ព័ត៌មានទាន់ហេតុការណ៍៖

អតីតឧកញ៉ា លោក ថោង សារ៉ាត់ បន្តគេចវេះមិនចូលសវនាការករណីបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ

ចែករំលែក៖

ភ្នំពេញ៖អតីតមានងារជាឧកញ៉ានិងជាម្ចាស់បុរី៩៩៩ លោក ថោង សារ៉ាត់ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ បន្តគេចវេះមិនចូលសវនាការ ករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែលតុលាការបានចោទប្រកាន់លោកថោង សារ៉ាត់ ជាមេខ្លោង ។

សំណុំរឿងក្តីនេះ បានអូសបន្លាយរយៈពេលជិត៣ឆ្នាំហើយ ពន្លឺយុត្តិធម៌សម្រាប់ក្រុមគ្រួសារជនរងគ្រោះនៅពុំទាន់មាននៅឡើយ ។

អនុរក្សពន្ធនាគារព្រៃស បញ្ជាក់ថា លោក ថោង សារ៉ាត់ មានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ។ ប៉ុន្តែប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបថា លោក ថោង សារ៉ាត់ យកលេសមានជំងឺ គេចវេះមិនចូលសវនាការ និង អាចរស់នៅជាធម្មតាក្នុងមន្ទីរពេទ្យ ដែលគេចាត់ទុកថា ជាអ្នកទោស កាលីប ។

សវនាការនេះ ដឹកនាំដោយមានលោក តុប ឈុនហេង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ ។

គួរបញ្ជាក់ថា លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ និង ២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ៕ ចេស្តា

Neat 2


ចែករំលែក៖