ព័ត៌មានទាន់ហេតុការណ៍៖

ក្របួចក្រុមចោរប្លន់ និងឆក់ទូរស័ព្ទក្រើករាជធានី២នាក់ បញ្ជូនទៅតុលការ

ចែករំលែក៖

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម និងប្រើអាវុធបាញ់ប្លន់យកម៉ូតូ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។

មន្រី្តកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីប៉ុនប៉ងឃាតកម្ម មួយកើតឡើង នៅម្តុំសាលាអាឡឺយ៉ង់ ស្ថិតក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ បង្កឡើងដោយជនសង្ស័យពីរនាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ បានដកកាំភ្លើង បាញ់ចំនួន២គ្រាប់ ទៅលើជនរងគ្រោះ ចំនួន៥នាក់ បណ្តាលឲ្យរបួសម្នាក់ ចំគូថចំហៀងខាងស្តាំ បៀមគ្រាប់។ បន្ទាប់មកជនសង្ស័យ បានគេចខ្លួនបាត់ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យភ្លាមៗ ។រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះជាពីរបួស ទើបមកដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីហើយមកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបកម្លាំងអាវុធហត្ថ ខណ្ឌចំការមន សហការជាមួយកម្លាំងជំនាញ នៃការិយាល័យបទល្មើស ព្រហ្មទណ្ឌអាវុធហត្ថ រាជធានីភ្នំពេញស្រាវជ្រាវដឹង បានឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ នៅម្តុំសួនច្បារវិមានឯករាជ្យ មុខវត្តលង្កា សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

ប្រភពដដែលបានឲ្យដឹងទៀតថា តាមការស្រាវជ្រាវ របស់សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាព របស់ជនសង្ស័យ បានឲ្យដឹងថា ពួកគេទាំងពីរនាក់ មានឈ្មោះ នូ ឧត្តម ហៅចូក អាយុ១៧ឆ្នាំ និងឈ្មោះ ម៉ែន វីរៈ ហៅ ពេជ្រ អាយុ២៤ឆ្នាំ គឺជាបក្ខពួកនឹងគ្នា។ រយៈកាលកន្លងមក ពួកគេទាំងពីរនាក់ធ្លាប់ធ្វើសកម្មភាព បាញ់ប្លន់យកម៉ូតូ និងឆក់សម្ភារៈ តាមដងផ្លូវ ចំនួន៤លើករួចមកហើយ ដោយប្រើប្រាស់មធ្យាបាយ ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌មាស ស្លាកលេខ ភ្នំពេញ 1GI-1470 និងប្រដាប់ដោយអាវុធខ្លី១ដើម ម៉ាកកា៥៤ មួយដើមផង ។ ពេលធ្វើសកម្មភាពម្តងៗ ឈ្មោះ ម៉ែន វីរៈ ហៅ ពេជ្រ ជាអ្នកឌុប ហើយឈ្មោះ នូ ឧត្តម ហៅ ចូក ជាអ្នកកាន់អាវុធ អង្គុយពីក្រោយចាំបាញ់ប្លន់ យកម៉ូតូពីជនរងគ្រោះតែម្តង ។

ជនសង្ស័យទាំងពីរបានសារភាពថា សកម្មភាពលើកទី១ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្លន់នៅម្តុំសាលាអាឡឺយ៉ង់ ដោយបាញ់ចំនួន២គ្រាប់ ត្រូវគូទជនរងគ្រោះ១គ្រាប់ និង១គ្រាប់ទៀតមិនផ្ទុះ យកបានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១១០( សង់ប៊ិច) ។សកម្មភាពលើកទី២ (មិនចាំថ្ងៃខែ) ប្លន់នៅចំណុច ម្តុំផ្លូវភ្លោះរអូរឫស្សី ដោយបាញ់គំរាភ្ញច់ដី១គ្រាប់ យកបានម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីកពណ៌ស ពីជនរងគ្រោះម្នាក់ជាស្ត្រី ។ លើកទី៣ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ប្លន់យកម៉ូតូ១គ្រឿង ពីស្ត្រីម្នាក់ នៅចំណុចម្ដុំក្ដាន់២ខណ្ឌ៧មករា (តែមិនបានសម្រេច) ដោយសារមានប្រជាពលរដ្ឋច្រើន។ សកម្មភាពលើកទី៤ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៧នេះដែរ ឆក់បានទូរស័ព្ទដៃ១គ្រឿង ពីជនរងគ្រោះម្នាក់ជាស្ត្រីនៅម្តុំផ្សារអូរឬស្សី។

សមត្ថកិច្ចបានឲ្យដឹងថា ដោយសង្កេតឃើញ ករណីខ្លះជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹង ធ្វើឲ្យសមត្ថកិច្ចខ្វះព័ត៌មានជាក់លាក់ ដើម្បីបំបែកបទល្មើស ដូចនេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទូទៅ សូមចូលរួមសហការ ផ្តល់ព័ត៌មានពាក់ព័ន្ធបទល្មើស គ្រប់ប្រភេទដល់សមត្ថកិច្ច ដើម្បីជាប្រយោជន៍ ឈានដល់ការកំណត់មុខសញ្ញា និងបង្ក្រាបជនល្មើសទាំងនោះជាបន្តទៀត ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ ប្រាថ្នា

2 Untitled-1


ចែករំលែក៖