងៃទី១០ កុម្ភៈ ២០១៧ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង សហការជាមួយនគរបាលរាជធានីភ្នំពេញ នគរបាលខេត្តកំពង់ចាម និងនគរបាលខេត្តសៀមរាប បានចាប់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់អាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារថ្មី ខេត្តកំពង់ចាមបាន៣នាក់ និងដកហូតរថយន្តបាន២គ្រឿង ហើយសមត្ថកិច្ចនៅបន្តស្វែងរកចាប់ខ្លួនបក្ខពួក និងមេខ្លោងថែមទៀត។
ជនសង្ស័យ៣នាក់នោះមាន ទី១.ឈ្មោះ ពៅ សំអឿន ភេទប្រុស អាយុ៣៥ឆ្នាំ ទី២.ឈ្មោះ សុខ ស៊ីនួន ភេទប្រុស អាយុ៣៨ឆ្នាំ និងទី៣.ឈ្មោះ សុខ សំអឿន ហៅពីង ភេទប្រុស អាយុ៤៧ឆ្នាំ ពួកគេត្រូវបានបញ្ជូនទៅឲ្យសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី។លុះដល់ល្ងាចថ្ងៃទី១៤ កុម្ភៈនេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ ឧត្តមសេនីយទោ ង៉េង ជួរ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរៈសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ក្រុមចោរប្លន់ប្រដាប់អាវុធនោះបានម្នាក់ទៀតគឺនាង (ភិន) ជាមុខសញ្ញាចាស់ និងដុះស្លែជំនាញខាងបុកទូ លួចយកមាសប្រាក់ លុយកាក់ របស់អាជីវករនៅ រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនហើយល្បីល្បាញគ្រប់ទីកន្លែងអ្នកណាមិនស្គាល់នាង(ភិន) សូម្បីពន្ធនាគារក៏នាង(ភិន)យកធ្វើផ្ទះ តែជាប់មិនសូវបានយូរចេញមកវិញធ្វើសកម្មភាពបន្តទៀត ។
ឈ្មោះ សុខ វណ្ណនី ហៅ ភិន ក៏ជាសមាជិកក្រុមចូលរួមធ្វើសកម្មភាពប្លន់អាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារថ្មី ខេត្តកំពង់ចាមដែរ ជាមួយប្តីនាងឈ្មោះ ពៅ សំអឿន និងបានបន្តទៅបុកទូលួចលុយជាហូរហែនៅខេត្តកំពង់ធំទៀតទើបសមត្ថកិច្ចស្រាវជ្រាវដឹងតាមចាប់ទាល់តែបានដើម្បីបញ្ជូនទៅតុលាការ ៕ ប្រាថ្នា