ព័ត៌មានទាន់ហេតុការណ៍៖

ករណីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីកាប់រានដីព្រៃសហគមន៍ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានបាន បញ្ជូនសំណុំរឿងប្តឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីដែលកាប់រានដីព្រៃសហគមន៍ទៅសាលាដំបូងខេត្តនេះរួច ហើយកាលពីថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០១៧ ។

មន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា សំណុំរឿងប្តឹងលោកយន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានបញ្ជូនទៅសាលាដំបូងហើយបន្ទាប់ពីគណៈកម្មការចម្រុះបានចុះពិនិត្យជាក់ស្តែងរកឃើញថា លោកយន់ សារ៉ោម ពិតជាបានរុករានឈូសឆាយដីព្រៃចំនួន២៣ហិកតាគ្មាន ការអនុញ្ញាតចាប់តាំងពីឆ្នាំ២០១៤ រហូត ដល់ឆ្នាំ២០១៧។

ប្រភពបានឲ្យដឹងទៀតថា មន្ទីរបរិស្ថាន បានរកឃើញថា លោកយន់ សារ៉ោម បានប្រព្រឹត្តល្មើសប្រឆាំងនឹងមាត្រា៦២នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រូវមានទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅដល់១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី១៥លានរៀលទៅ១៥០លានរៀល និងរឹបអូសវត្ថុតាងទុកជាសម្បត្តិរដ្ឋចំពោះបទល្មើសក្នុងតំបន់ការពារ ធម្មជាតិ ។

ជាមួយគ្នានេះដែរ មន្ទីរបរិស្ថានបាន សំណូមពរឲ្យលោកព្រះរាជអាជ្ញាអម អយ្យការខេត្តមណ្ឌលគិរីចាត់ការតាមនីតិវិធីឲ្យបានឆាប់បំផុត ។

សូមបញ្ជាក់ថា លោកយន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌល គិរី រងការចោទប្រកាន់ពីសហគមន៍ចំនួន២ នៅសង្កាត់ រមនា ក្រុងសែនមនោរម្យថា ដីព្រៃសហគមន៍ជាង១០០ហិកតា នៅភូមិ ស្រែអីុ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវលោកយន់ សារ៉ោម ប្រើអំណាចកាប់រុក រានទន្ទ្រានយកធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរំភើយគ្មានកោតញញើតច្បាប់ឡើយ បើទោះបីដីព្រៃនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានក៏ដោយ ។

បើតាមលោក សូ សុវិទ្យា ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តមណ្ឌលគិរីបាន ឲ្យដឹងថា លោកបានទទួលសំណុំ រឿងនេះ ហើយ ។ លោកព្រះរាជអាជ្ញារងបាន បញ្ជាក់ថា អយ្យការនឹងចាត់ការសំណុំ រឿងនេះក្នុងពេលឆាប់ៗខាងមុខនេះហើយ ។

សូមបញ្ជាក់ថា ជាមួយគ្នានេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានបញ្ជាឲ្យដកហូតដីព្រៃដែលលោកយន់ សារ៉ោមបានឈូសឆាយនោះមកទុកជា សម្បត្តិរដ្ឋវិញផងដែរ ៕ ហេង សូរិយា

 

ty


ចែករំលែក៖