បណ្តាញព័ត៌មាន ABC Newsបានផ្សាយថា ពលរដ្ឋបារាំងមួយចំនួន ស្នើឲ្យលោកអូបាម៉ា ចូលរួមប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតី នៅប្រទេសបារាំងនាពេលខាងមុខ ។
គេហទំព័រភាសាបារាំងមានឈ្មោះថា OBAMA17 បានផ្សាយថា «នៅពេលដែលពលរដ្ឋគាំទ្រក្រុមប្រឆាំងបានត្រៀមលក្ខណៈបោះឆ្នោតឲ្យបេក្ខភាពរបស់ខ្លួន យើងអាចបង្រៀនមេរៀនពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដឲ្យមនុស្សគ្រប់រូបបានដឹងនោះគឺ បោះឆ្នោតជ្រើសរើសជនបរទេស ដែលមិនមានសញ្ជាតិបារាំងឲ្យធ្វើជាប្រធានាធិបតីម្តង» ។ គេហទំព័រខាងលើបានបញ្ជាក់ថា លោក អូបាម៉ា គឺជាមនុស្សដែលមានប្រវត្តិល្អបំផុតលើពិភពលោកសម្រាប់មេដឹកនាំទាំងអស់ ។
សារព័ត៌មាន ABC News បានផ្សាយថា គេហទំព័រ OBAMA17 បានផ្ញើសំណើទៅកាន់ប្រធានាធិបតីអូបាម៉ា ឲ្យមកចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅបារាំង។ ក្រុម OBAMA17បានស្វែងរកស្នាមមេដៃ និងហត្ថលេខាប្រមាណ១លាននាក់ ទើបអាចស្នើបាន។ ប៉ុន្តែសកម្មភាពខាងលើមិនអាចទៅរួចឡើយ ដោយសាររដ្ឋធម្មនុញ្ញរបស់បារាំង បានបញ្ជាក់ថា បេក្ខភាពប្រធានាធិបតី ចាំបាច់ត្រូវតែជាជនជាតិបារាំង កើតនៅលើទឹកដីបារាំង។
អ្នកនាំពាក្យគេហទំព័រ OBAMA17 បាននិយាយទៅកាន់បណ្តាញព័ត៌មាន ABC News ថា «យើងបានចាប់ផ្តើមស្រមៃពីទស្សនៈខាងលើ ចាប់តាំងពីលោកអូបាម៉ា បញ្ចប់អាណត្តិដឹកនាំអាមេរិកមក ។ ខ្ញុំគិតថា បើអាចទៅរួច អូបាម៉ា នឹងជួយដល់ប្រទេសរបស់យើង ឈានទៅរកអនាគតដ៏ភ្លឺស្វាង។
OBAMA17 បានបញ្ជាក់ថា «ខ្ញុំគិតថា បើទោះជាអាច ឬមិនអាចទៅរួច បើទោះបីគាត់ជាជនជាតិបារាំង ឬជនបរទេស យើងចាំបាច់ត្រូវតែធ្វើឲ្យនេះដូចជាការពិតដើម្បីផ្តល់ក្តីសង្ឃឹមដល់បារាំង» ។
ក្រុមខាងលើបានលើកឡើងបែបនេះ ដោយសារតែមិនមានបេក្ខភាពណាមួយនៅក្នុងប្រទេសបារាំង ដែលមានទស្សនៈនយោបាយ ធ្វើឲ្យពួកគាត់មានសង្ឃឹម អាចដឹកនាំប្រទេសជាតិ រីកចំរើននៅពេលខាងមុខ ៕ ម៉ែវ សាធី