ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ ៤នាក់ របួស ៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ៥លើក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សប្រុសចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ និងក្មេងចាស់ចំនួន ៤នាក់ផ្សេងទៀតបានរងរបួសស្រាលធ្ងន់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ៥លើកផ្សេងៗគ្នា នៅខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាល ស្រុកវាលវែងបានឲ្យដឹងថា កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បង្កឡើងដោយរថយន្តម៉ាក កាមរី ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2J 0134 បើកបរដោយឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះទៅដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក សង់កូរ៉េ ពណ៏ក្រហម គ្មានស្លាកលេខ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ សុិន ឡេង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង (រងរបួសធ្ងន់) ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកវត្ថុតាងម៉ូតូ និងរថយន្តយកទៅរក្សាទុកនៅអធិការនគរបាលស្រុកវាស់វែង រងចាំធ្វើការវាសវែងដោះស្រាយគ្នាជាក្រោយ។

ចំណែកប្រភពព័ត៌មានផ្នែកនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការ ដ្ឋាននគរបាលស្រុកបាកានឯនេះវិញក៍បាតនឲ្យដឹងដែរថា នៅវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីម៉ែត្រលេខ ២១៥-២១៦ ស្ថិតក្នុងភូមិ-ឃុំអូរតាប៉ោង ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកដែរ ដោយរថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿងម៉ាក គា ពណ៏សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3B 6432 (អ្នកបើកបររត់គេចខ្លួន) ជារបស់ក្រុមហ៊ុន (រិទ្ធមុន្នី) ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកក្មេងឈ្មោះ រឿន តុង ភេទប្រុស អាយុ ៨ឆ្នាំ ជនជាតិខ្មែរ ក្មេងកំព្រាឪពុកម្តាយ បច្ចុប្បន្នរស់នៅជាមួយឈ្មោះ សល់ សេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ខណៈដែលក្មេងកំពុងដើរលើចិញ្ចើមផ្លូវ ក្នុងទិសដៅបញ្រ្ចាដគ្នា(លិចទៅកើត) បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ចំណែកវត្ថុតាងរថយន្តបង្កយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង។

ដោយឡែកប្រភពព័ត៌មានផ្នែកនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញក៍បានឲ្យដឹងទៀតដែរថា នៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែ-ឆ្នាំដដែលនេះ នៅចំណុចក្បែវត្តរវៀង ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកថែមទៀត ដោយគោយន្តកន្រ្តៃដឹងឈើក្រាកបើកចុះចំណតចំរាលភ្នំ ចាប់ហ្វ្រាងមិនសុីក៍ក្រឡាប់ច្រើនត្រឡប់បោកផ្ទប់ស្លាប់អ្នកបើកបរម្នាក់ឈ្មោះ ជា រៀម ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកោះជុំ ស្រុកកណ្ដៀង ចំណែកអ្នករួមដំណើរជិះលើគោយន្តចំនួន ២នាក់ទៀត បានលោតចុះទាន់ពេលគ្រាន់តែដាច់រលាត់ដៃជើងរងរបួសស្រាលប៉ុណ្ណោះ។

ប្រភពព័ត៌មានពីផ្នែកនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាន នគរបាលស្រុកក្រគរក៍បានប្រាប់ដែរទៀតថា លុះនៅវេលាម៉ោង១០ និង១៥យប់ ថ្ងៃ.ខែ.ឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីម៉ែត្រលេខ ១៧៦-១៧៧ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍បន្ថែម ១ទៀត បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក(បើកគេចបាត់)ធ្វើដើរក្នុងទិសដៅពីកើតទៅលិច លុះទៅដល់ចំណុចខាងលើបានកៀរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1E 5066 ឌុបគ្នាចំនួន ៣នាក់ ខណៈដែលកំពុងធ្វើដំណើរច្រាសទិសគ្នា(លិចទៅកើត) បណ្ដាលឲ្យដួលម៉ូតូបោកផ្ទប់ទៅនឹងថ្នល់ស្លាប់ចំនួន ២នាក់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់។ ជនរងគ្រោះទី១ ឈ្មោះ សុខ សាវីន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ (អ្នកបើកម៉ូតូស្លាប់) ទី២ ឈ្មោះ សុខ សាវឿន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ(រួមដំណើរស្លាប់) និងទី៣ ឈ្មោះ ស្រស ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ(រួមដំណើររបួសធ្ងន់)។ ជនរងគ្រោះទាំងបី បច្ចុប្បន្នរស់នៅភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ជាមួយគ្នា ម៉ូតូ និងសាកសពសមត្តកិច្វប្រគល់ឲ្យក្រុមគ្រួសារចាត់ចែង។

ចំណែកប្រភពព័ត៌មានពីផ្នែកនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងទៀតថា នៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែលនេះ នៅលើកំណាត់ផ្លូវលំ ស្ថិតនៅក្នុងភូមិអង្កាញ់ ឃុំមេទឹក ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀត បង្កឡើងដោយបុរសម្នាក់ឈ្មោះ នូវ ណាង អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ បើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ស គ្មានស្លាកលេខ បានបើកបរក្នុងស្ថានភាពស្រវឹងលឿន ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះទៅដល់ចំណុចកើតហេតុ ក៍ធ្លាក់ជង្ហុកបណ្ដាលឲ្យហោះទៅដួលបោកក្បាលប្រកាច់ចូលទឹកស្លាប់ភ្លាម ម៉ូតូ និងសាកសពប្រគល់ឲ្យក្រុមគ្រួសារ៕ ប៉ឹម ពិន

IMG-20170226-WA0031 IMG-20170226-WA0029 IMG-20170226-WA0028 IMG-20170226-WA0026 IMG-20170226-WA0025 IMG-20170226-WA0024 IMG-20170226-WA0022


ចែករំលែក៖