ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទស្សនារំជួលចិត្តក្រោយទស្សនារឿង”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ”

ចែករំលែក៖

ភ្នំពេញ៖ ការចាក់បញ្ចាំងភាពយន្តខ្នាតធំរឿង”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ដែលថតដោយតារាសម្ដែង Angelina Jolie បានបញ្ចប់ដោយជោគជ័យនៅភ្នំពេញកាលពីរាត្រីថ្ងៃទី២១ ខែកុម្ភៈនេះ ។

អ្នកទស្សនាប្រមាណជាង៥ពាន់នាក់ បានរំជួលចិត្តអាណិតជីវិតរបស់ប្រជាជនខ្មែរ ពិសេសខ្សែជីវិតក្រុមគ្រួសារអ្នកស្រី លឿង អ៊ឹង ដែលរងទុក្ខនាសម័យរបបកម្ពុជាប្រជាធិបតេយ្យដែលត្រូវបានគេបង្ហាញក្នុងភាពយន្ត ។

មុនពេលធ្វើការចាក់បញ្ចាំងនៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កម្មវិធីបានរៀបចំឲ្យមានកម្មវិធីក្រុងពាលី និងការគោរពវិញ្ញាណខណ្ឌ នៅពីខាងក្រៅ ។ ក្រោយបញ្ចប់ការសម្តែងរបាំជូនពរ សន្ទរកថា ខ្លីរបស់អ្នកស្រី Angelina Jolie អ្នកស្រី លឿង អ៊ឹង អ្នកនាង ស្វែង សុជាតា ត្រូវបានធ្វើឡើង។ អ្នកស្រី Angelina Jolieថ្លែងថា “កម្ពុជាជាប្រទេសដែលខ្ញុំស្រលាញ់ ហើយខ្ញុំចាត់ទុកកម្ពុជាជាមាតុភូមិរបស់ខ្ញុំផងដែរ”។ ការប្រកាសចាក់បញ្ចាំងភាពយន្តជាមួយនឹងសំឡេងទះដៃកងរំពឹង។

រឿងចាប់ផ្តើមចាក់បញ្ចាំងអ្នកទស្សនាបានទស្សនាដោយស្ងប់ស្ងាត់ និងយកចិត្តទុកដាក់ដែលយូរម្តង គេលឺអ្នកទស្សនាជជែកគ្នាអំពីភាពប៉ិនប្រសប់ក្នុងការដឹកនាំការផលិត ហើយអ្នកទស្សនាចាប់ផ្តើមរំជួលចិត្តរហូតស្រក់ទឹកភ្នែកនៅក្នុងឈុតកម្សត់ជាច្រើន ស្តីពីដំណើរជីវិតរបស់ក្រុមគ្រួសារ លឿង អ៊ឹង ដែលរងការធ្វើទុក្ខបុកម្នេញពីរបបដ៏ខ្មៅងងឹត ។ ភាពកម្សត់ សោកសង្រេង ទុក្ខវេទនាខ្លោចផ្សាររបស់ប្រជាជនខ្មែរមួយផ្នែក ត្រូវបានភាពយន្តមួយនេះបង្ហាញរហូតអ្នកទស្សនាជាច្រើនស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ។

ភាពយន្តនេះបានធ្វើឲ្យកក្រើកអស់អ្នកមហាជនទាំងក្នុងនិងក្រៅស្រុក ។ រឿងរ៉ាវស្តីពីការចងចាំរបស់កុមារីម្នាក់ កាលពីអតីតបច្ចុប្បន្នជាសកម្មជនសិទ្ធិមនុស្សនៅអាមេរិក និងជាអ្នកនិពន្ធនៃរឿងនេះដែរ ឈ្មោះលឿង អ៊ឹងនោះ បានទាក់ទាញចំណាប់អារម្មណ៍សារព័ត៌មានក្នុង និងក្រៅស្រុកជាច្រើនធ្វើការចុះផ្សាយ ។ ដូចការសន្យារបស់ Angelina Jolie ថា នឹងចាក់បញ្ចាំងដំបូងគេនៅកម្ពុជា ដើម្បីឲ្យប្រជាជនខ្មែរបានទស្សនា នាងក៏នឹងបន្តរៀបចំឲ្យមានការចាក់បញ្ចាំងភាពយន្តនេះ នៅរាជធានីភ្នំពេញផងដែរ នៅរាត្រីថ្ងៃទី២១ ខែកុម្ភៈនេះ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិច ។ ភាពយន្តនេះ នឹងត្រូវបន្តយកទៅចាក់បញ្ចាំងនៅខេត្តបាប់ដំបងបន្តនៅថ្ងៃទី២៣ ខែកុម្ភៈ បន្ទាប់ពីចាក់បញ្ចាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ។ សំបុត្រមិនត្រូវបានលក់ទេ គឺនឹងអាចចូលទស្សនាសម្រាប់អ្នកដែលមានសំបុត្រអញ្ជើញជាផ្លូវការប៉ុណ្ណោះ ។

អ្នកស្រី Angelina Jolie បញ្ជាក់ថារឿង”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” មិនមែនធ្វើឡើងដើម្បីបង្ហាញប្រវត្តិសាស្រ្តអាក្រក់របស់ខ្មែរឡើយ តែអ្នកស្រីថា ការផលិតរឿងនេះ គឺជាការចងចាំ និងរំលឹកនៃការតស៊ូរើបំរាស់របស់ប្រជាពលរដ្ឋខ្មែរកាលសម័យនោះ ក៏ដូចជាភាពស្រស់ស្អាតនៃព្រះរាជាណាចក្រកម្ពុជា និងភាពប៉ិនប្រសប់នៃការសម្តែងរបស់ជនជាតិខ្មែរ ព្រមទាំងឧទ្ទិសវិញ្ញាណក្ខន្ឌដល់ជនរងគ្រោះកំឡុងរបបខ្មែរក្រហមនោះ ៕ វឌ្ឍនា

ae (3)

ae (2)

ae (4)

ae (1) ae ae (5)


ចែករំលែក៖