ជនដៃដល់៣នាក់បានប្រើប្រាស់កាំបិតវាយប្រហារសម្លាប់មនុស្ស៥នាក់និង៥នាក់ ទៀតរងរបួសនៅតំបន់ស៊ីនជាំងស្ថិតនៅភាគខាងលិចប្រទេសចិន។
នៅក្នុងសេចក្តីប្រកាសដែលបានផ្សាយ នៅលើគេហទំព័រផ្លូវការរបស់ខេត្ត Hotan បានឲ្យដឹងថាហេតុការណ៍វាយប្រហារខាង លើកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ស្ថិត នៅស្រុក Pishan ខេត្តហូតាន់។ នៅពេលនេះស្ថានភាពសន្តិសុខល្អប្រសើរឡើងវិញហើយ។ កម្លាំងប៉ូលិសមិនទាន់ប្រកាសឲ្យដឹងពីមូលហេតុបណ្តាលឲ្យមានហេតុការណ៍ អាក្រក់ខាងលើនោះឡើយ។
ពលរដ្ឋរាប់រយនាក់បានស្លាប់ជារឿង រាល់ឆ្នាំពាក់ព័ន្ធនឹងអំពើហិង្សារវាងជនជាតិ អ៊ុយហ្គ័រនឹងជនជាតិហាននៅទីនោះ។
សារព័ត៌មាន China .org បានផ្សាយថា មានមនុស្សដល់ទៅ៨នាក់បានស្លាប់ក្នុងការ វាយប្រហារខាងលើ។ ជនដៃដល់ប្រើកាំបិត វាយប្រហារសម្លាប់មនុស្ស៥នាក់ និង៥ នាក់ទៀតរងរបួស។ ក្រុមជនដៃដល់៣នាក់ បានវាយប្រហារដោយកាំបិតទៅលើជន រងគ្រោះដោយមិនដឹងខ្លួនទើបបណ្តាលឲ្យស្លាប់ច្រើនបែបនេះ។ ចំណែកជនដៃដល់ទាំង៣នាក់ក៏ត្រូវបានប៉ូលិសបាញ់សម្លាប់ភ្លាមៗនៅនឹងកន្លែង។
នៅតំបន់ខាងលើតែងតែរងការវាយ ប្រហារកើតឡើងជាបន្តបន្ទាប់។ កាលពីថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក៏មានការបំផ្ទុះគ្រាប់ បែកសម្លាប់មនុស្សម្នាក់និង៣នាក់រងរបួស ចំណែកជនបង្កហេតុ៤នាក់ត្រូវប៉ូលិសបាញ់ សម្លាប់ផងដែរ៕ ម៉ែវ សាធី