ភ្នំពេញ៖ នគរបាលផ្នែកគ្រឿងញៀននៃខណ្ឌឫស្សីកែវបានឆ្មក់ចូលទីតាំងមួយកន្លែង ដែលមានបង្កប់ការលេងល្បែងហ្គេមបាញ់ត្រី ហើយឃាត់ខ្លួនមនុស្សប្រុស ស្រីជិត២០នាក់ រួមជាមួយនឹងថ្នាំញៀនប្រភេទក្រាមពណ៌សចំនួន៩កញ្ចប់ផងដែរ ។
ករណីខាងលើនេះបានធ្វើឡើង នៅវេលាម៉ោង៦និង៤៥នាទី ព្រលប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ការដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀននេះ ដឹកនាំដោយលោក ម៉ៅ ចាន់ធន នាយផ្នែកគ្រឿងញៀនខណ្ឌ ហើយវត្ថុតាង និងមនុស្ស ក៏បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានខិតខំស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ក្នុងនោះក៏មានករណីអសកម្ម ដោយការធ្វេសប្រហែស បណ្តាលឲ្យជនសង្ស័យគ្រឿងញៀនម្នាក់បានរត់គេចខ្លួន បន្ទាប់ពីដោះលែងជនសង្ស័យឲ្យបោះសំរាម ៕ អរុណរះ