ខេត្តកណ្តាលៈ បុរសម្នាក់ផឹកស្រាស្រវឹងខឹងប្រពន្ធពូកែប្តឹងសមត្ថកិច្ច ក៏វាយបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡេង ជ្រុញ ភេទ ប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រីឯស្ត្រីរងគ្រោះឈ្មោះ ង៉ូវ ប៉ិច អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យ និងស្ត្រីរងគ្រោះជាប្តីប្រពន្ធនឹងគ្នាមានទីលំនៅពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ។
ប្រភពដដែលបានបន្តថា ជនសង្ស័យជាមនុស្សញៀនស្រាតែងតែផឹកស្រាវឹងស្ទើររាល់ថ្ងៃ ។ ពេលស្រវឹងស្រាម្តងៗជនសង្ស័យតែងតែរករឿងឈ្លោះប្រកែក និងវាយដំលើរាងកាយស្ត្រីជាប្រពន្ធ រហូតធ្វើឲ្យស្ត្រីជាប្រពន្ធអត់ទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាប្តីធ្វើការអប់រំ និងធ្វើកិច្ចសន្យាជាបន្តបន្ទាប់ចំនួន២លើក ។
ដោយសារតែខឹងទៅលើស្ត្រីជាប្រពន្ធឧស្សាហ៏ប្តឹងសមត្ថកិច្ច នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ គ្រាដែលជនសង្ស័យផឹកស្រាស្រវឹងក៏រករឿងវាយទៅលើស្ត្រីជាប្រពន្ធបន្តទៀត ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ