ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ាន ប៉រ៉ាត ដាក់វិធានការក្តៅចំនួន៥ចំណុចឲ្យអគ្គនាយកដ្ឋានកីឡាអនុវត្ត

ចែករំលែក៖

 

ភ្នំពេញ៖ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវវិធានការធំៗចំនួន៥ចំណុច ដល់អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បន្តអនុវត្ត និងពង្រឹងសមត្ថភាព មន្ត្រីរាជការក្រោមចំណុះ និងសហព័ន្ធកីឡាជាតិទាំងអស់ ។ ការដាក់ចេញនូវផែនការក្តៅរបស់លោក ស៊ាន បូរ៉ាត ធ្វើឡើងក្នុងសិក្ខាសាលា បូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ ។

លោករដ្ឋលេខាធិការបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដូចជា ទី១-ជំរុញឲ្យអង្គសិក្ខាសាលាដាក់ប្រមូលធាតុចូល ដែលបានពិភាក្សាសម្រេចរយៈពេល២ថ្ងៃនោះ យកទៅដាក់ក្នុងសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ,ទី២-អគ្គនាយកដ្ឋានកីឡា ត្រូវធ្វើកិច្ចសន្យា ដើម្បីធ្វើប្រតិភូកម្មដល់សហព័ន្ធកីឡាជាតិ,ទី៣-សហព័ន្ធកីឡាជាតិ ត្រូវអនុវត្តតាមការណែនាំ និងកិច្ចសន្យា ទៅតាមផែនការដែលបានដាក់ចុះ,ទី៤-ការិយាល័យកីឡារាជធានី-ខេត្តត្រូវពង្រឹងមន្ត្រីក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងទី៥-ការិយាល័យរាជធានី-ខេត្តត្រូវលើកផែនការថវិកា ដាក់បញ្ជូលទៅក្នុងថវិការបស់មន្ទីររៀងៗខ្លួន។

ទន្ទឹមនឹងការដាក់ចេញនូវវិធានការខាងលើនេះដែរ អង្គសិក្ខាសាលាបានប្រមូលបានធាតុចូលជាច្រើន ដើម្បីត្រៀមដាក់បញ្ជូល ក្នុងសន្និបាតរបស់ក្រសួងអប់រំយុវជនកីឡា ។ ជាមួយគ្នានោះដែរ លោក អ៊ុក សិទ្ធី ជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានស្នើសុំឲ្យថ្នាក់ដឹកនាំក្រសួងជំរុញ និង បង្កើនលទ្ធភាពជួយដល់អគ្គនាយកដ្ឋានកីឡា ដែលជាសេនាធិការ ក្រសួងដើម្បីមានលទ្ធភាព ជំរុញ និងបង្កើនការបណ្តុះបណ្តាល បំប៉នមុខជំនាញដល់គ្រូបឋម និងគ្រូទទួលបន្ទុកកីឡានៅតាមសាលារៀន សហព័ន្ធកីឡាជាតិ ក្នុងការសហការបើកវគ្គបំប៉នជំនាញដល់មន្រ្តីដឹកនាំ គ្រូបង្វឹក អាជ្ញាកណ្តាលតាមប្រភេទកីឡាដែលមានប្រជាប្រិយភាព នូវតាមរាជធានី-ខេត្ត ព្រមទាំងជំរុញឲ្យបង្កើនល្បឿនក្នុងការងារជួសជុលកែលម្អ និងកសាងទីលានកម្រិតស្តង់ដានានា នៅតាមខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងជំរុញឱ្យមានសិក្ខាសាលារៀងរាល់ឆ្នាំនៅថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យលទ្ធភាព និងដោះស្រាយបញ្ហាប្រឈមនានា ឲ្យបានស៊ីជម្រៅ ៕ សារីម

ae (4) ae ae (1) ae (2) ae (3)


ចែករំលែក៖