ខេត្តសៀមរាប៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងដុះស្លែ ប្រុស ស្រីចំនួន២២នាក់ ក្នុងក្រុងសៀមរាប រួចនាំយកមកសួរនាំនៅការិយាល័យជំនាញ ។ ការចុះបង្រ្កាបនេះ បានធ្វើឡើងការពីររសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។
តាមសម្តីរបស់លោក វរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តបានប្រាប់នៅកន្លែងចាប់ល្បែងថា ជនសង្ស័យ ប្រុស ស្រី ទាំង២២នាក់នោះ ទី១/ ឃាត់ខ្លួនបានមនុស្ស១៣នាក់ ជាអ្នកភ្នាល់ល្បែងស៊ីសង (បញ្ជល់មាន់) ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប និង ទីតាំងទី២/ ឃាត់ខ្លួនបានមនុស្សប្រុស ស្រី រួមទាំងម្ចាស់ផ្ទះ ដែលកំពុងលេងបៀរមានចំនួន៩នាក់ ដែលមានទីតាំងស្ថិតនៅក្នុងផ្ទះ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំង២២នាក់ កំពុងស្ថិតនៅក្នុងការសួរនាំរបស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តនៅឡើយ ។ ចំពោះវត្ថុតាង ដកហូតបានពីជនសង្ស័យនោះមានមួយចំនួនធំ ។
សូមបញ្ជាក់ថា អ្នកញៀនល្បែងស៊ីសងខុសច្បាប់ (ជលមាន់ និងបៀរ) កំពុងហ៊ោ៊កញ្ជ្រៀវ សើចសប្បាយ ដល់ឃើញសមត្ថកិច្ចទៅព័ទ្ធចាប់ នាំគ្នាភ័យស្លន់ស្លោមិនដឹងរត់ទៅណារួច ឥឡូវអ្នកខ្លះអង្គុយសើច អ្នកខ្លះកំពុងអង្គុយយំនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ខណៈដែលសមត្ថកិច្ចទៅចាប់យកមកសួរនាំ ៕ ប៊ុន រិទ្ធី